ភ្នំពេញ៖ នៅវេលាម៉ោងបួនរសៀល កម្មករជាច្រើន បានចាប់ផ្ដើមចាកចេញពីធ្វើការ នៅឯរោងចក្រនានា នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ ដែលជាតំបន់ប្រជុំទៅដោយ រោងចក្រកាត់ដេរ ។ នេះក៏ដោយសារតែពួកគាត់ មិនមានការងារត្រូវធ្វើ បន្ថែមម៉ោងឡើយ ។
កាលពីព២ឆ្នាំមុន នៅថ្មើនេះ កម្មករទាំងអស់នោះ គឺស្ថិតនៅក្នុងរោងចក្រនៅឡើយទេ ពីព្រោះរោងចក្រទទួល បានការបញ្ជាទិញច្រើន ហើយពួកគេអាចស្ម័គ្រចិត្ត ធ្វើការថែមម៉ោង ដែលអាចឲ្យពួកគាត់ រកប្រាក់ចំណូលបន្ថែមទៀត ។
ដូច្នេះ បើទោះបីជាប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មកររោងចក្រ ត្រូវបានដំឡើងក្តី ប៉ុន្តែប្រាក់ចំណូលពីការងារ ថែមម៉ោងបែរជាបាត់បង់ ដោយសារតែឱកាស ការងារថែមម៉ោងពុំសូវមាន ។
ស្ត្រីម្នាក់ជាកម្មករមានកូនពីរនាក់បាននិយាយថា៖ “ខ្ញុំអត់បានថែមម៉ោងទេ ចាប់តាំងពីដើមខែមួយ (មករា) មកគឺ ចេញធ្វើការតែម៉ោងបួន ។ ខែមុនៗបានថែមម៉ោង ហើយចេញម៉ោង ០៦ ។ ឥឡូវអត់មានថែមម៉ោង ធ្វើឲ្យខាតលុយច្រើន ។ បើយើងអត់ថែមម៉ោង លុយបានតិចៗ ។ ទោះប្រាក់ខែឡើងក៏ដោយ បើយើងអត់បានថែមម៉ោង នៅតែបានតិចដដែល ។ បើយើងបានថែមម៉ោងតិចទៅ វាគ្រាន់បើ បន្តិច” ។
ចំណែកឯកម្មករម្នាក់ទៀត បានសម្ដែងនូវការបារម្ភរបស់គាត់ ដោយសារតែគ្មាន ការងារថែមម៉ោងដូច្នេះ ។“អត់មានការងារថែមម៉ោងអ៊ីចឹង ខ្ញុំពិបាកណាស់ ។ ពិបាកក្នុងជីវភាពគ្រួសារខ្ញុំ ។ កាលណាខ្ញុំបានថែមម៉ោង បានលុយហ្នឹងទៅផ្គត់ផ្គង់គ្រួសារខ្ញុំ ។ នៅពេលនេះរោងចក្រខ្ញុំ អត់មានការងារថែមម៉ោងទេ ។ ខ្ញុំព្រួយបារម្ភណាស់ ។ នៅពេលអត់មានការងារ ថែមម៉ោងអ៊ីចឹង ខ្ញុំព្រួយបារម្ភណាស់” ។
លោកស្រី Shirley Joseph ប្រធានរោងចក្រវ៉ាយថិចហ្កាមិន ដែលផលិតខោអាវទ្រនាប់ សម្រាប់ទីផ្សារអាម៉េរិក និងបារាំង បានឲ្យដឹងថា រោងចក្របានទទួលការ បញ្ជាទិញតិចទៅៗ បន្ទាប់ពីមានកូដកម្ម ទូទាំងប្រទេស ដែលចាប់ផ្ដើមកាលពីចុងឆ្នាំ ២០១៣មក ។ ដូចគ្នានឹងម្ចាស់រោងចក្រ ជាច្រើនផ្សេងទៀតដែរ អ្នកស្រីបានអំពាវនាវ ឲ្យអ្នកបញ្ជាទិញជួយដល់ឧស្សាហកម្ម កាត់ដេរនៅកម្ពុជានេះ ។
លោកស្រីបាននិយាយថា “យើងខ្ញុំជាអ្នកវិនិយោគ ហើយយើងមកទីនេះជួយផ្ដល់ការងារធ្វើ ។ វាជារឿងក្រៀមក្រំដែរ ព្រោះដោយសារតែប្រាក់ឈ្នួលកើនឡើង អ្នកបញ្ជាទិញ និងរោងចក្រមិនអាចចរចារ សម្រេចកំណត់លើ តម្លៃឲ្យបានត្រឹមត្រូវ ។ ដូច្នេះ នៅពេលតម្លៃមិនទាន់បានកំណត់ យើងត្រូវរង់ចាំការបញ្ជាទិញ ហើយខណៈដែល យើងកំពុងរង់ចាំ កម្មករក៏ត្រូវរង់ចាំ ការងារធ្វើដូចគ្នា” ។
សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC បានអំពាវនាវ ឲ្យភាគីពាក់ព័ន្ធទាំងអស់ រាប់បញ្ចូល ទាំងអ្នកបញ្ជាទិញ រដ្ឋាភិបាល និងសហជីព ធ្វើយ៉ាងណា ជួយគាំទ្រអភិវឌ្ឍឧស្សាហកម្មកាត់ដេរ ដែលជាវិស័យនាំចេញ ច្រើនជាងគេ បង្អស់របស់កម្ពុជា ។
កាលពីពេលថ្មីៗ អង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO បានទទួលស្គាល់ ជាលើកដំបូងនូវការលំបាក ដែលឧស្សាហកម្ម កាត់ដេរកំពុងតែប្រឈម ដោយបានអំពាវនាវក្រុមហ៊ុន ដែលទិញសម្លៀកបំពាក់ពីកម្ពុជា ជួយគាំទ្រដល់ឧស្សាហកម្មនេះ ដោយបង្កើនតម្លៃ ផលិតផលសម្លៀកបំពាក់ ដើម្បីជួយទប់ទល់នឹងការចំណាយ លើប្រាក់ឈ្នួលអប្បបរមាថ្មី ។ ILO បាននិយាយថា ប្រាក់ឈ្នួលជាមធ្យមសម្រាប់ កម្មករម្នាក់ រាប់បញ្ចូលទាំងប្រាក់ឧបត្ថម្ភ និងប្រាក់ឈ្នួល ថែមម៉ោងផងនោះ គឺអាចនឹងកើនឡើងពី ១៨៣ ដល់២១៧ ដុល្លារក្នុងមួយខែ ។
បើទោះបីជា ILO រីករាយនៅពេលឃើញកម្មករ ទទួលបានប្រាក់ឈ្នួលច្រើន ក៏ខ្លួនមានការ ព្រួយបារម្ភផងដែរថា រោងចក្រនឹងត្រូវចំណាយច្រើន បន្ថែមទៀតលើប្រាក់ ឈ្នួលកម្មករ ខណៈដែលតម្លៃផលិតផលដែល រោងចក្រទទួលបានពីអ្នកបញ្ជាទិញវិញ ហាក់នៅទ្រឹង ឬក៏ធ្លាក់ចុះ ។ GMAC វិញ បានឲ្យដឹងថា នៅពេលនេះ គឺជាពេលវេលាលំបាកសម្រាប់ ឧស្សាហកម្មកាត់ដេរ នៅកម្ពុជា ស្របពេលដែលម្ចាស់ រោងចក្រជាច្រើន បានសម្ដែងការព្រួយបារម្ភ ចំពោះអនាគតអាជីវកម្ម រយៈពេលវែងរបស់ខ្លួន ។
GMAC បាននិយាយថា រដ្ឋាភិបាលត្រូវជួយស្ដារទំនុកចិត្ត របស់អ្នកបញ្ជាទិញ មកលើឧស្សាហកម្មកាត់ដេរឡើងវិញ ដោយចាត់វិធានការតឹងរ៉ឹង ជាងមុនលើកូដកម្ម មិនគោរពតាមនីតិវិធីច្បាប់ដឹកនាំ ដោយសហជីពមួយចំនួន ដែលពុំគោរពតាមគោលការណ៍ ។ បច្ចុប្បន្ន នៅកម្ពុជា មានសហជីពរហូតដល់ទៅជាង ៣៥០០ សហជីពឯណោះ ។ ទន្ទឹមនឹងនេះ GMAC បានអំពាវនាវដល់រដ្ឋាភិបាល ក្នុងការជួយគាំទ្រ សម្របសម្រួលបន្ថែមទៀត លើផ្នែកពាណិជ្ជកម្ម។ GMAC ក៏បានអំពាវនាវ ដល់សហជីពតាម រោងចក្រ ឲ្យជួយអប់រំដល់សមាជិក របស់ខ្លួនអំពីការកំណត់ប្រាក់ ឈ្នួលអប្បបរមាថ្មី ដែលត្រូវអនុវត្ត ចំពោះតែកម្មករមានប្រាក់ខែ តិចជាងប្រាក់ឈ្នួល អប្បបរមាប៉ុណ្ណោះ ហើយមិនមែនមានន័យថា ត្រូវបូកដំឡើងគ្រប់ៗគ្នា ទាំងអស់នោះឡើយ ។ ចំណែកឯអ្នក ដែលមានប្រាក់ឈ្នួល ខ្ពស់ស្រាប់ នឹងត្រូវបានពិនិត្យវាយតម្លៃដំឡើង ទៅតាមស្ថានភាពអាជីវកម្ម របស់រោងចក្រ ។
តាមរយៈការចាត់វិធានការសំខាន់ៗទាំងនេះ នោះភាគីពាក់ព័ន្ធមាន ដូចជារដ្ឋាភិបាល និងសហជីពផង នឹងអាចជួយស្ដារទំនុកចិត្ត របស់អ្នកបញ្ជាទិញ មកលើឧស្សាហកម្ម កាត់ដេរកម្ពុជាឡើងវិញ ហើយនឹងអាចធានាថា កម្មករ នឹងមានឱកាស ធ្វើការថែមម៉ោង រកប្រាក់ចំណូលបន្ថែម សម្រាប់ខ្លួន និងក្រុមគ្រួសារ ៕