ភ្នំពេញ ៖កាលពីវេលាម៉ោង ២និង៥០នាទីរំលងអធ្រាត្រ ថ្ងៃទី០១ មករា ២០១៥ នៅលើកំណាត់ផ្លូវលំ ខាងក្រោយស្ថានីយ៍ប្រេងឥន្ធនះកាល់តិច ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ គូសង្សារជានិស្សិតវ័យក្មេងមួយគូ បានបើកម៉ូតូដឹកគ្នាចេញមកពីឆ្លងឆ្នាំនៅកោះពេជ្រ ហើយធ្វើដំណើរត្រឡប់ទៅផ្ទះវិញត្រូវក្រុមចោរប្រដាប់អាវុធ ជិះម៉ូតូមកស្ទាក់ផ្លូវនិងបានដកកាំភ្លើងភ្ជង់គំរាមយកម៉ូតូស៊េរី ទំនើបមួយគ្រឿងបានសម្រេចដោយ និងជិះគេចខ្លួដោយសុវត្ថិភាព ។
គូសង្សាររងគ្រោះ បុរសឈ្មោះ ប៊ុន បូរ៉ា អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី២ ស្នាក់នៅម្តុំក្លឹបគិរីរម្យ ក្នុងសង្កាត់បឹងរាំង ខណ្ឌចំការមន ចំណែកនារី ឈ្មោះ មិញ ហ៊ុយ អាយុ១៧ឆ្នាំ ជានិស្សិតឆ្នាំទី១ ជំនាញគណនេយ្យ ស្នាក់នៅម្តុំកន្លែងកើតហេតុ ។ ម៉ូតូដែលចោរប្លន់យកទៅម៉ាកMSX ពណ៌ស បិទស្កុតខ្មៅពីលើ ពាក់ស្លាកលេខភ្នំពេញ 1CK-6620 ។
នៅមុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ដែលជាសង្សារនិងគ្នាបាន បើកម៉ូតូដឹកគ្នាទៅលេងឆ្លងឆ្នាំសកលនៅកោះពេជ្រតាំងពីម៉ោង៩យប់ ថ្ងៃទី ៣១ ធ្នូ ២០១៤ ដោយរួមដំណើរជាមួយមិត្តភក្តិ២ម៉ូតូទៀត ។ បន្ទាប់ពីឆ្លងឆ្នាំសកលនៅកោះរួច ជនរងគ្រោះទាំងពីរនាក់ រួមជាមួយមិតភក្តិដែលទៅឆ្លងឆ្នាំជាមួយគ្នា បានជិះម៉ូតូដើរលេងមួយសន្ទុះ ជនរងគ្រោះក៏បានបើកម៉ូតូដឹកគ្នាត្រឡប់ទៅកន្លែងស្នាក់នៅមុន ។ ដោយសារតែប្រញាប់ជនរងគ្រោះបានជិះម៉ូតូទៅមុនចំណែកមិត្តភក្តិជិះ ម៉ូតូពីរគ្រឿងទៀតធ្វើដំណើរទៅតាមក្រោយ ។ ជនរងគ្រោះបានបើកម៉ូតូដឹកនារីជាសង្សារដោយធ្វើដំណើរតាមមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច ពេលមកដល់ចំណុចស្តុប០៧ ក៏បានបើកចូលទៅផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីជើងទៅត្បូង បន្ទាប់មកក៏បត់ចូលទៅផ្លូវលំដោយជិះហួសប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លាបានប្រហែល១០០ ម៉ែត្រ ដល់ចំណុចក្រោយស្ថានីយ៍ប្រេងឥន្ធនះកាល់តិច ក៏លេចមុខក្រុមចោរពីរនាក់ជិះម៉ូតូមិនស្គាល់ម៉ាកមួយគ្រឿង ប្រដាប់ដោយកាំភ្លើងបានបើកម៉ូតូមកស្ទាក់ស្ទាក់ម៉ូតូជនរងគ្រោះ ដោយដកកាំភ្លើងភ្ជង់គំរាមប្លន់យកម៉ូតូពីជនរងគ្រោះ ។ ដោយខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិត ជនរងគ្រោះទាំងពីរនាក់បានចុះពីលើម៉ូតូរត់គេចខ្លួនចោលម៉ូតូ ដើម្បីរកកន្លែងសុវត្ថិភាព ពេលនោះក្រុមចោរក៏បានឡើងជិះម៉ូតូជនរងគ្រោះគេចខ្លួន ដោយសុវត្ថិភាព៕