ភ្នំពេញ ៖ ស្ត្រីម្នាក់ស្រែកយំឆោឡោប្តឹងប៉ូលិសប៉ុស្តិ៍ទឹកថ្លាថា ប្តីរបស់ខ្លួនដែលឈ្លោះគ្នារហូតដល់លែងលះគ្នានោះ បានប្រើមិត្ត២ទៅ៣នាក់មកលួចយកកូនពីផ្ទះរបស់គាត់បាត់ហើយ ។ ហេតុការណ៍នេះ បង្កឱ្យមានភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១នឹង៤៥នាទី យប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ នៅចំណុចម្តុំផ្សារទឹកថ្លា ខណ្ឌសែនសុខ ។
ស្ត្រីខាងលើមិនបានបញ្ជាក់ប្រាប់ឈ្មោះ ដល់សមត្ថកិច្ច នឹងក្រុមអ្នកយកព័ត៌មានទេ គាត់គិតតែស្រែកយំប្រាប់ទៅសមត្ថកិច្ចថា កូនប្រុស អាយុ២ឆ្នាំ ម្នាក់ត្រូវបានមិត្តភក្តិប្តីគាត់ប្រើឱ្យមកលួចយកពីផ្ទះគាត់បាត់ ហើយខណៈពេលគាត់មិនបាននៅផ្ទះ ។
មុនពេលកើតហេតុគេបានឃើញស្ត្រីខាងលើជិះម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងជាមួយបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀត ជាមិត្តភក្តិរបស់គាត់ដោយបានធ្វើដំណើរយ៉ាងលឿនតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតពេលធ្វើដំណើរនោះស្ត្រីខាង លើបានយំស្រែកតាមផ្លូវថា កូនប្រុសអាយុ២ឆ្នាំម្នាក់របស់គាត់ត្រូវប្តី ប្រើមិត្តភក្តិឱ្យមកលួចយកពីក្នុងផ្ទះរបស់គាត់បាត់ហើយ ។
លុះពេលធ្វើដំណើរតាមផ្លូវរហូតមកដល់ម្តុំផ្សារទឹកថ្លាក៏ប្រទះឃើញ ប៉ូលិសប៉ុស្តិ៍ទឹកថ្លា៣ទៅ៤នាក់កំពុងធ្វើការសម្របសម្រួលចរាចរ ក្នុងគ្រោះថ្នាក់ចរាចរមួយ ពេលនោះប៉ូលិសឃើញ ស្ត្រីខាងលើបានស្ទុះលោតចេញពីលើម៉ូតូស្រែកយំ ឆោរឡោរត់សំដៅទៅរកប៉ូលិសឱ្យជួយគាត់ផងព្រោះកូនប្រុសអាយុ២ ឆ្នាំរបស់គាត់ត្រូវគេលួចបាត់ពីផ្ទះបាត់ហើយ បង្កឱ្យមានភាពភ្ញាក់ផ្អើលពេញផ្លូវបន្ថែមទៀត ឃើញដូចនោះមន្ត្រីប៉ូលិសប៉ុស្តិ៍ទឹកថ្លាខាងលើរួមជាមួយក្រុមអ្នកយក ព័ត៌មានបានព្យាយាមសួរនាំគាត់ទើបដឹងថាការពិតកូនប្រុសអាយុ២ឆ្នាំរបស់ គាត់នោះត្រូវប្តីប្រើមិត្តភក្តិ២ទៅ៣នាក់ឱ្យមកលួចយកពីផ្ទះរបស់គាត់ទេ ។
នៅពេលដែលសមត្ថកិច្ចសួរនាំដឹងរឿងអស់ហើយសមត្ថកិច្ចបានឱ្យស្ត្រីខាងលើទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវនឹងចាត់ការទៅតាមផ្លូវច្បាប់ បែរជាស្ត្រីខាងលើ រត់ឡើងជិះម៉ូតូបន្តទៅមុខទៀតបាត់ទៅដោយមិនបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ប៉ូលិសទេ បែរជាធ្វើឱ្យប៉ូលិសប៉ុស្តិ៍ទឹកថ្លាឈឺក្បាលអស់មួយសន្ទុះ ៕
» ព័ត៌មានជាតិ » ស្ត្រីម្នាក់ស្រែកយំឆោឡោប្តឹងសមត្ថកិច្ច ថាប្តីដែលលែងលះគ្នា មកលួចយកកូនប្រុសអាយុ២ឆ្នាំ របស់គាត់បាត់ហើយ