ភ្នំពេញ៖ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនរាយការណ៍ថា យន្តហោះមួយគ្រឿងធុន A 320 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីមានតម្លៃសំបុត្រថោក AIR ASIA បានបាត់ដានថ្ងៃទី២៨ ធ្នូ តាមផ្លូវហោះហើររវាងឥណ្ឌូណេស៊ី និងសិង្ហបុរី ជាមួយមនុស្សជិះ១៦២នាក់ ។
ក្នុងសេចក្តីប្រកាសមួយផ្សាយតាមអ៊ីនធើរណេត សាខាក្រុមហ៊ុននេះ គឺ AIR ASIA INDONESIA និយាយថា ក្រុមហ៊ុនសូមសម្តែងការសោកស្តាយដោយបញ្ជាក់ថា យន្តហោះជើងហោះហើរ QZ 8501 ដែលហោះហើរពីទីក្រុងសូរ៉ាបាយ៉ាទៅសាំងហ្គាពួរ បានបាត់ការទាក់ទងនាវេលាម៉ោង៧និង២៤នាទីព្រឹកម៉ោងក្នុងស្រុក ។ អគ្គនាយកអាកាសចរណ៍ស៊ីវិលឥណ្ឌូណេស៊ី លោក DJOKO MURJATMODJO បញ្ជាក់ប្រាប់ AFP ថា យន្តហោះធុន A 320-200 នោះមានសមាជិកក្រុមយានិក៧នាក់ និងអ្នកដំណើរ១៥៥នាក់ ក្នុងនោះមានកុមារ១៦នាក់ និងកូនង៉ែតម្នាក់ ។ យន្តហោះជើងហោះហើរ QZ 8501 នោះបានចាកចេញពីព្រលានយន្តហោះស៊ីវិលឥណ្ឌូណេស៊ី JUANDA ក្រុងស៊ូរ៉ាបាយ៉ា នៃកោះជ្វារបស់ឥណ្ឌូណេស៊ី នាវេលាម៉ោង៥និង២០នាទី ហើយត្រូវទៅចុះនៅព្រលានយន្តហោះ CHANGI របស់សិង្ហបុរីនាវេលាម៉ោង៨និង៣០នាទី ។
យោងតាមសេចក្តីប្រកាសមួយរបស់អាកាសចរណ៍ស៊ីវិល សិង្ហបុរីថា ការទាក់ទងបានដាច់ក្នុងដែនអាកាសឥណ្ឌូណេស៊ី ចម្ងាយប្រមាណជា៣៥០គីឡូម៉ែត្រភាគអាគ្នេយ៍រវាងព្រំដែននៃតំបន់ផ្តល់ ព័ត៌មានការហោះហើរក្រុងហ្សាការតា និងក្រុងសាំងហ្គាពូរ ។ ក្រុមហ៊ុន AIR ASIA គូសបញ្ជាក់ថា ប្រតិបត្តិការតាមរុករកត្រូវបានធ្វើដើម្បីប៉ុនប៉ងរកកន្លែងដែល យន្តហោះនេះធ្លាក់ ។ ក្រុមហ៊ុនគូសបញ្ជាក់ថា សម្រាប់ពេលនេះយើងនៅពុំទាន់ទទួលបានព័ត៌មានដទៃទៀតអំពីសភាពការណ៍ របស់អ្នកដំណើរ និងរបស់សមាជិកក្រុមយានិកនៅឡើយ ។ ប្រតិបត្តិការរុករកត្រូវបានធ្វើដោយមជ្ឈមណ្ឌលរុករក និងជួយសង្គ្រោះកោះ BANGKA ក្នុងសមុទ្រកោះជ្វា ។
គួរកត់សម្គាល់ថា ឆ្នាំ២០១៤ ជាឆ្នាំខ្មៅសម្រាប់អាកាសចរណ៍ម៉ាឡេស៊ី ជាមួយការបាត់បង់យន្តហោះ២គ្រឿងរបស់ក្រុមហ៊ុនជាតិម៉ាឡេស៊ី MALAYSIA AIRLINES។ ថ្ងៃទី៨ មីនា យន្តហោះធុនប៊ូអ៊ីង៧៧៧មួយគ្រឿង ជើងហោះហើរ MH 370 បានបាត់ដានក្រោយហោះចេញពីទីក្រុងគូឡាឡាំពួរបន្តិចឆ្ពោះទៅកាន់ ក្រុងប៉េកាំង ជាមួយមនុស្សជិះក្នុងនោះ២៣៩នាក់ ។ ការបាត់ដានយន្តហោះនេះនៅតែជារឿងអាថ៌កំបាំងមកទល់ពេលនេះ ។ រួចថ្ងៃទី១៧ កក្កដា យន្តហោះធុនប៊ូអ៊ីង៧៧៧មួយគ្រឿងទៀតរបស់ក្រុមហ៊ុននេះដែរ ដែលហោះហើររវាងក្រុងអាមស្ទ័រដាម ប្រទេសហូឡង់ និងក្រុងគូឡាឡាំពួរ បានផ្ទុះធ្លាក់ប្រហែលជាត្រូវគ្រាប់មីស៊ីលមួយគ្រាប់ពេលហោះហើរ ពីលើភាគខាងកើតអ៊ុយក្រែនជាមួយមនុស្សជិះ២៩៨នាក់ ក្នុងនោះមានជនជាតិហូឡង់១៩៣នាក់ ។
មនុស្សជិះក្នុងយន្តហោះបាត់ដានមានជនជាតិឥណ្ឌូណេ ស៊ី១៥៦នាក់យោងតាមអាកាសចរណ៍ស៊ីវិលឥណ្ឌូណេស៊ីថា យន្តហោះជើងហោះហើរ QZ 8501 នេះ មានជនជាតិឥណ្ឌូណេស៊ី១៥៦នាក់ កូរ៉េខាងត្បូង៣នាក់ ម៉ាឡេស៊ីម្នាក់ សិង្ហបុរីម្នាក់ និងបារាំងម្នាក់ ។ យោងតាមក្រុមហ៊ុន AIR ASIA ថា មេបញ្ជាការយន្តហោះនេះជាមនុស្សមានបទពិសោធន៍ខ្ពស់ ដែលបានបំពេញការហោះហើរដល់ទៅ៦១០០ម៉ោង ហើយសហអ្នកបើកក៏ធ្លាប់បំពេញការហោះហើរ២២៧៥ម៉ោងដែរ ។ យន្តហោះស្នើប្តូរទិសហោះហើរយន្តហោះបាត់ដាននេះ បើតាមសារមួយរបស់ក្រុមហ៊ុនផ្សាយតាម FACEBOOK ថា បានស្នើសុំផ្លាស់ប្តូរទិសហោះហើរមកពីលក្ខខណ្ឌឧតុនិយមមុនពេលបាត់ ការទាក់ទងជាមួយអាជ្ញាធរអាកាសចរណ៍ ។ ការទាក់ទងជាមួយយន្តហោះបានបាត់ពេលវាស្ថិតក្រោមការត្រួតពិនិត្យនៃ អាជ្ញាធរហោះហើររបស់ឥណ្ឌូណេស៊ី ៕
» ព័ត៌មានជាតិ » យន្តហោះក្រុមហ៊ុន Air Asia ១គ្រឿង បាត់ដាន