តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ ឲ្យដឹងថាខ្លួនអាចនឹងត្រូវបានបណ្តេញចេញពីតំណែងជាអនុប្រធានគណៈ កម្មការ ពាក់ព័ន្ធនឹងការដែលលោកចេញមុខរកឃើញភាពមិនប្រក្រតីមួយចំនួននៃ ការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត និងការជួលដីទៅឲ្យលោកឧកញ៉ា សុខ គង់ ដោយមិនមានតម្លាភាព។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅល្ងាចថ្ងៃសុក្រនេះ លោក សុន ឆ័យ មានប្រសាសន៍ថាភាពមិនប្រក្រតីនៃការលក់សំបុត្រចូលទស្សនា ប្រាសាទអង្គរវត្តគឺមាន មិនដូចការលើកឡើងរបស់អាជ្ញាធរជាតិអប្សរា និងលោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានោះទេ។ លោកបន្តថាទិន្នន័យផ្តល់ដោយអាជ្ញាធរជាតិអប្សរាពីចំនួនអ្នក ទស្សនាប្រាសាទអង្គរវត្ត គឺមិនត្រឹមត្រូវនោះទេ ដោយលោកថាតាមការស្រាវជ្រាវ និងការត្រួតពិនិត្យរបស់លោក ចំនួនអ្នកទស្សនាប្រាសាទ គឺយ៉ាងតិចដល់ទៅ៣លាននាក់ មិនមែនជាង១,៦លាននាក់នោះទេ។ លោកបន្តថាភាគច្រើនភ្ញៀវម្នាក់ៗទិញសំបុត្រតម្លៃ៤០ដុល្លារ សម្រាប់ទស្សនា មិនមែនតែ២០ដុល្លារនោះទេ។
លោក សុន ឆ័យ ឲ្យដឹងទៀតថាលោកធ្លាប់ឃើញបុគ្គលិកលក់សំបុត្រចូលទស្សនា ប្រាសាទអង្គរវត្តលុបឈ្មោះអ្នកចូលទស្សនាចោល ក្រោមមូលហេតុថាជាបញ្ជារបស់ថ្នាក់លើ។ លោក សុន ឆ័យ អះអាងថាលោកអាចនឹងត្រូវបានបណ្តេញចេញពីតំណែងជាអនុប្រធាននៃ គណៈកម្មការទី២នេះ។
លោក សុន ឆ័យ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ បានទៅខេត្តសៀមរាប ដើម្បីស្រាវជ្រាវពីអំពើពុករលួយក្នុងការចាត់ចែងថវិកានៅខេត្តសៀមរាប ពិសេសចំណូលពីអង្គរ។ លោកក៏បានលើកឡើងដែរថាថវិកាយ៉ាងតិចជាតិជាង៤០០លានដុល្លារ នឹងត្រូវបាត់បង់ក្នុងរយៈពេល៧០ឆ្នាំ ដែលលោកអះអាងថា ដោយសារអាជ្ញាធរជាតិអប្សរា ជួលដីឲ្យក្រុមហ៊ុនវៀតណាមសុខាអូតែលរបស់លោក សុខ គង់ ដោយមានភាពអាថ៌កំបាំង និងមិនមានតម្លាភាព ។
អាជ្ញាធរជាតិអប្សរាបង្ហាញតួលេខថាភ្ញៀវទេសចរចូលលេងអង្គរវត្ដ ក្នុងរយៈពេល១០ខែឆ្នាំ២០១៤ មានតែជាង១លាននាក់ប៉ុណ្ណោះ(១ ៦៤៣ ៦៥៧នាក់) ។ ចំណែកប្រាក់ចំណូលនៃការលក់សំបុត្រមាន៤៧ ៣៨៧ ៥០០ដុល្លារ៕