ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់ បានរងរបួសបាក់ជើងខាងឆ្វេងម្ខាង ដោយសារឧប្បវហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយសាររថយន្តម៉ាកឡិចស៊ីស RX470 បើកបុកនៅចំណុចផ្លូវ២១៧ ហៅផ្លូវចំការដូង នៅមុខខារ៉ាអូខេឌីយ៉ាម៉ង់ ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង ២០និង៥០នាទីយប់
ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តឡិចស៊ីសRX470មួយគ្រឿងពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2O-0083 បើកបរដោយបុរសម្នាក់ រួមជាក្រុមគ្រួសារ បាននាំគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ដោយបានបើកយ៉ាងលឿន បណ្តាលឲ្យរេ
ចង្កូតជ្រុលទៅបុកម៉ូតូអេស អិល ពណ៌ស ពាក់ស្លាកលេខ នគរបាល 1-9596 ជិះដោយបុរសម្នាក់ជាមន្ត្រីនគរបាលមួយរូប ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូនោះដួលបោកខ្លួនទៅនឹងថ្នល់ រងរបួសបាក់ជើងឆ្វេងម្ខាង។ ចំណែករថយន្តនិងម៉ូតូត្រូវរងការខូចខាតទាំងសងខាង។
សូមបញ្ជាក់ថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសាររូបគេរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ដោយឡែករថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ ចុះវាស់វែង អូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយតាម
នីតិវិធីច្បាប់៕
» ព័ត៌មានជាតិ » ឡានបុកម៉ូតូបណ្តាលឲ្យប៉ូលិសម្នាក់រងរបួសបាក់ជើងឆ្វេងម្ខាង