កណ្តាល ៖ តាំងពីលោក មួង ដារ៉ា បានឡើងធ្វើជាមេគយប្រចាំនៅការិយាល័យគយច្រកជ្រៃធំ ស្រុកកោះធំពីកាលណាមក គេបានឃើញបទល្មើសរកស៊ីខុសច្បាប់របស់ក្រុមឈ្មួញកើតមានពេញបន្ទុក។
បទល្មើសទាំងនោះ គឺការនាំចូលនូវទំនិញគេចពន្ធដូចជា ទំនិញចាប់ហួយគ្រប់ប្រភេទ គ្រឿងទេស មេស្រាថ្នាំបំពុលសត្វ ថ្នាំកសិកម្ម ថ្នាំពេទ្យ។ ការនាំចូលឆ្អឹងមាន់ ជង្គង់មាន់ សាច់មាន់ ទា តាមច្រករបៀងស្ថិតនៅក្នុងភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំដឹកដោយរថយន្តតួរីសសំដៅមកភ្នំពេញនៅពេលយប់ ដែលសកម្មភាពដឹកជញ្ជូន
ប្រព្រឹត្តទៅយ៉ាងរលូនដូចកុកហើរលើមេឃអ៊ីចឹង។ក្រៅពីនេះលោក មួង ដារ៉ា នៅបានបន្ធូរបន្ថយលើទំនិញគេចពន្ធដូចជាគ្រឿងសំណង់គ្រប់ប្រភេទរបស់ក្រុមហ៊ុននាគខៀវដែលគេបានស្គាល់ថា ជាក្រុមហ៊ុនរបស់លោក ឧត្តមសេនីយ៍ផ្កាយ៣ សៀ ហ៊រហុយ និងក្រុមហង្ស របស់លោកឧត្តមសេនីយ៍ផ្កាយ២ ឡៅ តុងហាន ។ លោកទាំងពីរ
នាក់នេះជាមន្ត្រីយោធានៅក្នុងបន្ទាយអង្គរក្សសម្តេចតេជោ ហ៊ុន សែន ។
បញ្ហាឃុបឃិតគ្នារបស់លោក មួង ដារ៉ា និងក្រុមឈ្មួញទាំងនេះ គឺបានធ្វើឲ្យបាត់បង់ចំណូលរដ្ឋរាប់ពាន់លានរៀលក្នុងមួយខែៗ។ ចំណែកទំនិញខុសច្បាប់ដែលក្រុមឈ្មួញនាំចេញទៅប្រទេសវៀតណាមវិញ គឺមានដូចជាឈើប្រណីត និងសត្វព្រៃគ្រប់ប្រភេទ ។ បទល្មើសនាំឈើចេញទៅប្រទេសវៀតណាមគឺកើតមានជារៀងរាល់ថ្ងៃ តែមិន
ត្រូនបានមន្ត្រីជំនាញ ពិសេសមន្ត្រីគយដូចលោក មួង ដារ៉ា ធ្វើការបង្ក្រាបឡើយ ។
ក្រៅពីការបើកដៃឲ្យមានបទល្មើសនាំចេញ និងនាំចូលនូវទំនិញខុសច្បាប់ខាងលើ ឥឡូវនេះស្រាប់តែមានលេចឮព័ត៌មានថា លោក មួង ដារ៉ា បានឲ្យកូនចៅទៅដាក់ប៉ុស្តិ៍អង្គុយចាំកត់ក្បាលជ្រូកដែលនាំចូលពីប្រទេសវៀតណាមតាមច្រករបៀងស្ថិតនៅក្នុងភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ចូលមកប្រទេសកម្ពុជាក្នុងមួយក្បាលលោក
មួង ដារ៉ា តម្រូវឲ្យបង់១០០០០រៀល (មួយម៉ឺនរៀល) ហើយក្នុងមួយថ្ងៃៗ ជ្រូករាប់ពាន់ក្បាលត្រូវបាននាំចូល។
ចំណែកសមត្ថកិច្ចជំនាញពេទ្យសត្វក៏អង្គុយចាំតែកត់ក្បាលជ្រូកគិតលុយដូចកុកចាំចឹកចំណីអ៊ីចឹងដែរ ។នេះបានពិតជាដូចរឿងទន្សោងគោព្រៃមែនដើររកស៊ីតាមជើងភ្នំផឹកទឹកដងអូរ តូចស៊ីដោយតូច ធំស៊ីដោយធំ ។ឲ្យតែបានលុយបើទោះបីច្បាប់ហាមឃាត់ការនាំចូលនូវសត្វជ្រូក មាន់ ទា នេះបានធ្វើឲ្យមានជំងឺឆ្លងផ្តាសាយបក្សីស្លាប់ប្រជាជនខ្មែរយ៉ាងណាក៏ដោយក៏មិនខ្វល់ដែរ Sic ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក មួង ដារ៉ាបានទេកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ដោយសារទូរស័ព្ទទាក់ទងមិនចូល៕
ដោយ៖ដាំជា