ខេត្តសៀមរាប ៖ បុរសជនជាតិបារាំងម្នាក់ស្រវឹងស្រា និងកញ្ឆា បានឡើងតាមកាំជណ្តើរផ្ទះជួលស្ថិតនៅក្នុងភូមិ តាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយមិនបានប្រុងប្រយត្ន័ក៏ផុងជើងធ្លាក់ពីលើចូលក្នុងបន្ទប់ទឹក កម្ពស់២ម៉ែត្រកន្លះ បណ្តាលឲ្យបាក់.កស្លាប់ភា្លមៗនៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ មករា ឆ្នាំ២០១៥ ។
ជនរងគ្រោះមានឈ្មោះ ប៊ែលនី រ៉ូមែន ជនជាតិបារាំង ភេទប្រុស អាយុ២៦ឆ្នាំ កាន់លិខិត ឆ្លង ដែនលេខ 142Y19572 ហើយចូលមកកម្ពុជារយៈពេលប៉ុន្មានខែមុននេះ ប៉ុន្តែទើបមកលេងខេត្តសៀមរាបជាភ្ញៀវទេសចរណ៍ ។ សមត្ថកិច្ចបន្តថា មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើកាំជណ្ដើរចូលក្នុង បន្ទប់ទឹកបត់កស្លាប់បែបនេះ គឺបណ្ដាលមកពីស្រវឹងស្រា និងស្រវឹងកញ្ឆា ស្របពេលដែលឡើងជណ្ដើរផ្ទះកម្ពស់២ម៉ែត្រកន្លះ គ្មានបង្កាន់ដៃ គួបផ្សំនឹងកាំជណ្ដើររាងចោតផងនោះ ក៏បណ្ដាលឲ្យរអិលជើងធ្លាក់ដាំក្បាលមកក្រោម ផុងចូលក្នុងបន្ទប់ទឹកបាក់.កស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកឯម្ចាស់ផ្ទះជូលឈ្មោះអោម ម៉ាឡា ភេទស្រី អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិ-សង្កាត់ខាងលើ ហើយជនរងគ្រោះ ទើបមកជួលស្នាក់នៅជាមួយមិត្តភក្តិបានរយៈពេលប៉ុន្មានថ្ងៃទេ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នេះក៏ជាការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះផងដែរ ព្រោះមិនបានរៀបចំឲ្យស្រួលបួល ជណ្តើរចោត ហើយថែមទាំងមិនមានបង្កាន់ដៃ រីឯដំបូលបន្ទប់ទឹកដែលនៅជាប់ជណ្ដើរមិនបានចាក់ប្លង់សេឲ្យរឹងមាំ ទៀតផង បែរជាយកហ្វីប្រូស៊ីម៉ង់ត៍ស្ដើងៗមកគ្របពីលើបន្ទប់ទឹកបណ្តោះអាសន្ន ទើបបណ្ដាលឲ្យជនរងគ្រោះធ្លាក់ចូលក្នុងបន្ទប់ទឹកបាក់.កស្លាប់បែប នេះ។
ក្រោយកើតហេតុ កម្លាំងជំនាញបានយកសាកសពទៅតម្កល់ទុកក្នុងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដើម្បីរង់ចាំខាងប៉ូលិសអន្តោប្រវេសន៍មកចាត់ចែងប្រគល់ឲ្យទៅ ស្ថានទូតបារាំង ។ លុះព្រឹកថ្ងៃទី០៦ មករា កម្លាំងជំនាញអន្តោប្រវេសន៍បានធ្វើការប្រគល់សពទៅឲ្យស្ថានទូត បារាំង ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីរបស់ជនជាតិគេ ៕