ភ្នំពេញ ៖ លោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យលោកស្រី Wan Hea Leeប្រធានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារកាលពីព្រឹកថ្ងៃទី២០ សីហា ២០១៣នៅសាលារាជធានីភ្នំពេញ ។
ស្រង់តាមសំដីលោក ឡុង ឌីម៉ង មន្ត្រីអ្នកនាំពាក្យសាលារជាធានីភ្នំពេញបានឲ្យដឹងនៅក្រោយជំនួបនោះថា លោកស្រី Wan Hea Leeប្រធានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាមកនេះ ក្នុងគោលបំណងណែនាំខ្លួនក្នុងឋានៈជាប្រធានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សថ្មីប្រចាំកម្ពុជា និងពិភាក្សាការងារមួយចំនួនទាក់ទងនឹងកិច្ចសហការរវាងអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់សាលារាជធានីភ្នំពេញ ជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សដែលមិនអាចខ្វះបាន។
លោកឡុងឌីម៉ង បន្តថា ក្នុងជំនួបនោះដែរ លោកស្រីWan Hea Lee ស្នើសុំកិច្ចសហការជាមួយ សាលារាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញដែលមិនអាចខ្វះបានជំរុញការបង្កើនការគោរពសិទ្ធិមនុស្ស និងសិទ្ធិនានាដែលមានចែងក្នុងច្បាប់របស់កម្ពុជាផងហើយក៏ស្របតាមស្តង់ដារច្បាប់អន្តរជាតិផងដែរ។ លោកបន្តទៀតថា ជំនួប
នោះក៏បានលើកអំពីបញ្ហាការងារសង្គមកិច្ចមួយចំនួនក្នុងរយៈពេលកន្លងមកដូចជាបញ្ហាដីធ្លី បញ្ហាលំនៅឋាន និងការយកចិត្តទុកដាក់ចំពោះជនពិការកម្ពុជាជាដើម។
លោកស្រីWan Hea Lee បានបញ្ជាក់ថា ការងារខ្លះការិយាល័យរបស់លោកស្រីមិនមានជំនាញទេ ប៉ុន្តែជាការិយាល័យមួយដែលមានជំនាញខាងសិទ្ធិមនុស្ស ដែលអាចប្រឹក្សា ផ្តល់ មតិយោបល់ឲ្យគ្នាទៅវិញទៅមកដើម្បីឲ្យមានភាពប្រសើរឡើងនូវការគោរពសិទ្ធិទាំងឡាយ។
ជាការឆ្លើយតបលោក ប៉ា សុជាតិវង្ស បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានលោកស្រី នៅក្នុងប្រទេសកម្ពុជាលើផ្នែកសិទ្ធិមនុស្ស និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនោះជាការងារដែលត្រូវតែជួបមុខគ្នាក្នុងការពិភាក្សាផ្តល់យោបល់លើជំនាញនិងផ្នែកនីមួយៗដើម្បីឲ្យមានការប្រសើរឡើងថែមទៀតតាមការលើកឡើងរបស់លោកស្រី Wan Hea Lee។ លោកអភិបាលព្រមទទួលនូវកិច្ចការទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រយោជន៍សេចក្តីសុខ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ ស្នើឲ្យមានការជួបពិភាក្សាគ្នារវាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស និងសាលារាជធានីភ្នំពេញឲ្យបានញឹកញាប់ ហើយនឹងអាចបង្កើតឲ្យមានក្រុមការងារមួយដើម្បីធ្វើការសហការគ្នា ពិសេសគឺធ្វើការឲ្យមានការយោគយល់គ្នា៕
ដោយ៖ វិជ្ជា