កំពង់ស្ពឺ ៖ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ក្នុងចំណោម៥នាក់ត្រូវតុលាការដោះ លែងវិញកាលពីថ្ងៃទី៥ មករា ២០១៥ ចំណែក៣នាក់ទៀតត្រូវបានបញ្ជូនទៅដាក់ក្នុងពន្ធនាគារខេត្ត។
ជនសង្ស័យដែលត្រូវតុលាការដោះលែង ម្នាក់ឈ្មោះនួក ប៊ុនធឿន ភេទប្រុស អាយុ១៨ឆ្នាំ និងម្នាក់ទៀតឈ្មោះអេង ភ័ក្ត្រ អាយុ១៧ឆ្នាំ ។
គួររំលឹកថា ជនសង្ស័យជួញដូរគ្រឿងញៀនមួយក្រុមធំត្រូវកម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ សហការជាមួយកងរាជអាវុធហត្ថស្រុកសំរោងទងបង្ក្រាបឃាត់ខ្លួនបានចំនួន ៥នាក់ ខណៈពួកគេកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន កាលពីវេលាយប់ថ្ងៃទី០២ មករា ២០១៥ ស្ថិតនៅចំណុចស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យទាំង៥នាក់ ១-ឈ្មោះនួក ប៊ុនធឿន អាយុ១៧ឆ្នាំ ២-ឈ្មោះអេង ភ័ក្ត្រ អាយុ១៧ឆ្នាំ ទាំង២នាក់រស់នៅក្នុងភូមិព្រៃជ្រាវ ឃុំសែនដី ស្រុកសំរោង ៣-ឈ្មោះជា ប៊ុនណា អាយុ៣៦ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ៤-ឈ្មោះវ៉េង រដ្ឋា អាយុ២០ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល និង៥-ឈ្មោះគង់ ចន្ថា ភេទស្រី អាយុ២០ឆ្នាំ ជាកម្មកររោងចក្រ រស់នៅភូមិត្នោតជ្រុស ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង៕