បាត់ដំបង៖ភ្លើងកំហឹងស្នេហ៍ត្រីកោណ បានធ្វើឲ្យស្ត្រីម្នាក់ដាច់ចិត្តចាក់សម្លាប់ប្តីជាច្រើនកាំបិត ខណៈប្តីកំពុងរួមរស់ជាមួយស្រីស្នេហ៍ហ៍យ៉ាងស្កប់ស្កល់នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅក្រុមទី៣៩ ភូមិ១៣មករាសង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្ត បាត់ដំបង នាម៉ោង ៦និង១០នាទីព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ០១៣ដោយបន្សល់ទុក
កូនប្រុសស្រី៤នាក់នៅកំព្រា។
លោក សូ ឌី អនុប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌កងរាជអាវុធហត្ថខេត្តបានប្រាប់ថា ជនរងគ្រោះឈ្មោះ ជួប ប៊ុនហង្សអាយុ៣៩ឆ្នាំមានរបរជាងចម្លាក់ និងជាជនពិការជើងម្ខាងរីឯភរិយាដៃដល់ឈ្មោះប្រេន សុគន្ធាអាយុ៣៧ឆ្នាំមានផ្ទៃពោះ២ខែនិងមានកូន៤នាក់ក្នុងបន្ទុកនៅភូមិអន្លង់វិលឃុំអន្លង់វិល ស្រុកសង្កែ។
លោកថា ស្ត្រីរូបនេះបានប្រើកូនកាំបិតតាមចាក់សម្លាប់ប្ដីគ្រាដែលបុរសនេះកំពុងស្នាក់នៅនែបនិត្យជាមួយស្រីកំណាន់ចិត្តឈ្មោះប៊ុន ឌី អាយុ២៥ឆ្នាំមកពីខេត្តសៀមរាប ក្នុងបន្ទប់ផ្ទះជួលខាងលើ។
បើតាមសេចក្តីរាយការណ៍បឋមពីសាក្សីដែលស្គាល់ក្រុមគ្រួសារកើតអំពើហិង្សាចាក់សម្លាប់គ្នានេះ បានឲ្យដឹងថា លោក ជួបប៊ុនហង្ស ជាជនរងគ្រោះ បានភ្ជាប់និស្ស័យជាមួយភរិយា ប្រេន សុគន្ធាជាស្ត្រីមេម៉ាយកូន២ ជាច្រើន ឆ្នាំមកហើយរហូតទទួលបានចំណងដៃអនុស្សាវរីយ៍កូន២នាក់ថែមទៀតផង។
តែចំណងស្នេហាបានប្រែជាប្រេះឆា និងឈ្លោះប្រកែកគ្នាជាញឹកញយបន្ទាប់ពីស្វាមីជាជនរងគ្រោះ បានលួចលប មានស្រីស្នេហ៍ថ្មីវ័យក្មេង ឈ្មោះចាន់ឌី អាយុ ២៧ឆ្នាំ ជាអ្នករស់នៅសៀមរាប។
ប្រភពដដែលបន្តថា លុះមុនថ្ងៃកើតហេតុមួយថ្ងៃ គឺនៅថ្ងៃទី១៩ ខែសីហាជនរងគ្រោះជាប្តី និងស្ត្រីជាភរិយា បានជិះម៉ូតូឌុបគ្នាញុំាអី យ៉ាងល្អូកល្អិនព្រមទាំងផ្តល់ថវិកា២០០ដុល្លារថែមទៀត ដើម្បីយកទៅដោះបំណុលរបស់អង្គការ។ទន្ទឹមជាមួយគ្នានេះស្ត្រីជាភរិយាក៏បានសុំថវិកាបន្ថែមទៀតដើម្បីយកកូនទើបចាប់កំណើតចេញ តែជនរងគ្រោះជា
ប្តីមិនបាន ឲ្យនោះទេហើយក៏បែកគ្នាទៅ។
ស្រាប់តែយប់ឡើងបុរសជាប្តីមិនស្នាក់នៅជាមួយភរិយានោះទេបានលបមករួមដំណេកជាមួយស្រីកំណាន់វ័យ២៧ឆ្នាំក្នុងផ្ទះជួលស្ថិតនៅចំណុចកើតហេតុខាងលើ។លុះព្រឹកឡើងគឺនៅថ្ងៃទី២០ខែសីហានេះស្ត្រីជាភរិយាបានទៅដល់មុខបន្ទប់ ស្រាប់តែឮស្វាមីគាត់និងស្រីកំណាន់ចិត្តនោះកំពុងប្រឡែងគ្នាយ៉ាងត្រេកត្រអាលធ្វើឲ្យអារម្មណ៍គាត់
ក្ដៅក្រហាយយ៉ាងខ្លាំង ក៏ដកកាំបិតពីចង្កេះដែលគាត់យកមកតាមចាំមុខបន្ទប់ជាស្រេចលុះខណៈស្វាមីគាត់បើកទ្វារចេញក្រៅបម្រុងទៅធ្វើការគាត់ក៏ស្ទុះទៅចាក់ទាំងកំហឹងតែម្ដង។
ស្ត្រីរូបនេះបន្ថែមថា គាត់គ្មានចេតនាសម្លាប់ប្ដីទេបើទោះជាដាក់កាំបិតតាមខ្លួនក្ដីតែដោយស្ដាប់ឮប្ដីប្រឡែងគ្នាយ៉ាងស្និតទ្ធស្នាលជាមួយស្រីផ្សេងទាំងព្រឹកបែបនេះ ទប់កំហឹងមិនបានក៏ដកកាំបិតចាក់ ស្រីស្នេហ៍តែប្តីចេញមករងក៏ត្រូវចំប្តី រីឯស្រីស្នេហ៍នោះក៏របួសផងដែរ។
ទោះជាប្តីចេញមករងកាំបិតយ៉ាងណាក្តី ព្រោះតែកំហឹងឆាបឆួលពេញបេះដូងទៅហើយនោះអ្នកស្រី ប្រេន សុ គន្ធា មិនបានបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយនៅតែបន្តចាក់ទៅលើប្តីជាច្រើនកាំបិតបណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាមតែម្តង។
ក្រោយហេតុការណ៍ចាក់សម្លាប់គ្នាកើតចេញពីភ្លើងហិង្សាស្នេហាត្រីកោណត្រូវបានសមត្ថកិច្ចចុះដល់កន្លែងកើត ហេតុភ្លាមៗនិងឃាត់ខ្លួនស្ត្រីជាភរិយាដៃដល់និងស្រីកំណាន់ទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដើម្បីធ្វើការសួរនាំផងដែរ។
លោកវរសេនីយ៍ទោអ៊នជ្រីសៅរ៍មណ្ឌលមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តនិងជាប្រធានមន្ទីរស្រាវជ្រាវនិងយុត្តិធម៌បានបញ្ជាក់ដែរថានេះជាករណីមនុស្សឃាតដោយចេតនាដែលកើតចេញពីស្នេហាត្រីកោណ។ លោកមេបញ្ជាការខេត្តបានបញ្ជាឲ្យឃាត់ខ្លួនជនដៃដល់ដែលជាភរិយានោះហើយរីឯស្ត្រីកំណាន់ចិត្តបានបញ្ជូនទៅ
ព្យាបាលនៅមន្ទីរពេទ្យភ្លាមៗដែរដោយសារនាងរបួសដៃម្ខាងពេលប្រតាយប្រតប់គ្នាក្នុងបន្ទប់។
លោកបញ្ជាក់បន្ថែមថាកម្លាំងជំនាញកំពុងសួរនាំស្ត្រីដៃដល់ដើម្បីកសាងសំណុំររឿងបញ្ជូនទៅតុលាការហើយ។សូមបញ្ជាក់ផងដែរ ផ្ទះជួលកន្លែងកើតហេតុខាងលើនេះ កាលពីចុងឆ្នាំ២០១២ក៏មានករណីឃាតកម្មម្តងរួចមក ហើយ ដោយជនដៃដល់ បានចាក់សម្លាប់ថៅកែអេតចាយ ម្តាយនិងកូន ស្លាប់ក្នុងថ្លុកឈាម រហូតដល់ឆ្នាំ២០១៣
នេះមានករណីដូចគ្នាកើតឡើងជាថ្មីម្តងទៀត៕
ដោយ៖ នាយដន