ភ្នំពេញ : បុរស៤នាក់ជាប់ជាជនសង្ស័យ ពេលមេការសំណង់ឲ្យដេកចាំផ្ទះបែផ្សំគំនិតគ្នាលួចយកសម្ភារ: ទៅលក់បាត់អស់ ត្រូវមេការចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចាត់ការទៅតាមផ្លូវច្បាប់។ រឿងនេះកើតឡើង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅផ្ទះជួល ខាងក្រោយផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនជាប់ចោទទាំង៤នាក់ ទី១-ឈ្មោះ នុត ពៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ។ ទី២-ឈ្មោះ នួន វ៉ាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ។ ទី៣-ឈ្មោះ មាស សារដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ( ទាំង៣នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ )។ ចំណែកជនសង្ស័យទី៤-ឈ្មោះ វី ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមើលការខុសត្រូវផ្ទះសំណាក់ បុប្ផាស្ពានដែក ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ជាបក្ខពួក របស់កម្មករទាំង៣នាក់ខាងលើ។
តាមសម្តី មេការសំណង់ជាដើមបណ្តឹងមានឈ្មោះ អ៊ីម ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រែកបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ គាត់បានអនុញាតិឲ្យជាសង្ស័យទាំង៤ស្នាក់នៅផ្ទះជួលខាងលើ ដែលមានស្តុកឥវ៉ាន់ សម្ភារ បរិក្ខាអគ្គីសនីជាច្រើនសម្រាប់ការងារសំណង់ និងតម្លើងប្រព័ន្ធភ្លើង។ ដោយសារទំនុកចិត្តខំឲ្យក្រុមកម្មករទាំងនោះ ស្នាក់នៅក៏ដូចជាចាំមើលថែរបស់ទ្រព្យបែនាំគ្នាផ្សំគំនិត លួចបរិក្ខាអគ្គីសនី យកទៅលក់អស់ សរុបជាទឹកប្រាក់ជិត១មុឺនដុល្លា។ បុរសដើមបណ្តឹងបន្តថាដោយសារជាប់រវល់ធ្វើការងារម៉ៅការសំណង់ កន្លែងផ្សេងៗ មិនបានទៅមើលសម្ភារ:អស់ទាំងនោះនៅផ្ទះជួលខាងលើ។ លុះដល់ថ្ងៃទី២៧ ខែធ្នូ ក្រុមហ៊ុនដេញថ្លៃសំណង់បាន នៅខាងខេត្តកំពង់ចាម ត្រូវរៀបចំឥវ៉ាន់សម្ភារ: បរិក្ខាអគ្គីសនី នៅថ្ងៃទី២៩ ខែធ្នូ ស្រាប់តែបាត់ឥវ៉ាន់អស់ ទើបកើតការសង្ស័យ ទៅលើក្រុមកម្មករដែលស្នាក់នៅចាំផ្ទះ ក៏ហៅមកសួរពុំមានលទ្ធផល ទើបចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៕