ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទទី២៦សីហានេះមានកម្មករកម្មការនីរោងចក្រអេសអិល១និងអេសលិល២( SL1&SL2 )ប្រមាណជា២០០០នាក់ បាននាំគ្នាធ្វើបាតុកម្មបិទផ្លូវត្រង់ចំណុចផ្លូវបំបែកជាបួនអតីតៈគល់ស្ពានដែកចំការដូងក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញដើម្បីទាមទារនូវលក្ខខណ្ឌមួយចំនួនសម្រាប់ពួកគាត់។
ការធ្វើបាតុកម្មរបស់កម្មករ កម្មការនីនេះ បណ្តាលឲ្យមានការស្ទះចរាចរតាំងពីម៉ោង១០ព្រឹករហូតដល់ម៉ោងជាង៣រសៀល ទើបពួកគាត់នាំគ្នាបើកឲ្យធ្វើចរាចរជាធម្មតាវិញ។
តំណាងកម្មករលោក លី សុខឃាង បានឲ្យដឹងថាពួកគាត់នាំគ្នាធ្វើបាតុកម្មនេះគឺទាមទារឲ្យភាគីរោងចក្រគោរពនូវលក្ខខណ្ឌការងារចំនួន១១ចំណុចដែលរោងចក្រមិនអនុវត្តតាមកន្លងមក គឺស្នើឲ្យមានការបែងចែកវេនធ្វើការជាធម្មតាឡើងវិញ ស្នើឲ្យភាគីរោងចក្រSL1&SL2 ដកកម្លាំងសមត្ថកិច្ចចេញពីក្រុមហ៊ុន ដកលោក មាស សុខា
ចេញពីក្រុមហ៊ុន ដោយគោរពតាមកិច្ចព្រមព្រៀងដែលបាននិយាយគ្នាកាលពីថ្ងៃទី១៣ សីហាកន្លងទៅ នៅមានលក្ខខណ្ឌមួយចំនួនទៀតដែលពួកគាត់ទាមទារឲ្យភាគីរោងចក្រទាំងពីគោរពតាមលក្ខខណ្ឌការងារ៕