ភ្នំពេញ៖ ចាប់តាំងពីបានប្រកាសលទ្ធផលបណ្តោះអាសន្នផ្លូវការនៃការបោះឆ្នោតកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៣ បានធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចពីបញ្ហាអស្ថិរភាពនយោបាយថ្មីខណៈគណបក្ស សង្គ្រោះជាតិ ប្រកាសមិនទទួលយកលទ្ធផលបោះឆ្នោតព្រមទាំងទាមទារឲ្យមានការដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតដើម្បីផ្តល់
យុត្តិធម៌ដល់ម្ចាស់ឆ្នោត។ ដោយឡែកគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច បានដាក់ពង្រាយកងកម្លាំងយោធា និងបំពាក់ដោយគ្រឿងសព្វាវុធនៅតាមតំបន់គោលដៅសំខាន់ៗនានាក្នុងរាធាជនីភ្នំពេញ ក៏ដូចជា នៅតាមបណ្តាខេត្តមួយចំនួនប៉ុន្តែត្រូវបានតំណាងមន្ត្រីរដ្ឋាភិបាល និងអ្នកនាំពាក្យប៉ូលិសប៉េអឹម បានអះអាងថា
ការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ មានទាំងកាំភ្លើងនិងទាំងការចល័តរថពាសដែកជាដើមនោះ ដើម្បីតែការពារសន្តិសុខនិងផ្តល់នូវសុវត្ថិភាព ដល់ប្រជាពលរដ្ឋក្រែងលោមានបាតុកម្មហិង្សាកើតឡើង ប្រឆាំងនឹងលទ្ធផលបោះឆ្នោតតែប៉ុណ្ណោះ។
នៅថ្ងៃនឹងមានពិធីបួងសួងសុំសន្តិភាព ដែលមានរៀបចំធ្វើជាលើកទី២ដោយក្រុមអង្គការសង្គមស៊ីវិលជាង២០ស្ថាប័នចូលរួមនៅក្នុងបរិវេណរមណីដ្ឋានវត្តភ្នំ គោលបំណងដើម្បីអំពាវនាវក៏ដូចជា បង្ហាញសារមួយចំនួនដល់គ្រប់ភាគីទាំងអស់ចូលរួមដោះស្រាយការជាប់គាំង ផ្នែកនយោបាយដោយសន្តិភាពនៅកម្ពុជាក្រោយការបោះឆ្នោត
ដែលរហូតមកដល់ពេលនេះ នៅមិនទាន់មានការដោះស្រាយជាស្ថាពរនៅឡើយទេ។ខណៈដែលគណបក្សប្រឆាំងព្រមានថា នឹងធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតករណីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោតឲ្យបានត្រឹមត្រូវនោះ រីឯរដ្ឋាភិបាលវិញក៏បានព្រមានបង្ក្រាបដែរ បើមានមហាបាតុកម្មកើតឡើង។ រំលឹកថាពិធីបួងសួងសុំសន្តិភាពនេះត្រូវបានប្រារព្ធធ្វើម្តងរួចមកហើយកាលពីថ្ងៃទី១៤ ខែសីហាកន្លងទៅដោយមានការចូលរួមពីអង្គការសង្គមស៊ីវិលជាង២០រួមនឹងប្រជាពលរដ្ឋប្រមាណ៥០០នាក់
ហើយអ្នកចូលរួមបានលើកបដាមួយចំនួន ដោយផ្តល់សារទៅអ្នកនយោបាយ ដូចជាយើងជាម្ចាស់ប្រទេស ហើយក៏ជាម្ចាស់អំណាចយើងត្រូវការឲ្យប្រទេសមានសន្តិភាពយើងមិនត្រូវការបាតុកម្មដោយហិង្សាហើយ ក៏មិនត្រូវការការបង្ក្រាបដោយហិង្សាយើងត្រូវការដំណោះស្រាយដោយសន្តិវិធី គ្មានហិង្សានិងសូមអ្នកនយោបាយតម្កល់
ប្រយោជន៍ជាតិ និងរាស្ត្រជាធំកុំបំភិតបំភ័យរាស្ត្រម្ចាស់ឆ្នោត៕
ដោយៈ សេរីមករា