ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ដែលជាប់ ព័ន្ធទៅនឹងសកម្មភាពចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួនជាបន្ដបន្ទាប់ ពេលខណៈបញ្ជាការ ឯកភាពខណ្ឌ បានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យអាវុធ ជាតិផ្ទុះ នៅតាមបណ្ដោយផ្លូវលេខ១៦៩ មុខវិទ្យាល័យបាក់ទូក សង្កាត់វាលវង់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៤ ។
ជនសង្ស័យទី១ ឈ្មោះឃីម យ៉ាដេត អាយុ២០ឆ្នាំ មុខរបរលក់ឥវ៉ាន់ រស់នៅភូមិ ពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ទី២ ឈ្មោះសួង រស្មី អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិពុកឫស្សី ដោយ ឡែកជនសង្ស័យទី៣ ដែលចាប់បានតាមផ្លូវ រថភ្លើង ឈ្មោះប៊ុន ស៊ីណាត អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ។
ជនសង្ស័យពីរនាក់ ត្រូវបាន ឃាត់ខ្លួនពេលជិះម៉ូតូឆ្លងកាត់ប៉ុស្ដិ៍ត្រួតពិនិត្យ ដោយរកឃើញ ថ្នាំញៀនប្រភេទក្រាមពណ៌ថ្លា ពីរកញ្ចប់តូច និងម្សៅគ្រាប់ពណ៌ផ្កាឈូក មួយកញ្ចប់តូច ដោយឡែកជនសង្ស័យម្នាក់ ទៀត ដែលជាបក្ខពួក ត្រូវបានតាមចាប់ខ្លួន នៅចំណុចផ្លូវថ្នល់រថភ្លើងសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅយប់ថ្ងៃដដែលនោះ ។
បើតាមសមត្ថកិច្ច ក្រៅពីដកហូតវត្ថុ តាងជាថ្នាំញៀនខាងលើនេះ សមត្ថកិច្ចក៏បាន ដកហូតម៉ូតូមួយគ្រឿងម៉ាកសេ១១០ ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BN-4235 ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបាន ឃុំខ្លួនជាបណ្ដោះ អាសន្ននៅអធិការ ដ្ឋាននគរ បាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្ដតាមផ្លូវច្បាប់ ៕