កីឡាករសញ្ជាតិអង់គ្លេស ដែលលេងឲ្យក្លឹប Sunderland គឺកីឡាករ អាដាម ចនសន់ ត្រូវបានចាប់ខ្លួន កាលពីម្សិលមិញ ដោយសង្ស័យថា បានរួមរក្សជាមួយក្មេងស្រីវ័យ១៥ឆ្នាំម្នាក់។
កីឡាករវ័យ២៧ឆ្នាំលេងនៅស្លាបស្តាំរូបនេះ ត្រូវបានសង្ស័យពីបទរួមភេទជាមួយក្មេងស្រីអនីតិជន តែក្រោយមកត្រូវបានធានាឲ្យនៅក្រៅឃុំវិញ។ យ៉ាងណាក៏ដោយ ក្លឹបសាន់ឌឺឡេន បានផ្អាកមិនឲ្យ អាដាម ចនសន់ចូលរួមហាត់និងប្រកួត ដោយរង់ចាំមើលលទ្ធផលនៃការស៊ើបអង្កេតរបស់នគរបាល។
ការចាប់ខ្លួន ចនសន់ កើតមានមុនពេលដែលកីឡាកររូបនេះ មានគម្រោងទៅចូលរួមជាមួយក្លឹប សម្រាប់ការប្រកួត Premier League នៅយប់ថ្ងៃអង្គារនេះ។ យ៉ាងណាក៏ដោយ ក្លឹប សាន់ឌឺឡេន មិនបានថ្លែងអ្វីពាក់ព័ន្ធនឹងការចាប់ខ្លួននេះទេ៕