ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និងពីរនាក់ទៀតបានរងរបួសធ្ងន់ ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី២២ សីហា ឆ្នាំ ២០១៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកស្មាសរ៉េវ៉ូពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ1B-5982 ជិះដោយបុរសពីរនាក់ក្នុងទិសដៅពីត្បូងទៅជើងទៅបុកពីក្រោយរ៉ឺម៉ក កង់៣ពេញទំហឹង បណ្ដាលឲ្យរ៉ឺម៉កកង់៣ផ្លោងធ្លាក់ចូលទៅក្នុងទឹកប្រឡាយខ្ទាតអ្នកបើក ធ្លាក់ថ្នលរបួសធ្ងន់ ។
ចំណែកអ្នកបើកម៉ូតូបង្កបានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នជិះពីក្រោយរបួសស្រាល ។
អ្នកបើករ៉ឺម៉កកង់៣ភ្លាមៗត្រូវបានរថយន្តសាមុយដឹកទៅកាន់មន្ទរពេទ្យព្រះកុសមៈ ។
គួរបញ្ជាក់ថា អ្នកបើករ៉ឺម៉កកង់៣មានឈ្មោះ ណុប ណុល អាយុ៣៦ឆ្នាំ ស្នាក់នៅក្នុងបុរីសុខសាន្ត ស្ថិត ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ រីឯសាកសពឈ្មោះ ស្រ៊ុន វណ្ណារា ភេទប្រុសអាយុ២២ឆ្នាំ មុខរបរ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូ និងរ៉ឺម៉កត្រូវបានសមត្ថកិច្ច មកវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ៕