ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី៨ មករា ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ យុវជនម្នាក់រងរបួសធ្ងន់សន្លប់បាត់ស្មារតីនៅនឹងកន្លែងមួយសន្ទុះធំ ទើបដឹងខ្លួនរួចត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្ត រីឯយុវជនម្នាក់ទៀតរងរបួសជើងឆ្វេងស្រាលក្នុងករណីគ្រោះថ្នាក់ចរា ចរបង្កឡើងដោយបុរសម្នាក់ដែលគេស្គាល់ថាជានាយរងខណ្ឌរដ្ឋបាលព្រៃ ឈើខេត្តប៉ៃលិន បើករថយន្តបត់ឆ្វេងអត់បើកភ្លើងស៊ីញ៉ូ បណ្តាលឱ្យបុកជាមួយម៉ូតូវីវ៉ាពណ៌ក្រហម ចំពីមុខពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ស្រាលទាំងពីរនាក់តែម្តង ។
ជនបង្កហេតុ ឈ្មោះ ហែម សុផាត ភេទប្រុស អាយុ៤៥ឆ្នាំ ជានាយរងខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បើកបររថយន្តម៉ាកតូយ៉ូតាតាកូម៉ា ពណ៌ស្លែ ពាក់ស្លាកលេខ ក្រុងប៉ៃលិន2A-0462 បើកបរទិសដៅពីលិចទៅកើត ។ ចំណែកជនរងគ្រោះ ទី១. ឈ្មោះ ស៊ីន ភេទប្រុស អាយុ២០ឆ្នាំ រងរបួសធ្ងន់សន្លប់នៅនឹងកន្លែង ជាអ្នកបើកបរម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម សេ១១០ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ 1AH-2421 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងអ្នករួមដំណើរ ឈ្មោះ សឿង ភេទប្រុស អាយុ២២ឆ្នាំ រងរបួសស្រាល ទាំងពីរនាក់រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជានាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តប៉ៃលិន បានបើកបររថយន្តម៉ាកតូយ៉ូតា តាកូម៉ាក្នុងល្បឿនលឿន ដោយទិសដៅពីលិចទៅកើត លុះដល់ត្រង់ចំណុចផ្លូវបំបែក ស្រាប់តែរថយន្តមួយគ្រឿងនេះបត់ឆ្វេងអត់មានបើកភ្លើងស៊ីញ៉ូ បណ្តាលឱ្យម៉ូតូមួយគ្រឿងទៀតដែលបើកបរក្នុងទិសដៅច្រាសគ្នាពីកើត ទៅលិច ក្នុងល្បឿនលឿនដែរ ក៏ជ្រុលចង្កូតទៅបុករថយន្តចំពីមុខពេញទំហឹង បណ្តាលឱ្យដួលបោកផ្ទប់ទៅលើផ្លូវថ្នល់ រងរបួសធ្ងន់សន្លប់ម្នាក់ និងរបួសស្រាលម្នាក់៕
» ព័ត៌មានជាតិ » ឡានបត់ឆ្វេងអត់បើកភ្លើងស៊ីញ៉ូ បុកម៉ូតូ បណ្តាលឲ្យរងរបូសធ្ងន់ស្រាលពីរនាក់