កំពត៖ សំរាមនិងកាកសំណល់ដែលបានស្តុកចោលជាច្រើនថ្ងៃក្នុងក្រុងកំពត ជាបញ្ហាមួយដែលធ្វើឲ្យមានការរិះគន់ពីមជ្ឈដ្ឋានទូទៅ ពិសេសក្រុមអ្នកទេសចរណ៍ដែលគេបានធ្វើដំណើរឆ្លងកាត់ឬដើរកំសាន្តជាប្រចាំនោះ។
គេបានដឹងច្បាស់ថា អ្នកគ្រប់គ្រងលើផ្នែកប្រមូលសំរាមនេះសព្វថ្ងៃហាក់មានភាពយឺតយ៉ាវក្នុងការប្រមូលកាកសំណល់ ដោយបានបង្អែរបង្អង់រយះពេល៣ឬ៤ថ្ងៃទើបឃើញយករថយន្តមកប្រមូលចេញ ហើយបញ្ហាទាំងនេះក៏បានធ្វើឲ្យសំរាមនិងកាកសំណល់អាហារផ្សេងៗប្រែជារលួយចេញទឹករហាមចោលក្លិនស្អុយអសោធ
គ្រប់ពេលវេលា ថែមទាំងបង្កការរំខានការការរស់នៅរបស់ប្រជាពលរដ្ឋ ខូចបរិស្ថាន ពិសេសរងការតិះគន់ពីសំណាក់អ្នកទេសចរណ៍ផងដែរ។ ទាក់ទងនឹងសំរាមស្តុកចោលជាច្រើនថ្ងៃដោយមិនទទួលខុសត្រូូវនោះ គេនាំគ្នារិះគន់ថា ក្រុមហ៊ុនផ្នែកដឹកជញ្ជូនសំរាមភាគច្រើនប្រមូលតែពេលព្រឹកស្របពេលមហាជនអង្គុយទទួលទានអាហារ
ពេលព្រឹកតាមហាងឬតៀមលក់នំចំណីផ្សេងៗ ដោយបានធ្វើឲ្យពួកគេមានការធុនទ្រាន់នឹងកិ្លនដ៏អសោធដែលជះចំហាយចេញមកពីរថយន្តដឹកសំរាមទាំងនោះ។ គេបានលើកឡើងទៀតថា ក្រុមហ៊ុនប្រមូលសំរាមពេលដល់ខែតែងតែឲ្យបុគ្គលិកដើរប្រមូលលុយគ្មានបាត់មួយកាក់មួយសេនឡើយ សូម្បីលំនៅដ្ឋានតូចតាចដែលមិនសូវបង្កភាពក្រខ្វក់នោះក៏កត់បញ្ជីយកលុយពុំអត់ឱនឲ្យផង ចុះហេតុម្តេចបានជាទុកសំរាមគរចោល៣ទៅ៤ថ្ងៃទើបមកប្រមូលចេញបែបនេះ បានសេចក្តីថា សីុស្រួល ពេលសងវិញ ពិបាកហើយ។ចំពោះភាពស្ពឹកស្រពន់លើករណីសំរាមនេះ ក៏បានធ្វើឲ្យក្រុមភ្ញៀវទេសចរណ៍ ភាគច្រើនជនបរទេស គេនាំគ្នារិះគន់ស្ទើគ្រប់មាត់ ជួនកាលពួកគេបានយកម៉ាស៊ីនកាមេរ៉ាតាមថតរថយន្តដឹកសំរាមឬគំនរសំរាមដែលស្តុកចោលតាមមុខផ្ទះប្រជាពលរដ្ឋដើម្បីទុកមើលកំសាន្តលេងទៀតផង។ មិនតែប៉ុណ្ណោះបញ្ហាបរិស្ថានតាមតំបន់និមួយៗមិនថាតែក្នុងភូមិសាស្ត្រខេត្តកំពត នោះទេត្រូវបានលើកកំពស់ថែមទាំងលើកជាប្រធានបទ គឺទីក្រុងដ៏ស្រស់ស្អាត គ្មានសំរាម សំរាប់ទ្រទ្រង់សុខភាព។ ប៉ុន្តែករណីដែលក្រុមហ៊ុនបែរជាមានការយឺតយ៉ាវក្នុងការប្រមូលសំរាមដូចខាងលើនេះតើវាអាចស្របតាមប្រធានបទនេះដែរឬទេ?។ ចំពោះបញ្ហាដែលកំពុងប៉ះពាល់ដល់បរិស្ថានខាងលើ មហាជនក្នុងខេត្តកំពត សំណូមពរដល់អ្នកគ្រប់គ្រងផ្នែកសំរាម គួរតែមានភាពរួសរាន់ឆាប់ប្រមូលចេញមួយថ្ងៃម្តង ហើយមិនត្រូវប្រមូលតែពេលព្រឹកបែបនេះទេ សូមប្រមូលពេលយប់ទើបប្រសើរជាង។
ទាក់ទិននឹងបញ្ហាប្រមូលសំរាមមានភាពបង្អែរបង្អង់នេះអ្នកយកព័ត៌មានមិនអាចសុំការអត្ថាធិប្បាយពីប្រធានផ្នែកខាងប្រមូលសំរាមនេះបានទេនៅរសៀលថ្ងៃទី២០ខែសីហា ឆ្នាំ២០១៣នេ៕
ណារិទ្ធ