ភ្នំពេញ ៖ រដ្ឋមន្ត្រី ប្រតិភូ អមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានថ្លែង ឲ្យដឹងថា នៅឆ្នាំ២០១៦ខាងមុខ ប្រទេសកម្ពុជា អាចនឹងមានឱកាស រៀបចំវេទិកា សេដ្ឋកិច្ច ពិភពលោកលើកទី៤៧។
លោក កៅ គឹមហួន បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ មកដល់ព្រលាន យន្ដហោះ អន្ដរជាតិភ្នំពេញ ក្រោយពីបាន បំពេញទស្សនកិច្ច ជាផ្លូវការនៅ ប្រទេសស្វីស ដើម្បីចូលរួម វេទិកាសេដ្ឋកិច្ច ពិភពលោក លើកទី៤៥ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ថា «ឆ្នាំនេះកិច្ចប្រជុំតំបន់ នៃវេទិកាសេដ្ឋកិច្ច ពិភពលោកធ្វើនៅទីក្រុងបាលី ប្រទេស ឥណ្ឌូនេស៊ី។ ក្នុងសមាជិកអាស៊ានមាន៨ ប្រទេស ហើយ ដែលបានរៀបចំវេទិកានេះ ក្នុងថ្នាក់តំបន់ នៅអាស៊ីបូព៌ា លើកលែងកម្ពុជានិងឡាវ។ កិច្ចប្រជុំនៃវេទិកាអាស៊ាននេះអាចធ្វើនៅកម្ពុជានៅឆ្នាំ២០១៦»។
លោកបានបន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន បានចូលរូមក្នុងវេទិកានេះមាន សារៈ សំខាន់ក្នុងការទាក់ទាញ អ្នកវិនិយោគ ក្នុងពិភពលោកឲ្យស្គាល់កម្ពុជា ជាពិសេស គឺមានការរៀប ចំវេទិកាសេដ្ឋកិច្ចពិភពលោក នៅកម្ពុជា នាពេលខាងមុខ។
លោកបន្តទៀតថា កិច្ចសន្ទនារវាងប្រមុខរាជរដ្ឋាភិបាលនិង ប្រធានស្ថាប័ន អន្តរជាតិ ព្រមទាំងមេដឹកនាំខាង អង្គការ សង្គមស៊ីវិល ក្នុងវិស័យឯកជននោះ គេហៅថាជាកិច្ចសន្ទនា ជាយុទ្ធសាស្ត្រទៅលើបញ្ហាប្រឈមក្នុងពិភពលោក។ អ្វីដែល សំខាន់គឺការជំរុញឲ្យមានការ ចង់ជាបណ្តាញ និងការចងជាសម្ព័ន្ធក្នុងចំណោមថ្នាក់ដឹកនាំកំពូលៗដែលបានចូលរួម។
លោកថា ក្នុងកិច្ចប្រជុំជាលក្ខណៈអន្តរជាតិគឺបានបន្តឲ្យពិភពលោកកាន់តែស្គាល់កម្ពុជា ថែមទៀត៕