កោះកុង ៖ ចោរជនជាតិ យួនទាំង៤នាក់ ដែលជំនាញខាងលួចមាស របស់ក្រុមអាជីវករ នៅតាមខេត្តមួយចំនួននោះ ហើយដែលត្រូវបង្ក្រាបដោយជោគជ័យនៅខេត្តកោះកុង កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានមន្ត្រីនគរបាល នៅតាមខេត្តដែលជនទាំងនេះធ្លាប់ធ្វើសកម្មភាពនោះ បាន និងកំពុងនាំយកសំណុំរឿង ទៅបង្ហាញដល់នគរបាល ខេត្តកោះកុង ដើម្បីដាក់បន្ទុកកាន់តែខ្លាំង។
គួររំលឹកថា ជនសង្ស័យទាំងនេះធ្លាប់ ធ្វើសកម្មភាពបានសម្រេចនៅជាយដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបន្លំយកមាសពីជនរងគ្រោះ អស់ប្រមាណ៣ម៉ឺនដុល្លារ និងនៅខេត្តរតនគិរី ជិត៣ ម៉ឺនដុល្លារ តែត្រូវទប់ស្កាត់ នៅកំពង់ចាម ហើយបង្ក្រាបបាននៅកោះកុង ។
ក្រោយធ្វើសកម្មភាព លួចបន្លំយកមាស ដោយដូរស្ព័រដល់ជនរងគ្រោះ វិញនោះ ជនសង្ស័យទាំងនេះ បានបន្តមកធ្វើសកម្មភាពដដែល នៅខេត្តកំពង់ចាម តែបានបរាជ័យ ពីព្រោះនគរបាលនៅទីនោះដឹងទាន់ និងទប់ស្កាត់ទាន់ពេលវេលា ដែលធ្វើឲ្យពួកវាដកថយសិនទៅ។
លុះបរាជ័យនៅខេត្តកំពង់ចាម ជនសង្ស័យទាំងនេះ បានធ្វើដំណើរទៅខេត្ត ជាប់មាត់សមុទ្រ គឺខេត្តកោះកុង ដើម្បីបន្តអាជីពមួយនេះ ប៉ុន្តែជាថ្ងៃ អស់លក្ខណ៍ ក៏ត្រូវបាននគរបាលខេត្តកោះកុងបង្ក្រាប និងចាប់ខ្លួនបានទាំង៤នាក់តែម្តង។
ជនសង្ស័យទាំង៤នាក់នោះមាន ទី១-ឈ្មោះ ឡេ តឹងលឹត អាយុ៤០ឆ្នាំ ទី២- ឈ្មោះវីន ង៉ុកថាញ់ អាយុ៤០ឆ្នាំ ទី៣-ឈ្មោះ វៀង វ៉ាន់ម៉ាន់ អាយុ២៨ឆ្នាំ និងទី៤-ឈ្មោះ វៀង យ៉ឹងទ្រោយ អាយុ៣៥ឆ្នាំ ទាំង៤នាក់ ជាជនជាតិយួន៕
ក្រោយការចាប់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូត នូវវត្ថុតាងជាច្រើន ក្នុងនោះ លុយក៏មានចំនួនច្រើនផងដែរ។ ប្រតិបត្តិការ និងការបញ្ជូន ព័ត៌មាន នៃសកម្មភាព របស់ជនសង្ស័យទាំងនេះ ពីនគរបាលខេត្តមួយទៅនគរបាល ខេត្តមួយនោះ ជាលទ្ធផលបានទទួលជោគជ័យ ។
មន្ត្រីនគរបាល ខេត្តកំពង់ចាម មួយរូប បានឲ្យដឹងថា ក្រុមចោរទាំងនេះ មានមេខ្លោងម្នាក់ កាំបុតម្រាមដៃ ហើយជំនាញណាស់ បន្លំយកក្លែងក្លាយ ទៅឲ្យជនរងគ្រោះ និងយកមាសពិតត្រឡប់មកវិញ។ ប្រតិបត្តិការ តាមបង្ក្រាបក្រុមចោរទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋជាពិសេស ក្រុមអាជីវកររកស៊ី ដូរលុយ និងលក់មាស នៅតាមផ្សារនោះ មានភាពស្ងប់អារម្មណ៍។
ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ បានតែម្ដងនៅ ស្រុកកោះកុង ហើយរឹបអូសបាន នូវវត្ថុ តាងជាក់ ដូចជា ប្រាក់បាតចំនួន៩ម៉ឺនបាត ប្រាក់ដុល្លារចំនួន ១៧០០ដុល្លារ សំណ១កញ្ចប់ធំ លោកហាក់ធាតុ ពណ៌ លឿង ចំនួន១គីឡូ ប៉ាស្ព័រឆ្លង ចំនួន ៤ រថយន្ដកាមរី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2M-1823 នឹងសម្ភារមួយ ចំនួនទៀត។
សូមបញ្ជាក់ថា ជនសង្ស័យ ជាជនជាតិវៀតណាម ទាំង៤នាក់ ដើរបោកប្រាស់ ដែលបានធ្វើសកម្មភាព ដើរយកមាស ក្លែងក្លាយដូរយកប្រាក់ ហើយត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៥ នោះ លោក សំ ឃិតវៀន ស្នងការ នគរបាល ខេត្ដកោះកុង បានធ្វើសន្និសីទកាសែត បង្ហាញមុខជាសាធារណៈ ដើម្បីបង្ហាញមុខមាត់ ក្រុមទាំងនេះ ធ្លាប់ធ្វើសកម្មភាព ចំនួន៤ទៅ៥ ខេត្ដមកហើយនោះ៕