ភ្នំពេញៈ អគ្គនាយក នៃមជ្ឈមណ្ឌល កំចាត់មីនកម្ពុជា លោក ហេង រតនា បានមានប្រសាសន៍ថា យ៉ាងហោច ណាស់ មានគ្រាប់បែកចង្កោម ចំនួន៥.៨លានគ្រាប់ទៀត ដែលអាម៉េរិក បានទម្លាក់មកកម្ពុជា ក្នុងកំឡុងទសវត្សន៍ ១៩៧០ មិនទាន់ផ្ទុះនៅឡើយ ហើយគ្រាប់ទាំងនោះ វានឹងបង្ករដល់ការគ្រោះថ្នាក់ គ្រប់ពេលវេលាដល់ ប្រជាជន
កម្ពុជា។ មានប្រសាសន៍ប្រាប់ ដល់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣នេះលោក ហេង រតនា បានបន្ត ទៀតថា អាមេរិកបានទម្លាក់ គ្រាប់បែកចង្កោម ចំនួន១៩.៥លានគ្រាប់ និងប្រភេទគ្រាប់ធំៗ ចំនួនពីបួនលាន ទៅប្រាំមួយលានគ្រាប់ទៀត មកលើទឹកដីកម្ពុជា ហើយគ្រាប់ទាំងនោះ នៅសល់ជាច្រើន គ្រាប់ទៀត ដែលមិនទាន់ផ្ទុះ
ហើយមិនតែប៉ុណ្ណោះគ្រាប់ទាំងនេះ បាននៅរាយប៉ាយពេញ ប្រទេសកម្ពុជា ដោយពុំទាន់ដឹងភូមិសាស្ត្រ ច្បាស់ លាស់ផងដែរ។
លោក ហេង រតនា បានមានប្រសាសន៍បញ្ជាក់ទៀត ថាសហរដ្ឋអាម៉េរិកទម្លាក់ គ្រាប់យ៉ាងច្រើនដែលវាមានទម្ងន់ រហូតដល់២,៨លានតោន ហើយកន្លែងដែលអាម៉េរិក បានទម្លាក់នោះ គឺភាគច្រើននៅមិនទាន់ ដឹងភូមិសាស្ត្រ ច្បាស់នៅឡើយទេ តែយ៉ាងណាក្តី សហរដ្ឋអាម៉េរិក ក៏បានផ្តល់ផែនទីមួយចំនួន ផងដែរដល់កម្ពុជា នៅទីកន្លែង ដែលពួកគេ បានទម្លាក់នោះ។
លោកបានមានប្រសាសន៍បញ្ជាក់ទៀតថា ” យើងមានផែនទីមួយចំនួន ដែលគាត់ផ្តល់ឲ្យ ប៉ុន្តែវាក៏នៅ មាន ព័ត៌មានខ្លះ ដែលយើងមិនអាច យកមកប្រើបានជាផ្លូវការទេ….។ ធម្មតាចរិកនៃការធ្វើសង្គ្រាម វាមិនអាចរក្សាបាន នូវព័ត៌មានសុទ្ធតែពិត ទាំងអស់នោះទេ អញ្ចឹងហើយយើង នៅតែជួបការលំបាក់ មួយចំនួនផងដែរ” ។
ទាក់ទងនឹងបញ្ហាគ្រាប់បែកចង្កោម និងគ្រាប់ផ្សេងៗទៀត ជាពិសេសគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនេះ សហរដ្ឋអាម៉េរិកក៏បានចូលរួម សហការជាមួយកម្ពុជា ផងដែរដើម្បីបោសសំអាតមីន និងគ្រាប់ទាំងនោះក៏ប៉ុន្តែ ការចូលរួមសហការ នោះពុំទាន់ស៊ីជម្រៅ នៅឡើយទេ ពោលគឺមានលក្ខណៈ ចង្អៀតនៅឡើយ។យោងតាមលោក ហេង រតនា បានមានប្រសាសន៍ឲ្យដឹងផងដែរថា សហរដ្ឋអាម៉េរិក បានជួយខាង CMAC របស់
លោកចំនួន១០ឆ្នាំ មកហើយ ផ្ទៃដីដែលអាម៉េរិកត្រូវបាន ជួយនោះគឺមានចំនួន ៤៧គីឡូម៉ែត្រក្រឡា ស្មើរនឹង ១១៣០០គ្រាប់។
លោកហេងរតនា បានមានប្រសាសន៍បន្តទៀតថា អាម៉េរិកបានជួយដល់កម្ពុជា ក្នុងរយៈពេល១០ឆ្នាំមកនេះ គឺមានដូចជាការផ្តល់ថវិកា បច្ចេកវិទ្យាស្រាវជ្រាវ បោសសំអាតមីន សម្ភារៈបរិក្ខាទំនើបៗ ដែលជ្រមុជក្នុងទឹក និងតាមរយៈហ្វឹកហ្វឺនជាដើម ក៏ប៉ុន្តែពុំបានបញ្ជាក់ អំពីចំនួនថវិកាឡើយ ៕
» Breaking News, ព័ត៌មានជាតិ » គ្រាប់បែកចង្កោមជិត៦លានគ្រាប់ទៀតនៅមិនទាន់ផ្ទុះ