ចំណូលពីការប្រមូលពន្ធនៅក្នុងឆ្នាំ២០១៤ ទទួលបានជាង១ពាន់លានដុល្លារ កើនឡើង ១៧,៩៣ភាគរយ បើធៀបនឹងឆ្នាំ២០១៣ ។ នេះបើតាមការឲ្យដឹងពីអគ្គនាយកដ្ឋានពន្ធដារនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
កិច្ចប្រជុំបូកសរុបលទ្ធផលនៃការប្រមូលចំណូលពន្ធប្រចាំ ត្រីមាស និងប្រចាំឆ្នាំ ឲ្យដឹងថា ក្នុងឆ្នាំ២០១៤ កម្ពុជាប្រមូលពន្ធបាន ៤ ២៥១ ១៦១ លានរៀល ដែលស្មើនឹង ១ ០៦២,៧៩ លានដុល្លារ ។
បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៣ និងឆ្នាំ២០១៤ ចំណូលពន្ធពីសកម្មភាពអាជីវកម្មមានការកើនឡើងស្ទើរតែទាំងអស់ ដោយក្នុងនោះ ចំណូលពន្ធពីការលក់គ្រឿងសំណង់កើនឡើងខ្ពស់ជាងគេ ដែលកើនឡើង ១ ៤១២,៤ ភាគរយ ពីការលក់ផលិតផលឱសថកើនឡើងប្រមាណ ១៤៥,២ភាគរយ អាជីវកម្មអចលនទ្រព្យកើនឡើងប្រមាណ១២៨,២ភាគរយ និងពីផលិតផលម្ហូបអាហារកើនឡើងប្រមាណ៧៥,១ភាគរយ ។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងទៀតថា ចំណែកឯចំណូលពីពន្ធលើប្រាក់បៀវត្សមានការកើនឡើងប្រមាណ២៩,៦ភាគរយ ពន្ធលើប្រាក់ចំណេញមានការកើនឡើងប្រមាណ២៣,៩ភាគរយ អាករលើតម្លៃបន្ថែមមានការកើនឡើងប្រមាណ ៨,៧ភាគរយ និងអាករពិសេសមានការកើនឡើងប្រមាណ១៣,៣ភាគរយ ៕