កំពត ៖ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិគ្រាំងដូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត។សមត្ថកិច្ចប៉ូលិសចរាចរ ចាប់ឃាត់រថយន្តសាំយ៉ុងមួយគ្រឿងដឹកអ្នកដំណើរលួចលាក់បង្កប់ឈើគ្រញូង បន្លំភ្នែកបម្រុងឆ្លងដែនតាមច្រកតន់ហន ចូលទៅលក់នៅប្រទេសវៀតណាម ប្រគល់ឲ្យមន្ត្រី រដ្ឋបាលព្រៃឈើ។
ប្រភព ពីប៉ូលិសចរាចរស្រុកបន្ទាយមាស បានឲ្យដឹងថា រថយន្តដែលត្រូវសមត្ថកិច្ចចាប់បាននេះជាប្រភេទ រថយន្តទួរីសម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2v -5871បើកបរ ដោយឈ្មោះនួន ភារុន ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិរលាំងជ្រៃឃុំកាហែង ស្រុកសំរោង ខេត្តកំពង់ស្ពឺ។
លោក ជួន សារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើកំពត បានឲ្យដឹងថាទោះបីជាឈ្មួញប្រើល្បិចយ៉ាងណា ក៏ដោយសមត្ថកិច្ចបានដឹងទីកន្លែងដែលពួកឈ្មួញចុះឈើគ្រញូងដូចជានៅ កំពង់ផែ វិញហួរ សមត្ថកិច្ចក៏បានប្រមូលវត្ថុតាងនៅទីនោះខ្លះៗ ។
លោក ជួន សារ៉ា បានបញ្ជាក់ថា ឈើគ្រញូងដែលសមត្ថកិច្ចចាប់បាននេះ មានចំនួន១០៤ស្មើនឹង៤៦៣គីឡូក្រាម ហើយបច្ចុប្បន្នអ្នកបើកបរនិងវត្ថុតាងព្រមទាំងរថយន្តសមត្ថកិច្ចបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ករតាមច្បាប់ព្រៃឈើ៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ឡានដឹកឈើគ្រញូងឆ្លងដែនទៅវៀតណាម