ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ២០នាទី យប់ថ្ងៃទី២៣ សីហា ២០១៣ ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ ជនរងគ្រោះដល់ស្លាប់ឈ្មោះ ប៊ូ សូនី អាយុ ៣៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈតេលា ស្នាក់នៅផ្ទះលេខ២០៣ ផ្លូវ៥៩៨ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បុរសម្នាក់បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ខណៈដែលរូបគាត់ជិះម៉ូតូស្មាស់រីវ៉ូ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AB-9006 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ឆ្ពោះមកទីក្រុងភ្នំពេញ លុះមកដល់ចំណុចគីឡូម៉ែត្រលេខ១១ ក៏ត្រូវរថយន្តដឹកកុងតឺន័រម៉ាកFuso ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3P-9509 របស់ក្រុមហ៊ុន TEECO ដែលបើកស្របទិសគ្នាបុកពីក្រោយបណ្តាលឱ្យម៉ូតូដួល និងកិនបែកក្បាលខ្ទេចស្លាប់នៅនឹងកន្លែង ។
ក្រោយកើតហេតុ រថយន្តបង្ក និងអ្នកបើកបរ ព្រមទាំងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕