ភ្នំពេញ ៖ យុវជនម្នាក់ បើកម៉ូតូឆ្លងផ្លូវ ទាក់ដៃចង្កូត ជាមួយម៉ូតូមួយគ្រឿងទៀត ដួល ត្រូវ រថយន្តកិនពីលើ បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើង កាលពីម៉ោង ជាង៨យប់ ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៥ នៅតាមផ្លូវព្រះស៊ីសុវត្ថិ ក្បែររង្គសាលទន្លេសាប ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
មុនពេលកើតហេតុគេ ឃើញយុវជនម្នាក់ បើកម៉ូតូម៉ាក ហុងដាស្កូបពី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1BZ.9973 បើកតាមផ្លូវលេខ១៣ ក្នុងទិសដៅពីត្បូង ទៅជើង ខណៈមកដល់ ចំណុចកើតហេតុ ជនរងគ្រោះបានបើកម៉ូតូ សរសៀៗ ចូលផ្លូវព្រះស៊ីសុវត្ថិ បណ្តាលឲ្យប៉ះដៃចង្កូត ម៉ូតូជាមួយម៉ូតូគ្រឿងទៀត មិនចាំម៉ាក បណ្តាលឲ្យដួលម៉ូតូខ្ទាត អ្នកបើកបរចេញ ពីម៉ូតូ ភ្លាមនោះស្រាប់តែ មានរថយន្ត លុច្សស៊ីស៥៧០ មិនចាំស្លាកលេខ ដែលបើកតាមផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីជើងទៅត្បូង បានបើកកិនពីលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ។
ជនរងគ្រោះត្រូវបានរថយន្តសាមុយ ដឹកទៅសង្គ្រោះនៅគ្លីនិកឯកជន ហើយ ក្រោយមក បានដឹកជនរងគ្រោះបន្ត មកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់ ដោយសារសភាព ជនរងគ្រោះធ្ងន់ធ្ងរ ចំណែកម៉ូតូជនរងគ្រោះត្រូវបានបង ប្អូនមកបើកយកទៅផ្ទះ៕