វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៣ នេះថា ប្រធានសេតវិមាន អាមេរិកលោក ដេនីស ម៉ាដូណាស បានបញ្ជាក់អំពីជំហរ របស់អាមេរិក ដោយថាខ្លួននឹង មិនលូកដៃ ចូលសង្គ្រាមស៊ីរី លឿនពេក ដូចកាលពីអតីតកាល នៅក្នុងតំបន់នេះទេ។
នៅក្នុងកម្មវិធី “ក្តីប្រឈមមុខរបស់ជាតិ” របស់ទូរទស្សន៍ CBS លោក ដេនីស បានលើកឡើង ថា “យើងត្រូវតែ មានការវិនិច្ឆ័យល្អ ថាតើអ្វីដែលជាផលប្រយោជន៍របស់យើង ព្រមទាំង លទ្ធផល ដែលប្រសើរបំផុតសម្រាប់ យើងទាំងអស់គ្នា និង អ្វីដែលយើងត្រូវចំណាយសម្រាប់ កិច្ចការទាំងឡាយនាពេលខាងមុខនោះ។”
ប្រធានសេតវិមានរូបនោះបានបន្តទៀតថា “យើងបានប្រញាប់លូកដៃចូលសង្គ្រាមក្នុងតំបន់ នេះកាលពី អតីតកាល ហេតុដូច្នេះហើយយើងនឹងមិនធ្វើដូចមុនទៀតទេពេលនេះ។” ការលើក ឡើងបែបនេះដែរ គឺអាមេរិក ចង់សំដៅទៅលើការឈ្លានពានប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ ២០០៣ ដែលត្រូវបានមតិភាគច្រើន ចាត់ទុកថាជាទង្វើ ខុសឆ្គង ដែលបានផ្តល់ផលវិបាកដល់អាមេរិក និង ប្រទេសអ៊ីរ៉ាក់ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ត្រូវបានគ្របដណ្តប់ ដោយ ភាពក្តៅ គគុកនៃអំពើហិង្សាក្នុងប្រទេសស៊ីរី ហើយថ្មីៗនេះខ្លួនបានសម្រេចចេញសេចក្តី ថ្លែងការចុងក្រោយមួយ បន្ទាប់ ពីការស៊ើបអង្កេតរកថាតើអ្នកណាជាអ្នកប្រើប្រាស់អាវុធគីមី ពិតប្រាកដនៅក្នុងប្រទេសស៊ីរីនោះ។ ការរកឃើញ ថារដ្ឋាភិបាលស៊ីរី ជាអ្នកប្រើប្រាស់អាវុធគីមី នោះ នឹងបើកផ្លូវឲ្យអាមេរិកបន្ថែមទៀត ក្នុងការជួយគាំទ្រក្រុម ប្រឆាំង ដើម្បីបន្តយុទ្ធនាការ ផ្តួលរំលំរបបដឹកនាំរបស់លោកប្រធានាធិបតី បាហ្សា អាល់ អាស្សាដ៕