ភ្នំពេញ៖ក្រោយពីមានការចុះផ្សាយនូវព័ត៌មានថា គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្ម នៅថ្ងៃទី២៦ សីហា ខាងមុខនេះត្រូវបានលោកសមរង្សី ប្រធានគណបក្សសង្គ្រោះ ជាតិ បានបញ្ជាក់ថា មិនមែនជាការធ្វើមហាបាតុកម្មនោះទេ គឺគ្រាន់តែជាការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាធម្មតាតែប៉ុណ្ណោះ។
លោកសមរង្ស៊ីបានថ្លែងបែបនេះ នៅចំពោះមុខអ្នកសារព័ត៌មានគ្រាដែលលោកបានចុះទៅជួបអាជីវករនៅផ្សារអូឡាំពិកទួលទំពូងនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ម្សិលមិញនេះខណៈដែលសកម្មភាពរបស់លោកត្រូវបានមជ្ឈដ្ឋាននានាតាមដានដោយយកចិត្តទុកដាក់ដោយបារម្ភថាកន្លងមកលោកចង់អោយមានអ្វីដែលគេហៅថាមហាបាតុកម្មដើម្បីការផ្លាស់ប្តូរនិងធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករនៅតាមផ្សារ និងកម្មករនៅតាមរោងចក្រមានការព្រួយបារម្ភនោះ។
លោក សម រង្ស៊ី បានមានប្រសាសន៍ប្រាប់ដល់ក្រុមអ្នកកាសែតក្រោយពីចេញពីផ្សារមកវិញថា ការដែលលោកមកនេះ គឺដើម្បីថ្លែងអំណរគុណដល់បងប្អូនជាម្ចាស់ឆ្នោត ដែលបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ។មនុស្សនៅភ្នំពេញកន្លងមកត្រូវបានដាក់អោយស្ថិតនៅក្រោមការភ័យខ្លាចនៅពេលដែលលោកប្រកាសចង់ធ្វើមហាបាតុកម្ម ហើយកម្លាំងសមត្ថកិច្ចបានត្រៀមកម្លាំងដោយខ្លាចក្រែងមានអំពើហិង្សានោះ។
អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានជួបប្រជុំជាមួយតំណាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក ឡុង រីប្រធានអង្គរក្សលោកសមរង្ស៊ី នៅសាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ម្សិលមិញនេះ ។
អាជ្ញាធររាជធានីភ្នំពេញបានសម្រេចព្រមព្រៀងដោយភ្ជាប់លក្ខខណ្ឌមួយចំនួនសម្រាប់គម្រោងជួបជុំរបស់
គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យនៅរសៀល ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៣។ក៏ប៉ុន្តែដូចទម្លាប់រាល់ដង គឺអាជ្ញាធររាជធានីភ្នំពេញត្រូវបញ្ជូនសំណើសុំជួបជុំរបស់គណបក្សប្រឆាំង ទៅកាន់ក្រសួងមហាផ្ទៃដើម្បីសុំគោលការណ៍ផងដែរ។
តាមកម្មវិធីដែលបានគ្រោងទុកប្រមុខបក្សប្រឆាំងទាំងពីរ នឹងធ្វើដំណើរទៅជួបមហាជន សកម្មជនអ្នកគាំទ្រនិងសមាជិករបស់ខ្លួនជាបន្តបន្ទាប់ ចាប់ពីថ្ងៃសៅរ៍ទី២៤ខែសីហារហូតដល់ថ្ងៃចន្ទទី២៦សីហា។
សំរាប់នៅថ្ងៃសៅរ៍ទី២៤សីហា លោកសមរង្ស៊ី និងលោក កឹមសុខាគ្រោងចុះទៅជួបមហាជន នៅខេត្តកណ្តាល កំពង់ចាម និងខេត្តកំពង់ធំ។ចំណែកនៅថ្ងៃអាទិត្យទី២៥សីហា ប្រមុខបក្សប្រឆាំងទាំងពីរត្រូវជួបប្រជាពលរដ្ឋ និងមហាជននៅតាមផ្សារ ក្នុងខេត្តសៀមរាបនិងខេត្តកំពង់ធំ។ រីឯនៅថ្ងៃចន្ទ ទី២៦សីហា លោកសមរង្ស៊ី និងលោកកឹមសុខា ត្រូវជួបបេក្ខជនតំណាងរាស្ត្រនិងប្រធានគណៈកម្មាធិការប្រតិបត្តិខេត្ត នៅទីស្នាក់ការកណ្តាលព្រមទាំងជួបមហាជន នៅសួនប្រជាធិបតេយ្យនៅភ្នំពេញ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុងឌីម៉ង់ បានឲ្យដឹងថាក្នុងកិច្ចប្រជុំរវាងអាជ្ញាធររាជធានីភ្នំពេញនិងតំណាង គណបក្សសង្គ្រោះជាតិ នោះគឺបានឯកភាព ក្រោមលក្ខខណ្ឌមួយចំនួន សម្រាប់ការជួបជុំនៅទីលានប្រជាធិបតេយ្យ ។ ប៉ុន្តែសាលារាជធានីភ្នំពេញក៏រង់ចាំការសំរេចយល់ព្រមពីក្រសួងមហាផ្ទៃផងដែរ។អ្នកនាំពាក្យរូបនេះបានបន្ថែមថា ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នាលើលក្ខខ័ណ្ឌមួយចំនួនរួមមាន៖ គណបក្សសង្គ្រោះជាតិ ត្រូវធានាថាមិនដើរហែក្បួន ចេញពីទីលានប្រជាធិបតេយ្យ នៅពេលជួបជុំនារសៀលថ្ងៃចន្ទនោះ និងមិនត្រូវយកវេទិកាជួបជុំនោះដើម្បីវាយប្រហារលើអង្គព្រះមហាក្សត្រ អ្នកនយោបាយណាមួយឬក៏ញុះញង់ឲ្យអ្នកចូលរួមធ្វើបាតុកម្ម បង្កអសន្តិសុខសង្គមឡើយ។ជាមួយគ្នានោះគណបក្សសង្គ្រោះជាតិក៏មិនត្រូវនាំយកមនុស្សពីខេត្តនានា មកចូលរួមពិធីជួបជុំនោះទេ។រីឯចំនួនអ្នកចូលរួមទៀតសោត ក៏អាជ្ញាធរ តម្រូវឲ្យគណបក្សប្រឆាំងពិនិត្យពិច្ច័យ មិនឲ្យដល់ ១ ម៉ឺននាក់ តាមការស្នើសុំនោះឡើយ។
ក្រៅពីនោះលោក ឡុង ឌីម៉ង់ ក៏បានបញ្ជាក់ថា ការជួបជុំនៅទីលានប្រជាធិបតេយ្យ នារសៀលថ្ងៃចន្ទ ទី២៦សីហាគឺគណបក្សសង្គ្រោះជាតិ ត្រូវធ្វើចាប់ពីម៉ោង ២ យ៉ាងយូរដល់ត្រឹមម៉ោង៦ល្ងាចប៉ុណ្ណោះ។ ក្នុងនោះបើសិនជាកើតហេតុការណ៍អ្វីនាំដល់ការប្រទូសរ៉ាយ គឺអ្នកទទួលខុសត្រូវ សុំច្បាប់ធ្វើការជួបជុំជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។
រហូតដល់រសៀលថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៣ម្សិលមិញនេះក្រសួងមហាផ្ទៃ មិនទាន់ឆ្លើយតបបែបណាចំពោះសេចក្តីរាយការណ៍របស់សាលារាជធានីភ្នំពេញជុំវិញសំណើសុំជួបជុំរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យនោះនៅឡើយទេ។
ប៉ុន្តែកន្លងមក ការជួបជុំរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យរួមទាំងការធ្វើបាតុកម្ម គឺអាជ្ញាធរមិនបានរារាំងអ្វីទេ។ប៉ុន្តែបើការដើរហែក្បួនគឺហាក់ដូចជាមានការរឹតបន្តឹងនៅក្រោយការបោះឆ្នោត៕
ដោយ៖ ហង្ស
ទេព