កំពង់ឆ្នាំង៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម ឧត្តមសេនីយ៍ មាស សុភា អគ្គបញ្ជាការរង កងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីការខ្សែបូ សម្ពោធបើកការដ្ឋានវាយថ្មសំណង់ មួយកន្លែងរបស់នាយកដ្ឋាន អភិវឌ្ឍន៍នៃក្រសួងការពារជាតិ សហការជាមួយក្រុមហ៊ុន៦២២នៃយោធភូមិភាគទី៩ របស់កងទ័ពនៃសាធាណរដ្ឋសង្គមនិយមវៀតណាម ដែលមានទីតាំង នៅចំណុចភ្នំដំរីរមៀល ស្ថិតក្នុងភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស សុភា អគ្គបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងឯកឧត្តម វៀង ស៊ុនទី មេបញ្ជាការរងយោធភូមិភាគទី៩ នៃកងទ័ពសាធាណរដ្ឋសង្គមនិយមវៀតណាម ដែលមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្នុងនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ ក្នុងស្ថាប័នមន្ទីឬជុំវិញខេត្ត ជាច្រើនកុះករ ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម មាស សុភា បានឡើងថ្លែងសុន្ទរកថា ស្វាគមន៍ និង គូរសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃបានធ្វើការបើកទ្វារចំហទាំងស្រុងចំពោះក្រុមហ៊ុនអភិវឌ្ឍន៍នានាទូទាំងសកលលោក ដើម្បីចូលមកធ្វើវិនិយោគក្នុងប្រទេសកម្ពុជា មិនថាតែក្រុមហ៊ុនរបស់ប្រទេសវៀតណាមមួយនោះទេ ការលើកឡើងនេះ ឯកឧត្តមសំដៅជួយអំពាវនាវដល់បណ្តាប្រទេសទាំងឡាយ ដែលមានបំណងចូលមកវិនិយោគទុនក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងជួយបង្កលក្ខណអោយប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើក៏ដូចជារកចំណូលទុនជូនរដ្ឋ និង កាត់បន្ថយភាពក្រីក្រតាមយុទ្ធសាស្ត្រចតុកោណបស់រាជរដ្ឋាភិបាលកម្ពុជា ។ ជាក់ស្តែងសព្វថ្ងៃ ក្រុមហ៊ុនរបស់ប្រទេសវៀតណាមបានសហការវិនិយោគក្នុងប្រទេសកម្ពុជា ជាច្រើនកន្លែងដូចជាដំណាំចំការកៅស៊ូ ដំណាំស្រូវ សម្រាប់ខេត្តកំពង់ឆ្នាំង ធ្វើការវិនិយោគឧស្សាហកម្ម ការដ្ឋានវាយថ្មសំណង់នៅភ្នំដំរីរមោលនេះជាដើម នេះជាកត្តាជួយបង្កលក្ខណៈអោយបងប្អូនប្រជាពលរដ្ឋដែលមិនមានការងារធ្វើ អោយមានការងារធ្វើ ដើម្បីចិញ្ចឹមគ្រួសារ ទន្ទឹមនិងនោះព្រះរាជាណាចក្រកម្ពុជានៅបានបង្កលក្ខណៈអោយមានការវិនិយោគដូចជាការជួលដីសប្បទានដើម្បីធ្វើរោងចក្រ ឬកសិកម្មផ្សេងៗដើម្បីទាញផលប្រយោជន៍រកចំណូលជូនរដ្ឋ ។
នៅក្នុងឱកាសបើកពិធីសម្ពោធនោះផងដែរ ក៍មានការចុះអនុសារណៈរវាងក្រុមហ៊ុន ផលិត និងក្រុមហ៊ុនបញ្ជាទិញ ដែលបានចុះហត្ថលេខាព្រមព្រៀងទៅវិញទៅមកផងដែរ ។
ជាទីបញ្ចប់ ឯកឧត្តម មាស សុភា ព្រមទាំងឯកឧត្តម វៀង ស៊ុនទី បានអញ្ចើញកាត់ខ្សែបូ បើកការដ្ឋាន និងពិនិត្យគ្រឿងចក្រ ព្រមទាំងទីតាំងការការដ្ឋានជាកិច្ចបញ្ចប់កម្មវិធី ៕ ដោយ គិរី ពេជ្រ