ឥឡូវនេះយើងសូមទាញអារម្មណ៍មិត្តអ្នកអានធ្វើការតាមដានជាមួយផែនការទី១ របស់លោក ទេសាភិបាលជាន់ខ្ពស់ ហ្ស័កហ្គោជេ វិញម្តង។ លោក ហ្គោជេ បានយាងព្រះមហាក្សត្រនរោត្តមសីហនុ ទៅកាន់តំបន់ជនបទដាច់ស្រយាល ដែលពីមុនមកមិនធ្លាប់មានព្រះមហាក្សត្រណាយាងទៅដល់ ដើម្បី ឲ្យប្រជារាស្ត្រកាន់តែស្គាល់ព្រះអង្គផ្ទាល់កាន់តែច្រើនថែមទៀត។ ព្រះអង្គត្រូវយាងតាមឡាន កាណូត រទេះគោ សេះនិងដំរី កាត់ព្រៃភ្នំ ដងស្ទឹងទន្លេ ដោយមានលោក ហ្គោជេ តាមដង្ហែព្រះអង្គតាមឡាននិង កាណូតផងដែរ។
ក្រៅពីមន្ត្រីយោធានិងស៊ីវិលខ្មែរ ក៏មានបារាំងមួយក្រុមតូចដឹកនាំដោយលោក ហ្គាស្ត្រុង បារ៉ូត និងលោក ប៊យ សុន ជាអង្គរក្សផ្ទាល់របស់ព្រះអង្គ និងលោកហ្គាហ្សាដាំង ជានាយកសេវាព័ត៌មាន ព្រម ទាំងលោកវេជ្ជបណ្ឌិត រីស្ហ ជាគ្រូពេទ្យផ្ទាល់របស់ព្រះអង្គ។ លើសពីនេះទៅទៀត ក៏មានវត្តមានពួក ទេសាភិបាលបារាំង និងពួកមន្ត្រីខ្មែរប្រចាំខេត្ត ដែលព្រះអង្គត្រូវយាងឆ្លងកាត់ទៀតផង។
លោកហ្គោជេ បានរៀបចំកម្មវិធីឲ្យព្រះអង្គយាងទស្សនាចរតាមជួរភ្នំក្រវាញ ប៉ែកខាងលិច ប្រទេស ដែលមិនសូវមានមនុស្សចូលទៅដល់។ នៅតំបន់ព្រៃស្រោង ដែលប្រកបដោយគ្រោះថ្នាក់នេះ ព្រះអង្គយាងកាត់ព្រៃភ្នំជ្រោះជ្រងជ្រលងដងអូរប្រៀបដូចជាស្តេចសម័យអង្គរដែរ ព្រោះព្រះអង្គត្រូវជិះ រទេះគោ សេះនិងដំរី ហើយយានជំនិះបែបនេះត្រូវលោកប៊យ សុន និងលោក រីស្ហ ប្រកែកមិនព្រមឡើងជិះ ដោយសុខចិត្តដើរវិញប្រសើរជាង។
នៅតាមភូមិប្រជារាស្ត្រដែលតាំងនៅតំបន់ព្រៃភ្នំជ្រលងដងអូរនោះ ព្រះអង្គបានចែកព្រះរាជ អំណោយជាអំបិល អង្ករ សម្លៀកបំពាក់ ថ្នាំពេទ្យ ដល់ប្រជារាស្ត្រជាកូនចៅ ហើយកូនចៅដែលមាន ជីវភាពលំបាកតោកយ៉ាកទាំងនោះ ក៏បាននាំគ្នាមកចោមរោមថ្វាយបង្គំប្រសិទ្ធពរថ្វាយដល់ព្រះអង្គនិង នាំយកនូវផ្លៃឈើព្រៃផ្សេងៗមកថ្វាយព្រះអង្គផងដែរ។ ព្រះអង្គបានយាងចេញដំណើរពីខេត្តពោធិ៍សាត់ កាត់តាមជួរភ្នំក្រវាញ ទៅបញ្ចប់ព្រះរាជដំណើរនៅខេត្តកោះកុង ដែលស្ថិតនៅដាច់មាត់សមុទ្រ។ បន្ទាប់ មក ព្រះអង្គត្រូវយាងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងប្រទេសឡាវជាបន្តទៀត។ ពេល យាងទៅដល់ទឹកដីកម្ពុជាក្រោម ព្រះអង្គបានប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយបងប្អូនខ្មែរដ៏ច្រើន សន្ធឹកសន្ធាប់ដែលពីមុនជាម្ចាស់ទឹកដីដ៏មានជីជាតិនៅទីនោះ។
ការទទួលស្វាគមន៍ដ៏ស្មោះស្ម័គ្ររបស់បងប្អូនខ្មែរកម្ពុជាក្រោម ធ្វើឲ្យព្រះអង្គមានការរំភើបព្រះ ទ័យក្រៃលែង។ បងប្អូនខ្មែរកម្ពុជាក្រោមដែលមានវ័យចាស់ៗ បាននាំគ្នាមកឱបរឹតព្រះអង្គយ៉ាងច្រើន កុះករ ហាក់ដូចជាមិនចង់ឲ្យព្រះអង្គយាងចាកចេញពីពួកគេ។ លោកហូ ហ្វែល ជាទេសាភិបាលបារាំង ដែលចេះភាសាខ្មែរយ៉ាងស្ទាត់ បានបង្ខំចិត្តទៅច្រានបំបែកពួកគេឲ្យចេញឆ្ងាយពីព្រះអង្គ ដើម្បីយាងបន្ត ដំណើរទៅមុខទៀត។
នៅអណ្ណាមនិងវ៉េ ព្រះមហាក្សត្រខ្មែរ បានទទួលការស្វាគមន៍យ៉ាងរាក់ទាក់និងកក់ក្តៅបំផុត ពី សំណាក់ព្រះចៅបៅដាយ ជាព្រះមហាក្សត្រវៀតណាម និងព្រះមហេសី ណាំ ផួង និងបានរៀបចំពិធី ជប់លៀងមួយយ៉ាងឱឡារិក ថ្វាយជាព្រះរាជកិត្តិយសទៀតផង។ ពេលទៅដល់ទីក្រុងតុងកឹង ព្រះអង្គ បានយាងទស្សនាទីក្រុងនេះ ដោយជិះរថយន្តបើកដំបូល ដោយមានកងទាហានកិត្តិយសជិះសេះ ឯកសណ្ឋានពណ៌ក្រហមនិងសប្រដាប់ដោយដាវនៅក្នុងស្រោមអមឡាននោះផង។
នៅល្ងាចថ្ងៃបំពេញទស្សនកិច្ចនៅទីក្រុងតុងកឹងនោះ ឧត្តមនាវី ហ្សង់ដឺគូ អគ្គទេសាភិបាល បារាំងប្រចាំឥណ្ឌូចិន ក៏បានរៀបចំពិធីស្វាគមន៍និងពិធីជប់លៀងមួយយ៉ាងមហោឡារិក នៅក្នុងសួន ឧទ្យានដោយមានប្រទីប ជ្វាលា ព្រោងព្រាត និងមានការសម្តែងរបាំអូប៉េរ៉ាកំដរទៀតផង។ ពេលយាង ទៅដល់ទីក្រុងហាណូយ ព្រះអង្គបានយាងទៅទស្សនាកំពង់ផែហៃហ្វុង និងការដ្ឋានធ្យូងថ្មនៅ កាំហ្វាហុងហៃ រួចហើយបន្តព្រះរាជដំណើរទៅដល់ភាគខាងជើងនៃប្រទេសឡាវ។
ព្រះអង្គបានយាងទៅដល់តំបន់វាលក្រឡដ៏ល្បីល្បាញ និងបានជួបពួកកុលសម្ព័ន្ធ ឌៀន បៀនភូ សាំនឿ និងផុងសាលី ដែលនៅក្នុងឆ្នាំ១៩៥៤ បានក្លាយទៅជាតំបន់ប្រវត្តិសាស្ត្រនៃសង្គ្រាមបង្ហូរឈាម ដ៏សាហាវឃោរឃៅបំផុត រវាងកងទ័ពវៀតណាមនិងបារាំង។ យាងមកដល់ហ្លូងព្រះបាង ព្រះអង្គបាន យាងចូលគាល់ និងសម្តែងការអរគុណព្រះមហាក្សត្រឡាវ គឺព្រះបាទសុក សាវ៉ាងវង្ស និងព្រះរាជ ទាយាទស្រីសាវ៉ាងវឌ្ឍនា ជាបញ្ញវ័ន្តដ៏ល្បី និងអ្នកទទួលភ្ញៀវដ៏ល្អឥតខ្ចោះរបស់ប្រទេសឡាវ។ ព្រះបាទ សុក សាវ៉ាងវង្ស និងស្រីសាវ៉ាងវឌ្ឍនានេះហើយ ដែលបានយាងជាភ្ញៀវកិត្តិយសនៅក្នុងពិធីអភិសេក ឡើងសោយរាជសម្បត្តិរបស់សម្តេចព្រះនរោត្តមសីហនុ កាលពីខែតុលាឆ្នាំ១៩៤១នោះ។
ព្រះអង្គបានយាងទស្សនាព្រះបរមរាជវាំងនៅហ្លួងព្រះបាង និងបានសម្តែងការកោតស្ងប់ស្ងែងពី ក្បូរក្បាច់រចនានៃព្រះបរមរាជវាំងនោះ ដែលបានរំលេចឡើងដោយរចនាបថប្រពៃណីឡាវ ដែល ស្រដៀងគ្នានឹងរចនាបថខ្មែរដែរនោះ។ ព្រះអង្គក៏សព្វព្រះទ័យនឹងរបាំឡាវ ដែលមិនខុសគ្នានឹងរបាំ បុរាណខ្មែរប៉ុន្មាននោះទេ។ យុវតីឡាវដែលចូលចិត្តតុបតែងលម្អកាយដោយយកផ្កាមកសៀតនៅត្រង់ ត្រចៀក និងមានសម្រស់ស្រស់ស្អាត រាងតូចទ្រនាប់ និងទន់ភ្លន់នោះ បាននាំគ្នាញញឹមដាក់ព្រះអង្គ ដោយភាពអៀនប្រៀនដៀងកន្ទុយភ្នែក លួចសម្លឹងព្រះអង្គជាញឹកញាប់នោះ បានទាក់ទាញព្រះទ័យ ព្រះអង្គឲ្យស្រមើស្រមៃថា ថ្ងៃណាមួយព្រះអង្គនឹងបញ្ចូលយុវតីឡាវម្នាក់នេះក្នុងបញ្ជីស្នេហារបស់ព្រះអង្គជាមិនខាន។ ក្តីស្រមើស្រមៃនេះបានក្លាយជាការពិតនៅក្នុងឆ្នាំ១៩៤៩ ដោយព្រះអង្គបានចាប់ព្រះទ័យ ទៅលើយុវសិស្សឡាវដ៏ស្រស់ផូរផង់ម្នាក់ វ័យ១៥ឆ្នាំឈ្មោះម៉ានីវណ្ណ ផានីវង្ស ក្នុងពេលព្រះអង្គយាងបំពេញទស្សនកិច្ចលើកទី២ នៅទីក្រុងវៀងច័ន្ទ ។ ព្រះអង្គបន្សល់ទុកនូវបុត្រីមួយអង្គគឺម្ចាស់ក្សត្រិយ នរោត្តម អរុណរស្មី រហូតដល់សព្វថ្ងៃនេះ។ យើងនឹងលើកយកប្រវត្តិរឿងស្នេហាជាមួយយុវតីឡាវនេះ មកជម្រាបមិត្តអ្នកអានឲ្យបានជ្រាបជាពិស្តារនៅក្រោយទៀត។
នៅទីក្រុងវៀងច័ន្ទ ព្រះអង្គម្ចាស់ ភិតសារ៉ាត បានទទួលស្វាគមន៍ព្រះអង្គ។ ចុងក្រោយព្រះអង្គ បានយាងចូលទឹកដីខ្មែរវិញ តាមខេត្តស្ទឹងត្រែង។ ចំណែកផែនការទី២ គឺការធ្វើរូមាំងភាវូបនីយកម្មនៅ លើអក្សរសាស្ត្រខ្មែរនោះ ត្រូវបានមន្ត្រីរាជការខែ្មរទទួលយកទាំងបង្ខំចិត្ត ប៉ុន្តែមជ្ឈដ្ឋានព្រះសង្ឃព្រះ ពុទ្ធសាសនា និងអ្នកប្រកាន់ទំនៀមទំលាប់ប្រពៃណី បានចេញមុខប្រឆាំងជាដាច់ខាត។ ជាមួយនឹង មជ្ឈដ្ឋានទាំង២ខាងលើនេះ ព្រះមាតាកុសុមៈ ក៏មិនយល់ស្របចំពោះការផ្លាស់ប្តូរថ្ងៃចូលឆ្នាំខ្មែររបស់ បារាំង ដែលឲ្យកំណត់មិនឲ្យយកថ្ងៃ១៥ខែមេសា ហើយបង្ខំឲ្យយកថ្ងៃ១មករានោះដែរ។ ព្រះមាតា កុសុមៈ បានលើកហេតុផលថា បើកំណត់ថ្ងៃចូលឆ្នាំខ្មែរ ថ្ងៃ១៥ខែមេសា ដែលជារដូវក្តៅនោះ ឧបាសក ឧបាសិកា អាចនាំគ្នាស្រង់ព្រះពុទ្ធរូបដោយទឹកអប់ និងព្រះសង្ឃដោយគន្ធវារី(ទឹក) ដោយគ្មានបញ្ហា តែ បើឲ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី១មករា ដែលជារដូវរងាពេញបន្ទុក ទឹកត្រជាក់ស្រេងដូចទឹកកក ហើយត្រូវ ខ្យល់រំហើយបក់មកពីទិសខាងជើងទៀត ពេលស្រង់ទឹកប្រគេនព្រះសង្ឃ ដែលភាគច្រើនមានវ័យចាស់ ជរាផងនោះ ប្រាកដជាធ្វើឲ្យព្រះអង្គរងាញ័រញាក់ជាក់ជាមិនខាន។
ជាសំណាងល្អ សំរាប់បុណ្យចូលឆ្នាំប្រពៃណីជាតិនេះ មិនទាន់នឹងបានអនុវត្តផង កងទ័ពជប៉ុនបានវាយប្រហារកងទ័ពបារាំងមិនឲ្យបន្តនឹមអាណានិគមរបស់ខ្លួននៅឥណ្ឌូចិនតទៅទៀត ឆ្លៀត ឱកាសនោះ ព្រះមហាក្សត្រនរោត្តមសីហនុ ក៏បានចេញព្រះរាជក្រឹត្យលុបចោលមិនត្រឹមតែសន្ធិសញ្ញា បារាំង-ខ្មែរ ឆ្នាំ១៨៦៣ និងអនុសញ្ញាបារាំង-ខ្មែរ ឆ្នាំ១៨៨៤ប៉ុណ្ណោះទេ គឺថែមទាំងលុបចោលនូវផែន ការកំណត់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ថ្ងៃ១មករា របស់បារាំងនោះ ឲ្យកំណត់យកថ្ងៃ១៥ ខែមេសា ដូចមុន ដដែលវិញ។ ការចេញព្រះរាជក្រឹត្យនេះ បានទទួលការអបអរនិងគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ មជ្ឈដ្ឋានព្រះសង្ឃនិងពុទ្ធបរិស័ទទូទាំងប្រទេស៕