ប៉ោយប៉ែត៖ ដីចំណីរអូរព្រំដែនកម្ពុជាថៃ នៅចំណុចខាងជើងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលការពីគ្រាមុន គ្រប់គ្រងដោយប៉ូលិសអន្តោប្រវេសន៍ ជាអ្នកកាន់កាប់បើកធ្វើអាជីវកម្ម ផ្ញើកង់ម៉ូតូ ឥឡូវត្រូវ ក្រុមហ៊ុនកាស៊ីណូហ្គោលដិនក្រោន មានបំណងចង់យកមកកាន់កាប់វិញ ដោយសំអាងថាជាដីរបស់កាស៊ីណូ ធ្វើឱ្យមានភាពប្រទាក់ប្រទាញគ្នារវាងស្ថានប័ន ប៉ូលិស និងក្រុមហ៊ុនកាស៊ីណូឧកញ៉ា កុក អាន សមាជិកព្រិទ្ឋសភា ដ៏មានឥទ្ឋិពលរបស់ គណៈបក្សប្រជាជនកម្ពុជា.។
ក្រុមហ៊ុនកាស៊ីណូហ្គោលដិន បានធ្វើសកម្មភាព ឈូសឆាយយកអាចម៍ដីចាក់ជិតមាត់អូរព្រំដែនកម្ពុជា ថៃ បណ្តាល ឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់អាជ្ញាធរ នៅទីនោះ រហូតដល់មានការអន្តរាគមន៍ ពីសំណាក់ ថ្នាក់ហៅហ្វាយខេត្តបន្ទាយមានជ័យទៀតផង អោយបញ្ឈប់ការ ឈូសឆាយជាបន្ទាន់ រង់ចាំថ្នាក់លេីមកត្រួតពិនិត្យជៀសវាងការប៉ះពាល់ដល់ប្រទេសថៃជាប់ព្រំដែនគ្នា។
ប្រជាពលរដ្ឋ រិះគន់ថាការសាងសង់អ្វីក៏ដោយ វាមិនបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសជិតខាងឡើយ ពីព្រោះវាស្ថិតនៅក្នុងទឹកដីខ្មែរ មិនមែនលើដីថៃឯណា ហើយករណីខាងលើនេះទំនងជាពួកគេឈ្លោះគ្នាដណ្តើមសាច់គ្នាស៊ីទើបវាត្រឹមត្រូវ ជាង ព្រោះថាកន្លងមកនៅចំណុចនោះ ប៉ូលិសអន្តោប្រវេសន៏ឈ្មោះ ឡឹក អូនបាន កាន់កាប់ដីមួយចំហៀងផ្លូវទៅ ហើយ ដោយ ដោយបើកអាជីវកម្ម ផ្ញើម៉ូតូ និងបង្កើតម៉ូតូឌុបក្រុមអាវកាក់យ៉ាងអនាធិបតេយ្យ ដើម្បីរកផលប្រយោជន៍រាប់សឹបឆ្នាំមកហើយ ។
ដោយឡែកក្រុមហ៊ុនកាស៊ីណូវិញ មើលឃើញសាច់មួយដុំដ៏មានតម្លៃ មានការសោកស្តាយ មិនគួរណាមើលរំលង ក៏សម្រេចចិត្ត ឈូសឆាយយកមកកាន់កាប់វិញ ដោយយកលេសថាយកមកធ្វើសួនច្បារ តែធាតុពិតពួកគេ ធ្វើអ្វីៗដើម្បីតែម្យ៉ាងគត់ គឺប្រយោជន៍បុគ្គលតែប៉ុណ្ណោះ។គេនៅរងចាំមើលថាតើ សាច់មួយដុំដែលមានតម្លៃ ដូចគ្រាប់ពេជ្រនេះអ្នកណាទទួលបាន៕ ដោយ៖ បុរី