ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ បានតាមប្រមាញ់ជនសង្ស័យធ្វើសកម្មភាពឆក់ខ្សែ.កពីបុរស ម្នាក់បានសម្រេច រួចព្យាយាមបើកម៉ូតូគេចខ្លួន រហូតដល់ខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត ត្រូវនគរបាលឃាត់ខ្លួនបាន២នាក់ ក្នុងចំណោមបក្សពួក៣នាក់ កាលពីថ្ងៃទី២៧ មករា ២០១៥ ស្ថិតនៅខាងត្បូងរមណីយដ្ឋានវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ជនសង្ស័យម្នាក់ឈ្មោះមឿង មករា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅផ្ទះជួលម្តុំហូលីដេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងម្នាក់ទៀតឈ្មោះមាស លីហ្សា ភេទស្រី អាយុ២៨ឆ្នាំ ទីលំនៅផ្ទះជួលផ្លូវរទេះភ្លើង ក្នុងសង្កាត់ទួសសង្កែ ខណ្ឌឫស្សី
កែវ ។ ចំណែកជនរងគ្រោះជាម្ចាស់ខ្សែ.កឈ្មោះឈុំ វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះលេខ២៣៦ ផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ស្របពេលឃើញជនសង្ស័យបើកម៉ូតូគេចខ្លួន និងមានសំឡេងស្រែកថា ចោរៗផងនោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ បានបើកម៉ូតូតាមប្រមាញ់ជនសង្ស័យ៣នាក់ដែលព្រឹងបើកម៉ូតូគេចខ្លួន តែចំថ្ងៃស៊យជនសង្ស័យបានបើកម៉ូតូទៅជញ្ជាំងផ្ទះប្រជាពលរដ្ឋ នៅខាងក្រោយមន្ទីរកាល់ម៉ែតដួលប្រកាច់ប្រកិន ហើយត្រូវនគរបាលឃាត់ខ្លួន២ប្រុស-ស្រី រីឯបក្សពួកវាម្នាក់ទៀត ជាស្រីបានគេចបាត់ និងបានយកខ្សែ.ករបស់ជនរងគ្រោះទៅជាមួយ បន្សល់ទុកតែម៉ូតូមួយគ្រឿងជាម៉ូតូរបស់សង្ស័យជិះធ្វើសកម្មភាព ៕
» ព័ត៌មានជាតិ » ចោរប្រុស-ស្រី២នាក់ ឆក់ខ្សែ.កបានព្យាយាមរត់ត្រូវអស់លក្ខណ៍