ភ្នំពេញ៖ លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានប្រទេសអាមេរិកដាក់ចូលក្នុងបញ្ជីខ្មៅ មិនឲ្យចូលទឹកដីអាមេរិកពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស ។
បើតាមព័ត៌មានចែកចាយតៗគ្នាលើបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា លោក ប៉ែន សុវណ្ណ និងលោក ថាច់ សេដ្ឋា ត្រូវបានអាមេរិកបញ្ចូលឈ្មោះទៅក្នុងបញ្ជីខ្មៅ ក្រោយត្រូវបានសមត្ថកិច្ចអាមេរិកស្រាវជ្រាវរកឃើញថា បានប្រព្រឹត្តបទឧក្រិដ្ឋជួញដូរមនុស្សឆ្លងដែនពីប្រទេសកម្ពុជាទៅ កាន់សហរដ្ឋអាមេរិក ។
ឆ្លើយតបនឹងព័ត៌មាននេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ប៉ែន សុវណ្ណ មានប្រសាសន៍ថា លោកបានទទួលបានដំណឹងថា ឈ្មោះរបស់លោកត្រូវបានអាមេរិកដាក់បញ្ជូលក្នុងបញ្ជីខ្មៅពិតមែន ។ លោកថា មូលហេតុដែលនាំឲ្យឈ្មោះរបស់លោកត្រូវបានគេបញ្ចូលទៅក្នុងបញ្ជីខ្មៅ ដោយសារកាលពីឆ្នាំ២០០១ លោកបានធ្វើដំណើរទៅអាមេរិកជាមួយអ្នកបកប្រែម្នាក់ ក្រោយពេលលោកទៅដល់អាមេរិក អ្នកបកប្រែរូបនោះឈឺមិនអាចត្រឡប់មកវិញបានក៏រស់នៅទីនោះមួយរយៈ ។ លោកថា ក្រោយពេលលោកត្រឡប់មកវិញ លោកបានជូនដំណឹងទៅស្ថានទូតអាមេរិករួចរាល់ហើយ ។
លោកបន្តថា គាត់កំពុងធ្វើការដោះស្រាយបញ្ហានេះ ហើយអាមេរិកនឹងដកឈ្មោះរបស់លោកចេញពីបញ្ជីខ្មៅវិញឆាប់ៗ ក្រោយពីជំនួយការម្នាក់នោះទៅបង្ហាញខ្លួននៅស្ថានទូតអាមេរិកប្រចាំកម្ពុជា ។ លោកបញ្ជាក់ថា យើងយកលិខិតឆ្លងដែន របស់អ្នកបកប្រែដែលទៅជាមួយលោក ឲ្យគេឃើញ ហើយយកសំបុត្រពេទ្យឲ្យគេឃើញ ទើបគេ ទទួលស្គាល់ ។
ចំណែក លោក ថាច់ សេដ្ឋា ប្រធានអង្គការសមាគមខែ្មរកម្ពុជាក្រោម និងជាអតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោកមិនទាន់បានទទួលដំណឹងណាមួយពាក់ព័ន្ធនឹងការដាក់បញ្ជូលឈ្មោះ របស់លោកទៅក្នុងបញ្ជីខ្មៅរបស់អាមេរិកនៅឡើយទេ ៕
» ព័ត៌មានជាតិ » លោក ប៉ែន សុវណ្ណ និងលោក ថាច់ សេដ្ឋា អាមេរិកដាក់ចូលក្នុងបញ្ជីខ្មៅ មិនឲ្យចូលទឹកដីអាមេរិក