ភ្នំពេញៈ យុវជនម្នាក់ដោយសារតែជិះម៉ូតូលឿន ជ្រុលទៅបុករ៉ឺម៉កកង់បី ពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗ
នៅនឹងកន្លែងកើតហេតុ រីឯអ្នកបើកបររ៉ឺម៉កកង់បីរងរបួសធ្ងន់ចំណែកម៉ូតូរងនូវការខូចខាត យ៉ាងដំណំនិងរ៉ឺម៉កកង់បីធ្លាក់ចូលប្រឡាយទឹក ។
គ្រោះថ្នាក់ចរាចរបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសនេះបានកើតឡើងកាលពី វេលាម៉ោង៩និង ៣០នាទី យប់ថ្ងៃទី២២ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅ តាមបណ្តោយផ្លូវ ជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែល បើករ៉ឺម៉កកង់បីនោះមានឈ្មោះ ណុប ណន់ ភេទប្រុសអាយុ៣៦ឆ្នាំ ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ មានស្រុកកំណើត នៅភូមិស្នាយ អញ្ចិត ឃុំស្នាយអញ្ចិត ស្រុកជុំគិរីខេត្តកំពត (រងរបួសធ្ងន់) រីឯជនរងគ្រោះបើកម៉ូតូមកបុករ៉ឺម៉ក ពីក្រោយបណ្តាលឲ្យស្លាប់ខ្លួនឯងនោះមានឈ្មោះ ស្រ៊ុន វណ្ណរ៉ា ភេទប្រុស អាយុ៣២ឆ្នាំពុំមានពាក់មួកសុវត្ថិភាពស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុ មានស្រុកកំណើត នៅភូមិ ក្រឡោង ឃុំជ្រៃ វៀនស្រុកព្រៃឈរ ខេត្តកំពង់ចាម ជិះម៉ូតូ មួយគ្រឿង ម៉ាកស្មាសវី ពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ 1B-5982 ។
សាក្សីបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបើករ៉ឺម៉កកង់បីក្នុងទិសដៅពីជើងទៅត្បូង លុះដល់
ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងជិះមកពី ក្រោយយ៉ាងលឿនហើយក៏ជ្រុល មកបុកម៉ូតូរ៉ឺម៉កពីក្រោយយ៉ាងពេញ ទំហឹងបណ្តាល ឲ្យប៉ើងរ៉ឺម៉កធ្លាក់ចូលទៅក្នុងទឹកជាប់ចិញ្ចើមផ្លូវ រីឯអ្នកបើកបរបោកនឹងថ្នល់បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១នៃកងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះបន្ទាន់ រីឯអ្នកបើកបរ ម៉ូតូមកបុកកង់បីនោះ ត្រូវបានបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីនគរបាល ធ្វើការវាស់វែងរួចក៏ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរត្រូវ នគរបាលយកទៅ រក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ ៕
ដោយ៖ ល្វាចេក