កណ្តាល៖ មន្ត្រីម្នាក់នៃ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបប្រាប់ អោយដឹងថា
ស្រឡាង ៤គ្រឿង នៅអ្នកលឿង នឹងប្តូរទីតាំងទៅកន្លែងថ្មី បន្ទាប់ពីស្ពានអ្នកលឿង ចាប់ដំណើរការនាចុងឆមាសទី១ ឆ្នាំ២០១៥ ។ ស្រឡាង ៤គ្រឿង ដែលជាជំនួយរបស់ ប្រទេសដាណឺម៉ាក តាំងពីឆ្នាំ១៩៩៧ មកនោះ មានផែនការរួចហើយថា នឹងយកទៅដាក់នៅគោលដៅណា បន្ទាប់ពីស្ពានអ្នកលឿង ចាប់ដំណើរការ នាចុងឆមាសទី១ ឆ្នាំ២០១៥ នេះ។
បុគ្គលិករួមទាំងស្រឡាងទាំង៤គ្រឿង នៅអ្នកលឿង ថ្នាក់ដឹកនាំក្រសួងបានសម្រេច ដាក់ផែនការរួចហើយ ពីគោលដៅដែលត្រូវបន្តធ្វើសកម្មភាពដឹកជញ្ជូនអ្នកដំណើរ នៅកន្លែងថ្មីទៀត។ ស្រឡាងទាំងបួនគ្រឿង ជាជំនួយរបស់ ប្រទេសដាណឺម៉ាកនេះ វាមានទំហំធំ អាចផ្ទុកយានយន្តបានច្រើន មានល្បឿនលឿន រហ័ស និងម៉ាស៊ីនរបស់វានៅតែមានគុណភាពខ្លាំងនៅឡើយ ។
ប្រភពដដែលនេះ មិនបានបញ្ជាក់អោយដឹង ពីទីតាំងថ្មី សម្រាប់ស្រឡាងទាំង៤ គ្រឿងនេះ នៅឡើយទេ ដោយមន្ត្រីនោះ គ្រាន់តែប្រាប់ថា មានផែនការអស់ហើយ។
ដោយឡែក បើតាមប្រភពពី មន្ត្រីសាធារណការ ផ្សេងទៀត បានបង្ហើបអោយដឹងថា ស្រឡាងអ្នកលឿង ចំនួន៤គ្រឿងនោះ នឹងអាចបែងចែកទៅកន្លែងកំពង់ចម្លងសំខាន់ៗចំនួនពីរ។ គោលដៅទី១. នៅកំពង់ចម្លងអារិយក្ស័ត្រ ដែលជាកំពង់ចម្លងមមាញឹក និងមានយានយន្តឆ្លងកាត់ច្រើន និងគោលដៅទី២. នៅកំពង់ចម្លងស្រុកស្អាង ។
រីឯប្រជាពលរដ្ឋ ដែលតែងតែធ្វើដំណើរ តាមដរចម្លងភ្នំពេញ អារិយក្សត្រ ក៏បានមើលឃើញផងដែរថា ការដាក់ជំនួសស្រឡាងទំនើប (ស្រឡាងអ្នកលឿង) នៅកំពង់ចម្លងចំណុចនេះ គឺត្រឹមត្រូវហើយ ព្រោះសព្វថ្ងៃ ពលរដ្ឋ សិស្ស និស្សិត ធ្វើដំណើរតាម មធ្យោបាយដឹកជញ្ជូន (ដចម្លង) ដូចរាល់ថ្ងៃនេះ ហាក់ដូចជាមាន ការព្រួយបារម្ភ ដោយសារដរចម្លង បែបច្នៃប្រឌិត និងមានសភាពយឺត ព្រោះវាពុំមែនជាស្រឡាងផលិតពីរោងចក្រទំនើប ៕ R/c