ប៉ៃលិន: ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និងក្មេងប្រុស៣នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសារឡានដឹកឥដ្ឋកែច្នៃមួយគ្រឿង ដែលពួកគេជិះបានបើកគេចឡានកែច្នៃមួយគ្រឿងទៀត បណ្តាលឲ្យធ្លាក់ប្រឡាយក្រឡាប់សង្កត់ កាលពីវេលាម៉ោង១៣និង១៥ នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ នៅក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
លោក ស៊ុំ សុខ នាយបុស្តិ៍ប៉ូលិសឃុំសាលាក្រៅ បានឲ្យដឹងថា ក្មេងរងគ្រោះទាំង៤នាក់ ទី១-ឈ្មោះ ផន ញ៉ត់ ភេទប្រុស អាយុ១៣ឆ្នាំ បានស្លាប់ពេលដឹកដល់មន្ទីរពេទ្យខេត្តប៉ៃលិន។ ទី២-ឈ្មោះ រុំ រី ភេទប្រុស អាយុ១៣ឆ្នាំរងរបួសធ្ងន់។ ទី៣-ឈ្មោះ សង គីន ភេទប្រុស អាយុ១៦ឆ្នាំ រងរបួសស្រាល។ ទាំងបីនាក់នេះជាកម្មករលើកដាក់ឥដ្ឋ និងធ្វើការនៅកន្លែងឡឥដ្ឋ មកស្នាក់នៅកន្លែងឡដុតឥដ្ឋស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ទី៤-ឈ្មោះ សៅ បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសស្រាល ជាអ្នកបើកបររថយន្តកែច្នៃដឹកឥដ្ឋរងគ្រោះនោះ។ ចំណែកអ្នកបើកបររថយន្តកែច្នៃដឹកពោតមួយគ្រឿង បម្រុងបើកឡើងពីផ្លូវលំឈ្មោះឈន សុខ ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប៉ូលិសបានស្រង់សំដីសាក្សីប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរថយន្តកែច្នៃដឹកឥដ្ឋ ដែលរងគ្រោះ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥៩ ពីទិសខាងត្បូងទៅទិសខាងជើង (ពីប៉ៃលិនទៅស្រុកសាលាក្រៅ) ខណៈដែលរថយន្តដឹកឥដ្ឋនេះ បានត្រឡប់ពីដាក់ឥដ្ឋឲ្យគេអស់នៅឯខេត្តប៉ៃលិនមកវិញ។ ពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកែច្នៃដឹកពោតពេញមួយគ្រឿងទៀត បានបើកបរចេញពីផ្លូវលំ ឡើងមកលើផ្លូវជាតិ ធ្វើឲ្យអ្នកបើកបររថយន្តដឹកឥដ្ឋស្លន់ស្លោ មិនបានជាន់ហ្វាំងទេ ស្រាប់តែបួងចង្កូតគេចរថយន្តដឹកពោត ជ្រុលទៅធ្លាក់ចូលក្នុងប្រឡាយក្រឡាប់សង្កត់កម្មករក្មេងៗ៣នាក់ ។ ក្រោយពីឃើញហេតុការណ៍នេះ ប្រជាពលរដ្ឋបាននាំគ្នាទៅមើល និងជួយសង្គ្រោះ បានឃើញរថយន្តសង្កត់ពីលើក្មេងៗអាយុប្រមាណជាង១០ឆ្នាំ ៣ ទៅ ៤ នាក់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនតែម្ដង។
លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា ករណីនេះគឺបណ្តាលពីអ្នកបើកបររថយន្តកែច្នៃដឹកពោត ដែលបើកបរមិន
មើលមុខមើលក្រោយ មុននឹងបើករថយន្តចេញពីផ្លូវលំ បម្រុងឡើងមកលើផ្លូវជាតិ។ ម្យ៉ាងទៀតរថយន្តដែលកែច្នៃក្នុងស្រុក ទាំងរថយន្តរបស់ជនរងគ្រោះបើកបរលឿនពេក ដោយសារអ្នកបើកបរនៅក្មេងទៀតផង ទើបនៅពេលជួបប្រទះឧបទ្ទវហេតុបែបនេះ ស្លន់ស្លោគ្រប់គ្រងបញ្ជាយានយន្តមិនបាន កាច់ចង្កូចគេចធ្លាក់ប្រឡាយខ្លួនឯងតែម្ដង។
ករណីនេះ គឺអាជ្ញាធរមានសមត្ថកិច្ចពុំទាន់មានវិធានការណាមួយទៅលើម្ចាស់ឡឥដ្ឋ ដែលប្រើក្មេងជាអនីតិជនដែលច្បាប់ការពារនៅឡើយទេ។ ប៉ុន្តែប៉ូលិសខេត្តប៉ៃលិន បានចាត់ទុកករណីនេះ ជាករណីគ្រោះថ្នាក់ចរាចរហើយ ឃាត់ទាំងរថយន្តដឹកពោត ចោទថា ជាអ្នកបង្កហេតុទៀតផង។ ពាក់ព័ន្ធករណីនេះ អ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងម្ចាស់ឡឥដ្ឋ ដើម្បីដឹងថាតើមានការទទួលខុសត្រូវបែបណា? ចំពោះការប្រើអនីតិជនក្នុងឡឥដ្ឋរបស់គាត់ និងអាជ្ញាធរមានសមត្ថកិច្ច មានវិធានការបែបណាទៅលើម្ចាស់ឡឥដ្ឋនោះទេ ៕
ដោយ៖ភ្នំយ៉ាត