ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់បានស្លាប់ក្រោយពេលដឹកមកសង្គ្រោះនៅមន្ទ្រីខេត្តកំពង់ឆ្នាំង និង២នាក់ទៀត បានរងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នាឯង ដែលបានកើត ឡើងកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០១៥ នៅលើផ្លូវក្រាលកៅស៊ូ ចំណុចត្រពាំងថ្លាន់ ស្ថិតក្នុង ភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង ។
មន្ត្រីនគរបាលស្រុកកំពង់លែងបាននិយាយអោយដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ ឆៃ ប៊ុនរាជ អាយុ២០ឆ្នាំ មានទីលំនៅភូមិខ្លែងព័រ ឃុំត្រងិល ចំណែកយុវជនរងរបួសធ្ងន់មាន ឈ្មោះសឿន វ៉ាន់នី ហៅម៉ាប់ អាយុ១៩ឆ្នាំមានទីលំនៅភូមិអណ្តូងរនុក និងម្នាក់ទៀតរងរបួសស្រាលមិនស្គាល់ឈ្មោះ ពួកគេទាំង៣នាក់ជាមិត្តភក្រ័និងគ្នា ។
ប្រភពដដែលបានបន្តថាមុនពេលកើតហេតុ យុវជនរងគ្រោះឈ្មោះ ឆៃ ប៊ុនរាជ បានជិះម៉ូតូម៉ាកឌ្រីម១២៥ ពណ៌ខ្មៅ ទៅបបួលឈ្មោះ សឿន វ៉ាន់នី ទៅផឹកស្រានៅតៀមអ្នកលក់ស្រាចុងភូមិ ក្រោយពីផឹកមួយស្របក់ ឈ្មោះ ឆៃប៊ុនរាជ បានប្រាប់ថាទៅហៅមិត្តភក្រ័ម្នាក់ទៀត ហើយក៏ជិៈម៉ូតូចេញទៅ ។
មួយស្របក់ក្រោយមកដោយចាំយូពេកឈ្មោះ សឿនវ៉ាន់នី បានយកម៉ូតូម្ចាស់តៀមស្រាម៉ាកស្មាស់ពណ៌ស ជិះទៅតាម ស្រាប់តែមកដល់ចំណុចត្រពាំងថ្លាន់ ក៏បានបុកជាមួយម៉ូតូឈ្មោះឆៃប៊ុនរាជ យ៉ាងពេញទំហឹង ខណៈដែលឈ្មោះនេះជិៈម៉ូតូដឹកមិត្តភក្រ័ត្រឡប់មកវិញ បណ្តាលអោយឈ្មោះឆៃប៊ុនរាជ និងឈ្មោះ សឿនវ៉ាន់នី រងរបួសជាទម្ងន់ហើយត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរ
ពេទ្យខេត្ត តែដោយសារឈ្មោះឆៃប៊ុនរាជ របួសធ្ងន់ពេក បានស្លាប់ពេលមកដល់មន្ទីរពេទ្យបានបន្តិចចំណែកឈ្មោះ សឿនវ៉ាន់នី នៅមិនទាន់ដឹងខ្លួននៅឡើយ ដែលគ្រូពេទ្យប្រាប់ថាប៉ះពាលដល់ក្បាលធ្ងន់ ។
សពជនរងគ្រោះត្រូវបានដឹកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូទាំង២គ្រឿងកំពុងរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកកំពង់លែងដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕