កំពង់ចាមៈ មន្ត្រីនគរបាល ស្រុកក្រូចឆ្មារ បានឲ្យដឹងថា ជនសង្ស័យ២នាក់ ដែលសម្ថកិច្ចបានចាប់ខ្លួន ១ឈ្មោះ ខុម បូរិន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ២ឈ្មោះ ញ៉េ សុផល ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ។
កម្លាំងនគរបាល ស្រុកក្រូចឆ្មារ បានឃាត់ខ្លួនបុរស២នាក់ ពីបទ ចែកចាយគ្រឿងញៀន កាល ពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣ នៅក្នុងភូមិសាស្ត្រឃុំ ក្រូចឆ្មារ ស្រុកក្រូច ឆ្មារ ខេត្តកំពង់ចាម ។
មន្ត្រីនគរបាល បានឲ្យដឹងទៀតថា ឈានទៅបង្ក្រាបបទល្មើសគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យពីរនាក់ខាងលើនោះ ផ្តើមចេញពីសមត្ថកិច្ច បានដាក់កម្លាំងភ្នាក់ងារ ស៊ើបអង្កេតលើជនសង្ស័យទាំងពីរនាក់ដោយហេតុថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញា ស្ថិតក្នុងការឃ្លាំមើលរបស់សមត្ថកិច្ច។
ប្រភពបន្តថានៅវេលាជិតថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហា ក្រោយពីសមត្ថកិច្ច បានទទួលព័ត៌មានថា ជនសង្ស័យឈ្មោះ ខុម បូរិន បានធ្វើដំណើរ យកថ្នាំញៀនចែកចាយ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ហើយឆែកឆេរ រកឃើញមានថ្នាំញៀន១កញ្ចប់តូច នៅជាប់ខ្លួនឈ្មោះ ខុម បូរិន នេះ ។ បន្ទាប់ពីបានចម្លើយ ពីជនរូបនេះថា ខ្លួនបាន ទិញ
ថ្នាំញៀនពីឈ្មោះ ញ៉េ សុផល ទើបសមត្ថកិច្ចបន្តទៅឃាត់ខ្លួន ញ៉េ សុផល ដោយឆែកឆេរ រកឃើញមានថ្នាំញៀន ចំនួន ៣កញ្ចប់ធំ ហើយនាំខ្លួន មកអធិការដ្ឋាននគរបាល ស្រុកក្រូចឆ្មារ ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការទៅតាមផ្លូវច្បាប់ ៕
ដោយ៖ សហការី