ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងថ្នាំញៀនចំនួន១៣កូនថង់តូច កាលពីវេលាម៉ោង០១ និង៣០នាទីរសៀលថ្ងៃទី១៦ មករា ២០១៥ ស្ថិតនៅផ្លូវសាធារណៈខាងជើងស្តង់តាងួនចម្ងាយ២០០ម៉ែត្រ ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យឈ្មោះអន យ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ ជាកម្មករលីសែង មានស្រុកកំណើតនៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មកស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជាមួយនិងការចុះបង្ក្រាបនេះ កម្លាំងនគរបាលយើងបានដកហូតវត្ថុតាងជាក់ស្តែង ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម្សៅ ពណ៌ស ចំនួន១៣កូនថង់តូច ទម្ងន់៤,១ក្រាម និងទូរស័ព្ទដៃចំនួន៥គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យនិយាយថា ថ្នាំញៀនទាំងនេះ គឺគេទិញមកប្រើប្រាស់ដោយក្នុង១កូនថង់តូចតម្លៃ៥០០បាត ។ តែទោះជាយ៉ាងណា ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបានឆែកឆេររកឃើញថ្នាំញៀនជាក់ស្តែងនៅ នឹងខ្លួនរបស់គេចំនួន១៣កូនថង់ រួមទាំងទូរស័ព្ទចំនួន៥គ្រឿងទៀត បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងនគរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅរសៀល ថ្ងៃទី១៧ មករា នេះ៕