ភ្នំពេញ: នាពេលកន្លងមក ម្ចាស់និងនាយកសហគ្រាស គ្រឹះស្ថាន មួយចំនួនបានដាក់ឲ្យកម្មករនិយោជិត ធ្វើការបន្ថែមម៉ោងច្រើនពេក បណ្តាលឲ្យសុខភាពកម្មករនិយោជិតចុះខ្សោយ ហើយបង្កឲ្យមានគ្រោះថ្នាក់ការងារកើតឡើងជាញឹកញាប់។ ក្នុងករណីមានការងារច្រើនខុសពីធម្មតា ក្រសួងការងារបានអនុញ្ញាតឲ្យមានការបន្ថែមម៉ោងតែ ២ ម៉ោងទេក្នុងមួយថ្ងៃ ប៉ុន្តែម្ចាស់និងនាយកសហគ្រាស គ្រឹះស្ថាន នៅតែបំពានក្រសួងនឹងចាត់វិធានការតឹងរឹងបំផុត ទៅតាមច្បាប់ស្តីពី ការងារ។
យោងតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ ២០១៥ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបដល់ម្ចាស់ និងនាយកសហគ្រាសគ្រឹះស្ថានដូចជាមានចែងក្នុងមាត្រា១នៃច្បាច់ ស្តីពីការងារបានជ្រាបថា កន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្កេតឃើញថា នៅមានម្ចាស់និងនាយកសហគ្រាស គ្រឹះស្ថានមួយចំនួនបានដាក់ឲ្យកម្មករនិយោជិតធ្វើការបន្ថែមម៉ោង ច្រើនពេកបណ្តាលឲ្យសុខភាពកម្មករនិយោជិតចុះខ្សោយ ហើយបង្កឲ្យមានគ្រោះថ្នាក់ការងារកើតឡើងជាញឹកញាប់។ ដើម្បីថែរក្សានិរន្តរភាព នៃកម្លាំងពលកម្ម បង្ការអំពីគ្រោះថ្នាក់ការងារដល់បងប្អូនកម្មករនិយោជិត ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈសូមក្រើនរំលឹកដល់ម្ចាស់និង នាយកសហគ្រាស គ្រឹះស្ថានទាំងអស់ត្រូវអនុវត្តដូចតទៅ៖
១)ក្នុងករណី ដែលម្ចាស់និងនាយកសហគ្រាសគ្រឹះស្ថានមានការងារច្រើនខុសពីធម្មតា ដែលតម្រូវឲ្យមានការធ្វើការបន្ថែមម៉ោងក្រៅពីថិរវេលាធ្វើការធម្មតា ម្ចាស់ឬនាយករោងចក្រ សហគ្រាសត្រូវស្នើសុំការអនុញ្ញាតពីក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈជាមុនសិន។ នៅពេលទទួលបានការអនុញ្ញាតទើប ម្ចាស់និងនាយកសហគ្រាសគ្រឹះស្ថាន អាចរៀបចំធ្វើការបន្ថែមម៉ោងនេះបាន។ ការធ្វើការបន្ថែមម៉ោងនេះគឺអនុញ្ញាតឲ្យតែ២ម៉ោងទេក្នុងមួយថ្ងៃ ហើយថិរវេលាធ្វើការ មិនត្រូវឲ្យលើសពីដប់ម៉ោងទេក្នុងមួយថ្ងៃ។
២)ការរៀបចំធ្វើការបន្ថែមម៉ោងត្រូវផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។
៣) ម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថានមិនត្រូវឲ្យកម្មករនិយោជិតធ្វើការ បន្ថែមម៉ោងលើសពីការអនុញ្ញាតរបស់ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈឡើយ។ ទោះបីមានការស្ម័គ្រចិត្តពីបងប្អូនកម្មករនិយោជិតក៏ដោយ។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាត់វិធានការតឹងរឹងបំផុតទៅតាមច្បាប់ស្តីពីការងារនិង លិខិតបទដ្ឋាននានាដែលមានជាធរមាន ចំពោះម្ចាស់និងនាយកសហគ្រាសគ្រឹះស្ថានដែលប្រព្រឹត្តល្មើសលើចំណុច ដែលបានរៀបរាប់ខាងលើនៃសេចក្តីជូនដំណឹងនេះ។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់និងនាយកសហគ្រាសគ្រឹះស្ថានទាំងអស់ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះបានល្អប្រសើរនិងត្រឹមត្រូវជាពុំខាន ៕