ព្រះសីហនុ ៖ មនុស្សចំនួន៤នាក់បានរងរបួសធ្ងន់ និងស្រាល ដោយសារតែទំនាស់ពាក្យសំដីឈានដល់ការវាយតប់គ្នាយ៉ាងសាហាវ នៅក្នុងហាងមួយកន្លែងស្ថិតតាមបណ្តោយឆ្នេរអូឈើទាល រវាងអ្នកម៉ាស្សាតាមឆ្នេរសមុទ្រ និងភ្ញៀវទេសចរមកពីភ្នំពេញ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៥ មករា នៅក្នុងហាងយីហោ អ៊ីម៉ាយដ្រីម តាមបណ្តោយឆ្នេរអូឈើទាល ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សមត្ថកិច្ចប៉ូលិសនៃអធិការក្រុងព្រះសីហនុបានឱ្យដឹង ថា ដោយសារតែទំនាស់ពាក្យសំដីរវាងស្ត្រីអ្នកម៉ាស្សាតាមមាត់សមុទ្រ និងក្រុមអ្នកផឹកស៊ីស្រវឹងជោកជាំជាភ្ញៀវមកពីភ្នំពេញបានបង្កឱ្យជំលោះពាក្យសំដី ក្លាយជាការប្រើអំពើហិង្សាបង្កររបួសស្នាម ដែលបណ្តាលឱ្យភាគីអ្នកម៉ាស្សារបួសធ្ងន់២នាក់បញ្ជូនទៅព្យាបាលនៅ គ្លីនិកឯកជនសេតេ និងភាគីម្ខាងទៀតរងរបួសស្រាល២នាក់ក្នុងចំណោមមនុស្ស៤ នាក់។
មូលហេតុដែលឈានការបង្ករបួសស្នាមនោះ គឺដោយសារស្ត្រីអ្នកម៉ាស្សាឈ្មោះ ទីម ស្រីណែត អាយុ២៣ឆ្នាំ បានទាស់សំដីគ្នាជាមួយឈ្មោះ មាស ចាន់ឌឿន ភេទប្រុស និងប្រពន្ធឈ្មោះ ស៊ីម សុធាវី អាយុ២៤ឆ្នាំ ជាភ្ញៀវមកពីភ្នំពេញ រឿងតម្លៃម៉ាស្សារហូតឈានដល់ជេរប្រមាថដាក់ស្ត្រីម៉ាស្សា បន្ទាប់មកឈ្មោះ ទីម ស្រីណែត(ស្ត្រីម៉ាស្សា) ទូរស័ព្ទប្រាប់ប្តីឈ្មោះ ចាន់ ឡឹង អាយុ២០ឆ្នាំ(រងរបួសធ្ងន់ ត្រូវក្បាលនិង ភ្នែកខាងស្តាំ) និងឈ្មោះ ចាន់ ធឿន អាយុ៣២ឆ្នាំជាបងថ្លៃ (បែកក្បាលផ្នែកខាងក្រោយ) មកជួយរកខុសត្រូវ ។
នៅពេលឈ្មោះ ចាន់ ឡឹង និងឈ្មោះ ចាន់ធឿន មកដល់កន្លែងកើតហេតុ ភាគីខាងភ្នំពេញស្មានថា អ្នកទាំងពីរមករករឿងពួកខ្លួន ស្រាប់តែឈ្មោះចាន់ សីហា (រងរបួសស្រាល)និងឈ្មោះមាស សម្បត្តិ(រងរបួសស្រាល)ជាអ្នកភ្នំពេញបានទាញកែវគប់មកលើចាន់ ឡឹង និង ចាន់ ធឿន ទើបកើតជារឿងប្រវាយប្រតប់គ្នាផ្អើលអ្នកទេសចរដែលកំពុងលេងទឹកសមុទ្រ ៕ R/c