ព្រៃវែង ៖ ប្រជាពលរដ្ឋដូចជាមន្ត្រីនៅខេត្តព្រៃវែងបានឲ្យដឹងថា ជញ្ជីងថ្លឹងរថយន្ដចល័ត ដែលគេហៅថា កុងត្រូលជជុះស្ថិតនៅ លើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិចេក ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង បានចាប់ផ្ដើមចេញមុខធ្វើសកម្មភាពដាក់ប៉ុស្តិ៍ជជុះ ដើម្បីប្រមូលលុយដល់ ក្រុមអ្នករកស៊ីដឹកទំនិញនិងឈ្មួញដឹកទំនិញ លើសទម្ងន់បន្ដទៀត ខណៈដែលជញ្ជីង ចល័តថ្លឹងរថយន្ដបានផ្អាកជិតកន្លះឆ្នាំ មកហើយ ។
សេចក្ដីរាយការណ៍បានឲ្យកាសែតអរិយធម៌ដឹងថា ជញ្ជីងចល័តថ្លឹងរថយន្ដនេះចាប់ផ្ដើម ដំណើរការនៅដើមខែមករា ឆ្នាំ២០១៥ ប៉ុន្ដែអ្វីដែលកត់សម្គាល់នោះគឺមិនឃើញ មានស្លាកសញ្ញានិងអក្សរថ្លឹងរថយន្ដ លើសទម្ងន់ដូចមុននោះទេ ដោយគ្រាន់ តែឃើញក្រុមមន្ដ្រី៤ទៅ៥នាក់ ខ្លះដោះ អាវស្លៀកខោជើងវែងដេកក្នុងអង្រឹង និង ឃើញមានរថយន្ដដែលដឹកទំនិញ ដឹក ស្រូវ ដឹកខ្សាច់លើសទម្ងន់មកឈប់ត្រៀម ត្រាចុះពីរថយន្ដដើរសំដៅចូលបរិវេណនោះ បានបង់ប្រាក់ឱ្យក្រុមមន្ដ្រីនោះ ដោយមើលទៅតាមឡានដឹកទំនិញតូចធំ ហើយឲ្យបង់លុយតាមតែមាត់ទៅតាមហ្នឹងដែរ។
សេចក្ដីរាយការណ៍បានបន្ដថា ចំពោះ មន្ដ្រីដែលប្រចាំការនៅកន្លែងថ្លឹងរថយន្ដ នោះគឺមានមន្ដ្រីសាធារណៈខេត្ដព្រៃវែង សហការជាមួយមន្ដ្រីមកពីក្រសួង និង សមត្ថកិច្ចពាក់ព័ន្ធ ពិសេសមានអ្នកគ្រប់គ្រងម្នាក់ឈ្មោះ អាត ជាអ្នកមើលការខុសត្រូវនិងជាអ្នកចំណូលចំណាយ ផងដែរ ។
គួរបញ្ជាក់ថា ដើមខែមករានេះ ជញ្ជីងចល័តថ្លឹងរថយន្ដនៅលើកំណាត់ ផ្លូវជាតិលេខ១ ក្នុងឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែងនេះបានចាប់ផ្ដើមដំណើរការ ភ្លាមគេសង្កេតឃើញមានរថយន្ដធំៗ ដែលផ្ទុកលើសទម្ងន់បានឆ្លងកាត់នោះ ឈប់ជាហូរហែនិងដើរចូលក្នុងស្នាក់ការ កុងត្រូលនោះខ្លះកាន់សឺមី ខ្លះដៃមានក្ដាប់ លុយ ដោយគេមើលទៅដូចជាមិនមាន ថ្លឹងរថយន្ដនោះទេ ។ កត្ដានេះហើយទើប បង្កឱ្យផ្លូវមួយចំនួនខូចខាតខ្ទេចខ្ទីដោយសារក្រុមឈ្មួញដឹកទំនិញ លើសទម្ងន់ទាំងនោះ ហុចតែលុយទៅឲ្យមន្ត្រីជញ្ជីងនោះ ហើយបន្តដំណើរបានដោយរលួន៕ ដោយ ៖ នាយដន