ខេត្តព្រះសីហនុ៖ បុរសជាជនបរទេសម្នាក់ ចងកសម្លាប់ខ្លួននៅមុខបន្ទប់ទឹកក្នុងផ្ទះសំណាក់ “សុខុម” បង្កអោយមានភាពភ្ញាក់ផ្អើល ដល់ភ្ញៀវដែលកំពុងស្នាក់ នឹងសមត្ថកិច្ចមូលដ្ឋាន។
សាកសពចងកសម្លាប់ខ្លួននេះត្រូវបានគេឃើញនៅវេលាម៉ោង៤និង២២ទៀបភ្លឺ ថ្ងៃទី៩មករាឆ្នាំ២០១៥ នៅក្នុងបន្ទប់ លេខ៣០៥ផ្ទះសំណាក់សុខុម ដែលមានទីតាំងតាមបណ្តោយផ្លូវ៥០២ ស្ថិតក្នុងភូមិ៤ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ។
ជនបរទេសដែលបានចងក សម្លាប់ខ្លួននេះឈ្មោះFORET FRANH ភេទ ប្រុស អាយុ៥៥ឆ្នាំ ជនជាតិបារាំង កាន់លិខិត ឆ្លងដែនលេខ03TT18842មានមុខរបរទេសចរណ៏ បានចូលមកស្នាក់នៅក្នុងផ្ទះ កាលពីថ្ងៃ ទី២៩ ខែធ្នូឆ្នាំ២០១៤។ ចំពោះមូលហេតុនៃការស្លាប់នេះគេនៅពុំបានដឹងថា មកពីមូលហេតុអ្វីនោះទេ គ្រាន់តែដឹងថានៅមុនកើតហេតុ ជនបរទេសរូបនោះតែងចេញចូលនឹងស្នាក់ នៅក្នុងផ្ទះសំណាក់នេះជាញឹកញ៉ាប់ បន្ទាប់ពីបានមកដើរលេងនៅខាងក្រៅ ហើយនៅមុនកើតហេតុក៏ពុំមានរឿងអ្វីកើតឡើងនោះទេ។
ដោយឡែកយោងតាម ស្ត្រីឈ្មោះ ម៉ី ប៊ុណ្ណារី អាយុ៤៣ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់ បានអះអាងថា នៅមុនកើតហេតុមួយថ្ងៃវេលាម៉ោង៣និង២១នាទីទៀបភ្លឺ ជនបរទេសរូបនោះបានចុះមកទិញស្រាបៀរចំនួន៣កំប៉ុង រួចឡើងចូលក្នុងបន្ទប់វិញបាត់រហូត ដល់វេលាម៉ោង៤និង២២នាទីថ្ងៃទី០៩មករា បុគ្គលិករបស់គាត់បានក្រឡេកតាមបង្អួចឃើញជនបរទេសនោះចងកនៅមុខ បន្ទប់ទឹកហើយ ទើបរូបគាត់រាយការណ៏ទៅកាន់អាជ្ញាធរដែនដីភ្លាមៗដែរ។
លោកវរៈសេនីយ៏ទោ សា រ៉ាត់វិជ្ជា នាយការិយាល័យបច្ចេកទេសពិនិត្យសាកសពបានអះអាងថា សាកសពស្លាប់ដោយសារ អត្តឃាតគឺបានយកខ្សែនីឡុង(ខ្សែអង្រឹង)ចង ជាមួយ ឥដ្ឋខ្សល់មុខបន្ទប់ទឹក។
ទាក់ទិនទៅនឹងការស្លាប់ជនបរទេសនៅក្នុងផ្ទះសំណាក់នេះផងដែរ គេសង្កេតឃើញ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញពាក់ព័ន្ឋពុំបាត់មុខមន្ត្រីណាម្នាក់នោះទេ វាផ្ទុយទៅនឹងការស្លាប់របស់ស្ត្រីម្នាក់នៅក្នុងខ្ចុះក្បែរព្រៃ ស្ថិតនៅក្បែរសណ្ឋាគារឯករាជ្យ ហៅសណ្ឋាគារ ៧ជាន់ គេពុំបានឃើញសមត្ថកិច្ចជំនាញ ពាក់ព័ន្ឋនាំគ្នាទៅពិនិត្យដូចសាកសពស្លាប់នៅ ក្នុងផ្ទះសំណាក់នេះទេ មិនត្រឹមតែប៉ុណ្ណោះថែមទាំងទុកសាកសពអោយសត្វហែកស៊ីសល់ តែគ្រោងឆ្អឹង ដែលមើលទៅគួរឲ្យអនិច្ចាបំផុត ខណះពេលសមត្ថកិច្ចបានត្រឹមតែទៅអើតមើលហើយដើរចេញរៀងៗខ្លួន មិនខ្វល់អំពីគុណធម៏ និង មនុស្សធម៏ និងឧត្តមគតិជា មន្ត្រីអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញសោះឡើយ។ក្រោយពិនិត្យរួច សាកសពត្រូវបានសមត្ថកិច្ចរក្សាទុកប្រគល់ជូនស្ថានទូតយកទៅចាត់ចែងបន្ត៕