ភ្នំពេញ៖ ដើម្បីចូលរួមលើកកម្ពស់ការពាក់មួកសុវត្ថិភាព និងកាត់បន្ថយការបើកបរនៅក្រោម ឥទ្ធិពលគ្រឿងស្រវឹងដល់យុវជនកម្ពុជានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសហភាព សហព័ន្ធយុវជនកម្ពុជា ក៏ដូចជាអង្គការសុខភាពពិភពលោក បានសហការរៀបចំវេទិកាលើកកម្ពស់ការយល់ដឹងអំពីការពាក់
មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងកាលពីថ្ងៃទី ២០ សីហា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការមិត្តភាពកម្ពុជា-ជប៉ុន។
លោក ស្ទីវឹនអ៊ីឌីង តំណាងអង្គការសុខភាពពិភពលោក បានថ្លែងក្នុងអង្គវេទិកាលើក កម្ពស់ការពាក់មួកសុវត្ថិភាពនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនថា ការរងរបួសពិការភាព និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ គឺជាបញ្ហាសុខភាពសាធារណៈដែលកំពុងតែកើនឡើង គួរឱ្យបារម្ភ ហើយជនរងគ្រោះទាំងអស់នោះ បាននឹងកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយបង្កើននូវបន្ទុកដ៏ធ្ងន់ថែមទៀត ដល់ប្រព័ន្ធ
សុខាភិបាលដែលមានថវិកាកំណត់។
លោកបានបន្តថា ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងក៏ជាកត្តាចំបងមួយដែលបង្កឱ្យ មានគ្រោះ ថ្នាក់ចរាចរ ហើយវាបានធ្វើឱ្យបាត់បង់ជីវិតមនុស្សចំនួន ២៥៦នាក់ សើ្មនឹង ១៣%នៃអ្នកស្លាប់ទាំងអស់ នៅក្នុងឆ្នាំ២០១២។
តំណាងអង្គការសុខភាពពិភពលោករូបនេះ បានសង្កត់ធ្ងន់ថា អ្វីដែលយើងមានក្តីបារម្ភបំផុតនោះ គឺយុវជនកម្ពុជាដែលជាសសរទ្រូងនៃការអភិវឌ្ឍប្រទេសគឺជាអ្នករងគ្រោះច្រើនជាងគេពីសោកនាដកម្ម នេះដោយមាន ៥០% នៃអ្នកស្លាប់ទាំងអស់ដោយសារតែគ្រោះថ្នាក់ចរាចរភាគច្រើនមានអាយុពី ១៥ឆ្នាំ ដល់ ២៩ឆ្នាំ ដែលបាន
បណ្តាលឱ្យបាត់បង់ធនធានគ្រួសារនិងសង្គមសម្រាប់មនុស្ស ជំនាន់ក្រោយទៀត។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានឱ្យដឹងថា គោលបំណង នៃការរៀបចំវេទិកាសាធារណៈនេះឡើង គឺដើម្បីចែករំលែកចំណេះដឹងពីការពាក់មួក សុវត្ថិភាព និងឲ្យយល់ពីគ្រោះថ្នាក់នៃការសេពគ្រឿងស្រវឹង ដើម្បីធ្វើការផ្លាស់ប្តូរឥរិយាបទវិជ្ជមានពីការ ប្រើប្រាស់មួកសុវត្ថិភាព និងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាផ្តល់តម្លៃខ្លួនឯង ក្នុងសង្គម។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា កត្តាគោរពច្បាប់ចរាចរណ៍ជាធំចម្បងជាងគេនោះ ត្រូវតែកើត ចេញពីបុគ្គលខ្លួនឯងម្នាក់ៗតែម្តងលើការបន្ថយអត្រាគ្រោះថ្នាក់ចរាចរនៅប្រទេសកម្ពុជា។ ចំពោះវេទិកា នេះដែរ ពិតជាបានផ្តល់សារៈសំខាន់ណាស់ដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ជាពិសេសសម្រាប់យុវជន កម្ពុជាបានយល់ដឹងអំពី
សុវត្ថិភាពចរាចរណ៍ និងកត្តាហានិភ័យដែលបណ្តាលឱ្យមានគ្រោះ ថា្នក់ចរាចរណ៍ ។ លោក តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា នៅឆ្នាំ២០១២ កន្លងទៅ មានជនរង គ្រោះដោយសារគ្រោះថ្នាក់ចរាចរសរុបចំនួន ១៥.៦១៥ នាក់ ដែលក្នុងនោះ បាត់បង់ជីវិតចំនួន ១៩៦៦នាក់ និងរបួសធ្ងន់ចំនួន ៥៣៤៩នាក់។ ចំនួនអ្នកស្លាប់បានកើនឡើង ៣% និងអ្នករបួសធ្ងន់ថយ ចុះ ៨% បើប្រៀបធៀបនឹងឆ្នាំ ២០១១។
លោករដ្ឋលេខាធិការ បានបន្តថា គ្រោះថ្នាក់ចរាចរបានធ្វើឱ្យប្រទេសកម្ពុជាយើងខាតបង់ថវិកា ៣២៨លានដុល្លារសហរដ្ឋមេរិក ក្នុងនោះខាតបង់ ៤៣លានដុល្លារបណ្តាលមកពីការបើកបរ ក្រោមឥទ្ធិពលជាតិស្រវឹង។ លោកបន្ថែមទៀតថា គ្រោះថ្នាក់ចរាចរបានបន្សល់ទុកនូវកូនកំព្រា ស្ត្រីមេម៉ាយ ជនពិការ ទុរគតភាព ដែលជាសោកដកម្មដល់ក្រុមគ្រួសារជនរងគ្រោះ សហគមន៍ និងប្រជាជនទាំង មូលផងដែរ។
លោកក៏បានបញ្ជាក់ដល់យុវជនកម្ពុជាទាំងអស់ថា ការពិសាគ្រឿងស្រវឹង សូម្បីតែក្នុងកម្រិតតិច តួចក្តី ក៏វាអាចបង្កឱ្យមានគ្រោះថា្នក់ចរាចរណ៍ដល់ខ្លួនឯង និងអ្នកប្រើប្រាស់ផ្លូវដទៃផ្សេងទៀត។
បើយោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១២ បានបង្ហាញឱ្យដឹងថា ជនរងគ្រោះ ថ្នាក់ចរាចរដែលជាអ្នកប្រើប្រាស់ម៉ូតូបានទទួលរងគ្រោះថ្នាក់ច្រើនជាងគេ គឺមានរហូតដល់៦៨% នៃជន រងគ្រោះថ្នាក់សរុប និងមានជនរងគ្រោះ ៦៦% បានស្លាប់ដោយសារការប៉ះទង្គិចក្បាល។ ក្នុងចំណោមអ្នកជិះម៉ូតូដែលរងគ្រោះថ្នាក់ចរាចរមានតែ ២២%ប៉ុណ្ណោះ ដែលពាក់មួកសុវត្ថិភាព ជាចំនួនមួយនៅ មានកម្រិតទាបនៅឡើយ៕
ដោយៈ សេរីមករា