កំពត៖ កាស៊ីណូសាន់រ៉ាយនិងហ្គោលដិនថោ ដែលគេសង្ស័យថាបើកលេងគ្មានច្បាប់ទំលាប់នោះបន្ទាប់ពីបានបិទទ្វារអស់កាលជិត២ឆ្នាំដោយសារក្ស័យធននោះ ឥឡូវចាប់ផ្តើមបើកទ្វារដំណើរការវិញហើយ ប៉ុន្តែការបើកលេងម្តងនេះគេមិនដឹងថាមានដង្ហើមវែងឬខ្លីប៉ុណ្ណានោះទេ។
តាមសេចក្តីរាយការណ៍ចេញពីអ្នករស់នៅតំបន់ច្រកទ្វារអន្តរជាតិព្រែកចាកបានលួចបង្ហើបថា កាស៊ីណូសាន់រ៉ាយនិងហ្គោលដិនថោ ស្ថិតនៅជាប់គ្នាក្នុងទីតាំងតែមួយ ហើយពេលនេះបានបើកទ្វារចាំស្វាគមន៍ភ្ញៀវតែកាស៊ីណូហ្គោលដិនថោតែមួយទេ។ ការបើកនេះមានដំណើរការបានជាង១ខែមកហើយ តែកាស៊ីណូទាំងនោះហាក់ពុំសូវ
មានមនុស្សចូលលេងច្រើនដូចកាស៊ីណូសាន់ដេនិងដឺវីម៉ាណនោះទេ។ ដោយកត្តាបែបនេះគេសង្ឃឹមថាមិនយូរមិនឆាប់ការស៊ីណូហ្គោលដិនថោ ដែលបង្កប់ដោយសង្វៀនជល់មាន់នេះ នឹងដួលរលំដោយគ្មានអ្នកច្រានម្តងទៀតមិនខាន ព្រោះគេសង្កេតឃើញចាប់តាំងពីបានបើកដំណើរការពេលណាមក ហាក់ពុំសូវមានមនុស្សចូលទៅ
លេងល្បែងស៊ីសងនោះឡើយ។ គេសង្កេតឃើញមានតែមួយចំនួនតូចដែលភាគច្រើនសុទ្ធសឹងជាអ្នកបញ្ជល់មាន់ប៉ុណ្ណោះ។គេបានឲ្យដឹងទៀតថា កាស៊ីណូហ្គោលដិនថោ ដែលគេសង្ស័យថាគ្មានច្បាប់ទំលាប់នោះ ទោះជាបានបើកដំណើរការបានរយៈពេលជាង១ខែទៅហើយក្តីក៏ពុំមានការរំខានពីសមត្ថកិច្ចឬអាជ្ញាធរដែនដីនិងផ្នែកជំនាញ
ឡើយ។ កាស៊ីណូមួយនេះចាប់ពីបើកដំណើរការភ្លាមរហូតដល់ពេលនេះហាក់មានភាពស្ងាត់ជ្រងំ ដោយគេមើលឃើញតែក្រុមបុគ្គលិកប្រុស ស្រីប៉ុន្មាននាក់នៅទីនោះដេកចាំស៊ីប្រាក់ខែតែប៉ុណ្ណោះ។ ចំពោះសភាពស្ងៀមស្ងាត់នេះ មតិមហាជនដែលដឹងរឿងបាននិយាយបែបលេងសើចថា កាស៊ីណូដែលសង្ស័យអត់ច្បាប់ខាងលើនេះបើគ្មាន
ចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវស្រឡាញ់ល្បែងនោះទេ មុននិងក្រោយនឹងត្រូវឈប់ផ្អាកដោយខ្លួនឯង ដោយមិនចាំបាច់ឲ្យអាជ្ញាធរទៅហាមឃាត់ឡើយ ព្រោះម្យ៉ាងអស់លុយចំណាយមកលើថ្លៃទឹក ភ្លើងអគ្គិសនី និងម្យ៉ាងទៀតអស់លើប្រាក់បៀវត្សប្រចាំខែបុគ្គលិកផងនោះ ចុះបើពេលនេះអត់មានភ្ញៀវចូលទៅចាញ់ល្បែងម្នាក់ផងនោះមានលុយឯណាសំរាប់ចាយវាយទៅ មានតែចាយលុយផ្ទះ បើស្ថានភាពបែបនេះមានតែសុំបាយៗម្តងទៀតជាមិនខានឡើយ៕
ដោយ៖ ណារិទ្ធ