ខេត្តបន្ទាយមានជ័យ ៖ អំពើពុករលួយគ្រប់រូបភាព នៅតែបន្តកើតមានក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យដែលមានលោក ស៊ីម សុវណ្ណ ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ យកធ្វើជាខេត្តនៃការចាប់ផ្តើមប្រយុទ្ធប្រឆាំងអំពើពុករលួយដំបូងគេក៏ដោយ។
ប្រភពព័ត៌មានបានឲ្យដឹងថា តាំងពីមុនមកដល់បច្ចុប្បន្ន អំពើពុករលួយបានចាក់ឫសយ៉ាង ជ្រៅនៅក្នុងមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ហើយបញ្ហានេះត្រូវបានគេដឹងថា បង្កឡើងដោយសារការលោភលន់ពីសំណាក់លោកប្រធានមន្ទីរ ស៊ីម សុវណ្ណ ដោយសហការយ៉ាង ស្អិតរមួតជាមួយការិយាល័យផែនការ គណនេយ្យរបស់មន្ទីរទើបធ្វើឲ្យពួកគេកិបកេងថវិកាជាតិ មកធ្វើមានបាន។ ដោយសារកិបកេងថវិកាជាតិស្ទើរគ្រប់ជំពូកពីសំណាក់លោកប្រធានមន្ទីរ ស៊ីម សុវណ្ណ បានធ្វើឲ្យជីវភាពរបស់គាត់អភិវឌ្ឍន៍លឿន ដែលអ្នកមានដើមទុននឹងទ្រព្យ សម្បត្តិល្មមៗមិនអាចអភិវឌ្ឍន៍លឿនដូចរូបគាត់។ អំពើពុករលួយរបស់លោក ស៊ីម សុវណ្ណ ក្រៅពីការកិបកេងថវិកាមិនមែនកម្មវិធី ថវិកាគម្រោងនាពេលកន្លងមក គឺរូបគាត់សហការជាមួយមន្ត្រី ជំនាញមួយចំនួនប្រព្រឹត្តអំពើផ្តេសផ្តាស់ដូចជាការរាប់ក្បាលឡានធុនធ្ងន់ដឹកទំនិញយកប្រាក់ដោយមិនអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោក និងការយកថ្លៃធ្វើស្លាកលេខឡានម៉ូតូស្រេចតែអំពើចិត្ត ធ្វើឲ្យ ប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ជាមួយរាជរដ្ឋាភិបាល។ លោក ស៊ីម សុវណ្ណ និងបក្ខពួក បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ប៉ុន្តែរឿងអាស្រូវរបស់ពួកគាត់គឺមិនត្រូវបានក្រុមអធិការកិច្ច និងក្រុមសវនកម្ម របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនរកឃើញចំណុចអវិជ្ជមាននោះទេ ហើយនាពេលកន្លងមកក្រុមនេះនៅពេលចុះត្រួតពិនិត្យនៅមន្ទីរនេះម្តងៗគឺដូចជាទៅប្រថាប់ត្រាបង្គ្រប់កិច្ចទៅវិញ។ លើសពីនោះទៅទៀតនៅពេលដែលមន្ត្រីតូចតាច ខិតខំក្នុងការទំលាយ រឿងអាស្រូវនៅមន្ទីរខ្លួនត្រូវពួកគេចាត់វិធានការ ធ្វើឲ្យអ្នកដែលខំរាយការណ៍អស់ជំនឿ។
ចំពោះការចំណាយថវិកាជាតិនិងថវិកាផ្សេងៗ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ បើមើលទៅលើឯកសារ ដែលមានចុះហត្ថលេខាដោយលោកប្រធានមន្ទីរ ស៊ីម សុវណ្ណ មើលទៅគួរឲ្យសរសើររាល់ការចំណាយរបស់មន្ទីរគឺសូម្បីតែកន្ទុយប្រាក់នៃការចំណាយ២០-៣០រៀលក៏មានចុះនៅក្នុងការចំណាយមិនមានការបាត់បង់ទេ ប៉ុន្តែបើកាន់ឯកសារនៃការចំណាយ នានារបស់មន្ទីរនិងសាកសួរមន្ត្រីដែលមានឈ្មោះទទួលប្រាក់ពីការចំណាយនិងទៅសួរដល់ម្ចាស់ទំនិញ និងដឹងការពិតគឺខុសនិងឯកសារយ៉ាងសែនឆ្ងាយ ការចំណាយខ្លះមាននៅលើតែឯកសាររបាយការណ៍ ជាក់ស្តែងគឺគ្មាន ដូច្នេះទើបធ្វើឲ្យពួកគេមានលទ្ធភាពក្នុងការកិបកេងថវិកាជាតិនិងប្រព្រឹត្តអំពើ ពុករលួយធ្វើមានបាននោះ។
ប្រភពបានឲ្យដឹងទៀតថា ដោយសារតែមន្ទីរមួយនេះមានប្រធានគឺជាមនុស្សដែលពូកែខាង ប្រព្រឹត្តអំពើពុករលួយនោះ មន្ត្រីតូចតាចមួយចំនួនដែលមិនមែនជាខ្សែរយៈរបស់គេគឺត្រូវបានគេជិះជាន់ និងគម្រាមលើបញ្ហាជាច្រើន ធ្វើឲ្យមន្ត្រីទាំងនោះភិតភ័យ មិនហ៊ានប្រឆាំងតវ៉ាលើបញ្ហាដែល ពួកគេបានប្រព្រឹត្តខុសឆ្គង។ ប្រធានមន្ទីរមួយនេះតែងតែយកឈ្មោះរដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់ របស់ក្រសួងមកអួតក្អេងក្អាងថាសុទ្ធតែស្និទ្ធស្នាលជាមួយអ្នកទាំងនោះ ដើម្បីបន្លាចមន្ត្រីក្រោមឱវាទ។
លោក ស៊ីម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យបានឲ្យដឹងថារូបលោក និងអង្គភាពរបស់លោក គឺប្រព្រឹត្តបានត្រឹមត្រូវមិនមានបញ្ហា ដូចការចោទនោះទេ។ ចំណែកមន្ត្រីនៅក្នុងមន្ទីរបានអះអាងថាចម្លើយរបស់លោកប្រធានមន្ទីរ ស៊ីម សុវណ្ណ គ្រាន់តែជាការដោះបន្ទុកយករួចខ្លួន ហើយបើចង់ដឹងការពិតគឺស្ថាប័នមានសមត្ថកិច្ចថ្នាក់ជាតិ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយចុះមកស្រាវជ្រាវនឹងដឹងការពិត៕ ដោយ៖ ព្រហ្ម ពៅ
» Breaking News, ព័ត៌មានជាតិ » ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យពូកែក្រូមេឯកសារ