ក្រចេះ៖ លោកឧត្តមសេនីយ៍ត្រី យឹម យាន មេបញ្ជាការយោធាខេត្តក្រចេះ ត្រូវបានពលរដ្ឋ និយាយនិង
ចោទប្រកាន់ថា កំពុងបើកដៃឲ្យកូនចៅ ជាមន្ត្រីយោធា រកស៊ីឈើប្រណីតខុសច្បាប់ ដោយប្រើរថយន្ត បាញ់ពណ៌ត្រេអ៊ីដឹកឈើប្រណីតពីស្រុកសំបូរ ទៅលក់នៅប្រទេសវៀតណាមស្ទើររាល់ថ្ងៃ។
ប្រជាពលរដ្ឋនៅខេត្តក្រចេះបានរិះគន់ថា លោកឧត្តមសេនីយ៍ត្រី យឹម យាន មេបញ្ជាការយោធាខេត្តក្រចេះ មិនត្រឹមតែមិនបង្ក្រាបបទល្មើសព្រៃឈើទេ ថែមទាំងបើកដៃឲ្យមន្ត្រីយោធាក្នុងខេត្តរកស៊ីឈើប្រណីត ខុសច្បាប់ ដោយប្រើរថយន្ត អង្គភាពដឹកឈើ ប្រណីតថែមទៀតផង។
ប្រភពពីមន្ត្រីមេព្រៃបានឲ្យបណ្តាញព័ត៌មានអរិយធម៌ដឹងថា ឈ្មោះស៊ាត សុខុម ដែលជាមនុស្សជំនិតរបស់ លោកឧត្តមសេនីយ៍ត្រី យឹម យាន បានប្រើរថយន្តពណ៌ត្រេអ៊ី ចំណុះប្រាំតោន និង ចំណុះពីតោនកន្លះ ពាក់ស្លាកលេខ ខេមរភូមិន្ទ យកមកប្រើប្រាស់សម្រាប់ដឹកជញ្ជូនឈើ ប្រណីតខុសច្បាប់ ចេញពីឃុំអូគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ តាមផ្លូវជាតិលេខ៧ ចូលមកក្រុងក្រចេះ ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិច ណាឡើយ។
ប្រភពដដែលបានឲ្យដឹងថា ស៊ាត សុខុម បានដឹកឈើប្រណីតខុសច្បាប់យក ទុកនៅក្នុងលំនៅឋាន របស់ខ្លួននៅក្បែរទីបញ្ជាការយោធាខេត្ត ហើយបន្តដឹកឆ្ពោះយកទៅលក់ឲ្យឈ្មួញ នៅប្រទេស វៀតណាមតាមច្រករបៀងនៅស្រុកស្នួល ខេត្តក្រចេះ។
ប្រភពបានរាយការណ៍ទៀតថា ការចេញឈើប្រណីតខុសច្បាប់ម្តងៗ គេតែងតែឃើញលោកស៊ាត សុខុម ជិះរថយន្តស៊េរីទំនើប បើកកាងពីក្រោយរថយន្តដឹកឈើរបស់ខ្លួនថែមទៀតផង។ ពេលខ្លះ លោក ស៊ាត សុខុម បានប្រើរថយន្តកាមរីពណ៌ត្រេអ៊ីពាក់ស្លាកលេខ ខេមរភូមិន្ទ ជិះ សម្រាប់បើកកាងពីក្រោយផងដែរ។
ប្រភពសមត្ថកិច្ចនៅខេត្តក្រចេះបាន អះអាងដូចៗគ្នាថា ដោយសារ លោក ស៊ាត សុខុម គឺជា មន្ដ្រីយោធា នៅក្នុងតំបន់ប្រតិបត្ដិការសឹករងក្រចេះ ប្រើប្រាស់រថយន្ដបាញ់ពណ៌ត្រេអ៊ី ដឹកឈើប្រណីតខុសច្បាប់ បែបនេះ ទើបសមត្ថកិច្ចជំនាញមិនហ៊ានធ្វើការបង្ក្រាបបែបនេះ។
ប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងទៀតថា ក្រៅពីលោក ស៊ាត សុខុម ដែលរកស៊ីឈើប្រណីត ខុសច្បាប់នេះ នៅមានមន្ត្រីយោធាខេត្តក្រចេះ ជាច្រើននាក់ទៀត ដែលរកស៊ីឈើប្រណីតខុសច្បាប់នៅ ខេត្តក្រចេះ។ ប្រភពសមត្ថកិច្ចជំនាញបានបន្តថា មន្ត្រីយោធាដែលរកស៊ីឈើប្រណីតខុសច្បាប់ទាំងនោះ បានអះអាង ថា«ពួកគេរកលុយចូលអង្គភាព រកលុយឲ្យមេ»។ ចំពោះការចោទប្រកាន់ខាងលើនេះសារព័ត៌មានអរិយធម៌មិនអាចសុំការបំភ្លឺពីលោកយឹម យាន មេបញ្ជាការយោធាខេត្តក្រចេះបានទេ ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន៕