ភ្នំពេញ ៖ ស្ត្រីមានសតិមិនល្អ(សរសៃប្រសាទ)ម្នាក់បានរងរបួសបែកក្បាលចំនួនកន្លែងនិងត្រូវពេទ្យចំនួន១៣ថ្នេរ ដោយសារតែបុរសជាជាងដែកម្នាក់បានយកឈើជ្រុងប្រវែង៦តឹកវាយទៅលើព្រោះតែខឹងស្ត្រីរងគ្រោះជេរស្ដីនិងហាមមិនឲ្យចូលទៅក្នុងដីឡូត៍មួយកន្លែងស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទោះយ៉ាងណាបុរសអគតិខាងលើត្រូវបានប៉ូលិសឃាត់ខ្លួនយកមកដាក់ឃុំនៅអធិការដ្នានប៉ូលិសខណ្ឌសែនសុខដើម្បីសាកសួរពីរឿងយកដំបងវាយទៅលើស្ត្រីមានសតិមិនល្អនោះ។
ស្ត្រីរងគ្រោះនេះមានឈ្មោះកែវ បុប្ផាមានអាយុ៥៣ឆ្នាំស្នាក់នៅកន្លែងកើតហេតុខាងលើ។ចំណែកជនដៃដល់មានឈ្មោះប៉ែនស័ក្កអាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរជនរងគ្រោះ ។
លោកស្រីកែវ ស៊ីណា អាយុ៤២ឆ្នាំ មុខរបរអ៊ុតសក់ ស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា និងត្រូវជាប្អូនស្រីរបស់ជនរងគ្រោះបានឲ្យដឹងថា ដីឡូត៍ខាងលើគឺជារបស់គាត់ ដែលបានទិញយូមកហើយ និងបានឲ្យបងស្រីជាជនរងគ្រោះ មានសតិមិនល្អរស់នៅ ។គាត់បន្តថានៅវេលាម៉ោង១ រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣ ជនដៃដល់ប៉ែន ស័ក្តបានប្លោះរបងចូលក្នុងដីឡូត៍របស់គាត់ ហើយត្រូវបានបងស្រីជាជនរងគ្រោះរបស់គាត់ ស្រែកដេញ ស្រាប់តែជនដៃដល់បានទាត់ធាក់ និងទាញដំបង៤ជ្រុងវាយទៅលើក្បាលស្ត្រីជាបងស្រីរងគ្រោះតែម្តង ។
ដោយឡែកជនដៃដល់ ប៉ែន ស័ក្ត បានបដិសេធនៅចំពោះមុខសមត្ថកិច្ចប៉ូលិសថាខ្លួនមិនបានវាយទៅលើស្ត្រីរងគ្រោះខាងលើនោះទេ ដោយគ្រាន់តែរុញច្រានឲ្យដួលតែប៉ុណ្ណោះ ។
ទោះបែបណាសមត្ថកិច្ចប៉ូលិសបានបង្ហើបឲ្យដឹងថាខាងភាគីរងគ្រោះ និងភាគីដៃដល់ក្រោយពីកើតហេតុភ្លាមៗបានធ្វើការសម្របសម្រួលគ្នា ដោយភាគីស្ត្រីរងគ្រោះបានទាមទារ៧០ដុល្លារជាថ្លៃព្យាបាល ប៉ុន្តែខាងជនដៃដល់ឲ្យតែ៥០ដុល្លា តែជនរងគ្រោះមិនព្រម ក៏ប្តឹងទៅសមត្ថកិច្ចប៉ូលិសឲ្យចាប់ជនដៃដល់តែម្តង ៕
ដោយ៖តាចៀកធំ