ពោធិ៍សាត់ ៖ ក្រោយបណ្តាញព័ត៌មានក្នុងស្រុកជាច្រើនធ្វើការចុះផ្សាយអំពីអំពើពុករលួយ របស់លោក ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរធម្មការនិងសាសនាខេត្តពោធិ៍សាត់ឈ្មោះ ពេជ្រ ចន្ថា ដោយមានការគាំទ្រពីលោកប្រធានមន្ទីរ នូ ផេង នោះមក បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។ ក្រៅពីនោះក៏មានការចាប់អារម្មណ៍ពីថ្នាក់ដឹកនាំនិងមន្ត្រីសំខាន់ៗ នៅក្រសួងធម្មការជាពិសេសគឺលោករដ្ឋមន្ត្រី មិន ឃិន ផងដែរ។ ដោយសាមានព័ត៌មានអំពើពុករលួយខាងលើនោះ នៅរសៀលថ្ងៃទី១២មករា លោករដ្ឋមន្ត្រីក្រសួងធម្មការ មិន ឃិន និងអមដំណើរដោយលោកស្រី កែវ សុធារី អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុនិងជាម្តាយមីងបង្កើតរបស់លោក ពេជ្រ ចន្ថា រួមនិងមន្ត្រីសំខាន់ៗរបស់ក្រសួងធម្មការបានចុះធ្វើការស្រាជ្រាវករណីអំពើពុរលួយដ៏ធ្ងន់ធ្ងរដែលប្រព្រឹត្តដោយលោកពេជ្រ ចន្ថា នោះ។
ហើយនៅក្នុងពេលធ្វើការចុះស្រាវជ្រាវនោះលោករដ្ឋមន្ត្រី មិន ឃិន បានកោះហៅលោក ពេជ្រ ចន្ថា ដែលមានតួនាទីជា ប្រធានការិយល័យរដ្ឋបាល លោកអនុប្រធានការិយាល័យរដ្ឋបាលនិងលោកអនុប្រធានមន្ទីរឈ្មោះ រ៉ុន សុភារិន ទៅសាកសួរនៅក្នុងសណ្ឋាគារភ្នំពេជ្រ ទល់មុខអគ្គិសនីខេត្តពោធិ៍សាត់ នៅក្នុងពេលនោះលោករដ្ឋមន្ត្រីបានឲ្យលោកពេជ្រ ចន្ថា ធ្វើការបំភ្លឺជុំវិញករណីអំពើពុករលួយខាងលើនិងបានប្រមូលឯកសារចំណាយនានារបស់មន្ទីរធម្មការទៅពិនិត្យផងដែរ។ ដោយសារតែមានការចុះស្រាវជ្រាវករណីអំពើពុករលួយមួយនេះ បានធ្វើឲ្យមន្ត្រីរងគ្រោះជាច្រើនក្នុងចំណោមមន្ត្រីក្របខណ្ឌចំនួន១៩នាក់របស់មន្ទីរធម្មការ ពោធិ៍សាត់ មានការត្រេអរយ៉ាងខ្លាំង សង្ឃឹមថានឹងអាចកាចធ្មុងលោកពេជ្រ ចន្ថា បានមួយកម្រិត ប៉ុន្តែអ្វីដែលពួកគាត់ព្រួយបារម្ភខ្លាំងគឺខ្លាចលោកស្រី កែវ សុធារី ដែលមានអំណាចធំនៅក្រសួងធម្មការជួយអន្តរាគមន៍ឲ្យលោកពេជ្រ ចន្ថា រួចខ្លួន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីដែលលោក ពេជ្រ ចន្ថា អាចប្រព្រឹត្តអំពើពុករលួយបានដោយសារតែមានការបើកភ្លើងខៀវពីសំណាក់លោកប្រធានមន្ទីរ នូ ផេង ដើម្បីទទួលផលប្រយោជន៍ទាំងអស់គ្នា ហើយឲ្យលោក ពេជ្រ ចន្ថា ជាអ្នកចេញមុខធ្វើការងារដែលខុសច្បាប់។ ចំណែកលោកនូ ផេង គឺគាត់យកលេសថាមានសុខភាពមិនសូវល្អ មិនសូវចូលធ្វើការ ប៉ុន្តែគាត់មិនបានផ្ទេរសិទ្ធិទៅឲ្យអនុប្រធានមួយណាទេ ដោយគាត់ក្តោបការងារទាំងអស់ ខណៈពេលរូបគាត់នឹងត្រូវចូលនិវត្តន៍នៅខែឧសភាខាងមុខនេះក៏ដោយ។ ហើយថ្មីៗនេះមានព័ត៌មានដែលអាចទុកចិត្តបានគឺលោកប្រធានមន្ទីរកំពុងតែប្រកូសប្រកាសរកអ្នកទិញទីតាំងមន្ទីរធម្មការចាស់ក្នុងតម្លៃរាប់ម៉ឺនដុល្លា ប៉ុន្តែមិនដឹងថាអាចលក់បានឬមិនបានទេនៅពេលខាងមុខដ៍ខ្លីនេះ ទោះបីលោក នូ ផេង លក់អតីតមន្ទីរធម្មការចាស់មិនបានក៏រូបគាត់បានយកលុយពីការជួលអតីតមន្ទីរមួយនេះជារៀងរាល់ខែរួចហើយ ចំពោះប្រាក់ទាំងអស់ចូលហោប៉ៅលោក នូ ផេង តែម្នាក់ឯង។ ដោយសារតែលោក នូ ផេង មានឱកាសបានឡើងធ្វើជាប្រធានមន្ទីរក្នុងពេលដែលរូបគាត់ជិតចូលនិវត្តន៍គឺគាត់សប្បាយនិងបុណស័ក្តនិងប្រឹងប្រមូលប្រាក់គ្រប់យ៉ាងដើម្បីដេកស៊ីថ្ងៃមុខ ហើយមួយរយៈខ្លីកន្លងមកនេះរូបគាត់សប្បាយចិត្តខ្លាំងដើរផឹកស៊ីរហូតស្រវឹងបាក់កម្លាំងដេកនឹងកន្ទេលមកធ្វើការលែងកើតរហូតដល់មានព្រះសង្ឃមួយចំនួននៅក្នុងខេត្តនាំគ្នានិមន្តទៅសួរសុខទុកលោកប្រធានមន្ទីរ នូ ផេង ដល់ផ្ទះទៀតផង។
សូមរំលឹកថាអំពើពុករលួយនៅក្នុងមន្ទីរធម្មការខេត្តពោធិ៍សាត់ គឺបានកើតមានឡើង យ៉ាងធ្ងន់ធ្ងរក្រោយពេលលោក ខឹម ញៀម អតីតប្រធានមន្ទីរបានចូលនិវត្តន៍ និងដោយមានលោក នូផេងអតីតអនុប្រធានមន្ទីរឡើងធ្វើជាប្រធានមន្ទីរក្នុងរយៈពេល៦-៧ ខែមកនេះ។ អំពើពុករលួយគឺកើតមានឡើងគ្រប់រូបភាពដូចជាការកិបកេងថវិការនៅជំពូក៦០,៦២និងជំពូក៦៤ ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរបំផុតគឺការស៊ីប្រាក់ខែមន្ត្រីកិច្ចសន្យាខ្មោចយ៉ាងតិច២២នាក់ក្នុងចំណោមមន្ត្រីកិច្ចសន្យាដែរមានឈ្មោះនៅក្នុងបញ្ជី២៨នាក់សំរាប់ឆ្នាំ២០១៤ និងការស៊ីដាច់ប្រាក់មន្ត្រីមានជំងឺជាង១៨លានរៀលរួមនិងប្រាក់សាហ៊ុយទូទាត់ក្នុងប្រទេសមួយចំនួនថែមទៀត។ ដែលមន្ត្រីខ្លះមានឈ្មោះថាការទទួលបានឧបត្ថម្ភប្រាក់មានជំងឺនិងប្រាក់សាហ៊ុយទូទាត់ក្នុងប្រទេសប៉ុន្តែប្រាក់ទាំងអស់នេះត្រូវបានលោកប្រធានការិយាល័យពេជ្រ ចន្ថា ដែលមានលោកប្រធានមន្ទីរ នូ ផេង នៅពីក្រោយបានកិបកេងស្ទើរទាំងស្រុង ធ្វើអោយមន្ត្រីមួយចំនួនធំក្នុងចំណោមន្ត្រីក្របខណ្ឌ១៩នាក់កើតការក្តៅក្រហាយរហូតដល់អនុប្រធានមន្ទីរក៏ស្រក់ទឹកភ្នែកដោយសារតែរង់ការជិះជាន់និងកិបកេងប្រាក់ផលប្រយោជន៍របស់ខ្លួន កុំថាឡើយមន្ត្រីថ្នាក់តូច។ ហើយបច្ចុប្បន្នការងារទាំងអស់ដែលមានផលប្រយោជន៍គឺត្រូវបានលោក ពេជ្រ ចន្ថា ប្រមូលយកមកគ្រប់គ្រង ហើយសុំបីតែប្រាក់ខែរបស់គ្រូពុទ្ធកសិក្សាកិច្ចសន្យាក៏រូបគាត់ជាអ្នកចាត់ចែងនិងជាអ្នកដើរបើកប្រាក់ខែអោយគ្រូៗទាំងនោះ ពេលបើកម្តងៗលោក ពេជ្រ ចន្ថា កាត់ប្រាក់ពីគ្រូក្នុងមួយអង្គ នាក់ពី២ទៅ៣ម៉ឺននាក់ក្នុងចំណោមគ្រូកិច្ចសន្យា៤៩នាក់ ធ្វើអោយលោក ពេជ្រ ចន្ថា ទទួលបានប្រាក់ក្នុងពេលបើកប្រាក់ខែម្តងៗជិត២លានរៀល នេះមិនទាន់បូកបញ្ចូលអំពីគ្រូកិច្ចសន្យាដែលបោះបង់ចោលភារកិច្ចរបស់ខ្លួនមួយចំនួនទៀត ដែលប្រាក់ខែរបស់ពួកគាត់ត្រូវបានលោក ពេជ្រ ចន្ថា ប្រមូលយកតែម្នាក់ឯង។ ចំណែកការិយាល័យពុទ្ធិកសិក្សាដែលជាអ្នកកាន់ជំនាញចំគឺបានត្រឹមកាន់តែប្រាក់និងបើកប្រាក់បន្ថែមម៉ោងអោយដល់គ្រូពុទ្ធិកសិក្សាតែប៉ុណ្ណោះ។
តាមប្រភពបានបញ្ជាក់អោយដឹងថា ដោយសារតែការប្រព្រឹត្តអំពើពុករលួយនិងដោយសារតែប្រធានមន្ទីរលោកនូ ផេងគ្រប់គ្រងមន្ទីរមិនបានល្អនិងមានជំងឺច្រើនបានធ្វើអោយលោក ពេជ្រ ចន្ថា មានឧកាសប្រព្រឹត្តអំពើពុករលួយ ក្នុងរយៈពេលខ្លីទទួលបានប្រាក់មិនតិចជាង៨០លានរៀលសំរាប់ឆ្នាំ២០១៤។ ដោយសារមានអំពើពុករលួយដ៏ធ្ងន់ធ្ងរនៅក្នុងមន្ទីរមួយនេះកើតការក្តៅក្រហាយនិងប្រុងផ្ទុះក្លាយជាភ្នំភ្លើង។
សូមបញ្ជាក់សំរាប់គំរោងចំណាយថវិកាជាតិរបស់មន្ទីរធម្មការខេត្តពោធិសាត់២០១៤គឺមានថវិកាសរុបចំនួន៤២០.0លានរៀលក្នុងនោះ ជំពូក៦០ចំនួន៣៥.០លានរៀល ជំពូក៦២ចំនួន២៩.០លានរៀល ជំពូក៦៤មានថវិការចំនួន៣៥៦.០លានរៀល។ សំរាប់ឆ្នាំ២០១៣និងឆ្នាំ២០១៤មន្ទីរមួយនេះអត់មានថវិការជំពូក៦១ទេ។ ហើយថវិកាខាងលើមកដល់ពេលនេះគឺបានចាយស្ទើរអស់ ប៉ុន្តែថវិកាទាំងនេះត្រូវបានគេកឹបកេងមិនតិចជាង៨០លានរៀលនោះទេ។
ចំពោះថវិកាដែលលោក ពេជ្រ ចន្ថា និងលោកប្រធានមន្ទីរ នូ ផេង កឹបកេងនិងប្រព្រឹត្តអំពើពុករលួយគឺមាននៅគណនេយ្យលេខ៦០១, ៦០២, ៦២២, ៦២៤, ៦៤៤, ៦៤៥ជាដើម។
មន្ត្រីជាច្រើននៅក្នុងមន្ទីរធម្មការខេត្ត ពោធិ៍សាត់ បានអំពាវនាវសុំអោយគណៈអភិបាលខេត្តលោក រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនាជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយគួរពិនិត្យស្រាវជ្រាវលើករណីនេះចាត់វិធានការឲ្យបានធ្ងន់ធ្ងរចំពោះមន្ត្រីខិលខូចខាងលើ ដើម្បីជាការផ្តល់យុត្តិធម៌ដល់មន្ត្រីរង់គ្រោះនិងដើម្បីជាការព្រមានដល់មន្ត្រីខិលខូចកុំអោយយកតម្រាប់តាម៕