ភ្នំពេញ ៖ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ ចោទប្រកាន់ពីបទ ” រំលោភលើទំនុកចិត្ត និងបទក្លែងបន្លំឯកសារឯកជនពាក់ព័ន្ធការស៊ីដាច់ប្រាក់ម្ចាស់ហាង លក់គ្រឿងបន្លាស់ម៉ូតូអិលស៊ីអេច ស្តែផាត ចំនួន៧៥០០០ដុល្លារសហរដ្ឋអាមេរិក។
ជនសង្ស័យមានឈ្មោះ មុយ ពីឡុត អាយុ៣៥ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ ខណៈចូលមកក្នុងហាងដើម្បីដោះស្រាយបញ្ហាមួយចំនួន ពិសេសករណីស៊ីដាច់ប្រាក់ចំនួន៧៥០០០ដុល្លារសហរដ្ឋអាមេរិក និងការក្លែងបន្លំឯកសាររបស់អតិថិជន ។
ពាក់ព័ន្ធបញ្ហានេះ លោក ថៃ គីមអៀន តំណាងម្ចាស់ហាងលក់គ្រឿងបន្លាស់ម៉ូតូ អិលស៊ីអេច ស្តែផាត បានឱ្យដឹងថា ឈ្មោះ មុយ ពីឡុត បានចូលបម្រើការងារតាំងពីឆ្នាំ២០០៩ មានតួនាទីជាតំណាងផ្នែកលក់ និងប្រមូលប្រាក់អតិថិជន ប្រចាំរាជធានីភ្នំពេញ ។ ចាប់តាំងពីចូលបម្រើការងារ ឈ្មោះ មុយ ពីឡុត គឺជាបុគ្គលិកល្អម្នាក់ ។ លោក ថៃ គីមអៀន បានបន្ថែមថា តែចាប់តាំងពីខែឧសភា ឆ្នាំ២០១៥ មក ឈ្មោះ មុយ ពីឡុត ហាក់មានភាពមិនប្រក្រតីមួយចំនួន ដែលធ្វើឱ្យម្ចាស់ហាងមានការសង្ស័យ ។ ក្រោយមកប្រធានផ្នែកលក់ គឺលោក តែ ស៊ីអៀង បានចុះទៅជួបអតិថិជនមួយចំនួន ទើបដឹងថា ឈ្មោះ មុយ ពីឡុត បានក្លែងបន្លំឯកសារមួយចំនួន ដើម្បីកិបកេងប្រាក់ចំនួន៧៥០០០ដុល្លារ ។
លុះដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ ម្ចាស់ហាងបានអញ្ជើញឈ្មោះ មុយ ពីឡុត មកដោះស្រាយនៅហាង ។ ក្រោយពីបានទទួលចម្លើយសារភាពពីឈ្មោះ មុយ ពីឡុត ម្ចាស់ហាង ក៏ហៅសមត្ថកិច្ចកងរាជអាវុធលើផ្ទៃប្រទេស ធ្វើការឃាត់ខ្លួនឈ្មោះ មុយ ពីឡុត តែម្តង ។ លោក ថៃ គីមអៀន បានសង្កត់ធ្ងន់ថា ភាគីម្ចាស់ហាងមិនបានតាមទារសំណងជម្ងឺចិត្តពីឈ្មោះ មុយ ពីឡុត នោះទេ គ្រាន់តែចង់ឱ្យជននេះ សងប្រាក់ដែលស៊ីដាច់ពីអតិថិជនគ្រប់ចំនួនវិញ តែប៉ុណ្ណោះ ៕